គួរបញ្ឈប់ការទទួលទានសាច់ព្រៃ

តាមព័ត៌មានដែលទទួលបានជាហូរហែរក្រៅផ្លូវការអំពីការបន្តចរាចរណ៍សាច់សត្វព្រៃទោះបីជាអ្នកអភិរក្ស ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច បានប្រឹងប្រែងចាត់វិធានការជាបន្តបន្ទាប់ក៏ដោយ។

នៅក្នុងរដូវសម្រាកពេលភ្ជុំបិណ្ឌកន្លងមកនេះ ប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅតំបន់ឆ្ងាយៗពីរាជធានី ជាពិសេសគឺនៅតំបន់ដែលសំបូរព្រៃ ដូចជា រមណីដ្ឋានមួយចំនួននៅក្នុងខេត្តពោធិសាត់ ស្ទឹងត្រែង មណ្ឌលគីរី រតនគិរី ក្រចេះ សៀមរាប និងព្រះវិហារជាដើម ហើយសូម្បីតែខេត្តកំពង់ធំ ក៏មានបញ្ជីម្ហូប អាហារ និង សាច់សត្វព្រៃលក់ដែរ ដោយកន្លែងខ្លះលក់ដោយចំហរតែម្តងក៏មាន។ នេះបើតាមសម្ដីរបស់ ប្រជាពលរដ្ឋដែលបានធ្វើដំណើរកំសាន្តនៅតាមរមណីដ្ឋាននានា កាលពីសម្រាកកន្លងទៅ ហើយយកមក ចែកចាយព័ត៌មានគ្នាទៅវិញទៅមកនៅតាមបណ្តាតុកាហ្វេមួយចំនួន។

នៅក្នុងចំណោមពពួកសាច់សត្វព្រៃដែលពួកគេបានអះអាងថា សំបូរនិងងាយស្រួលរកជាងគេគឺមាន ពពួកសត្វជ្រូកព្រៃ ឈ្លូស ប្រើស ពពួកសាច់ដែលស្រដៀងនឹងសាច់គោ និង ពពួកសត្វស្លាបមួយចំនួន។ ក្រៅពីនោះក៏មានប្រភេទសត្វល្មូនមួយចំនួន ដូចជាអណ្តើក ពស់ និង ត្រកួត ជាដើម។

យើងខ្ញុំមិនដឹងថា តើព័ត៌មាននេះពិតឬមិនពិតនោះទេ ប៉ុន្តែសូមអាជ្ញាធរយកចិត្តទុកដាក់លើបញ្ហានេះ ប៉ុន្តែចំណុចមួយដែលយើងខ្ញុំអាចធ្វើបាននោះ គឺព្យាយាមបញ្ជូនសារទៅលោកអ្នកថា គួរតែនាំគ្នាបញ្ឈប់ការទទួលទានសាច់សត្វព្រៃ ពីព្រោះថា ប្រសិនបើយើងនៅតែបន្តទទួលទាន នោះជនខិលខូចនឹងនៅតែបន្តលុកលុយព្រៃទៅប្រមាញ់និងរំខានដល់ជីវិតពពួកសត្វព្រៃទាំងនេះ ដែលកំពុងតែរស់នៅយ៉ាងសុខសាន្តនៅក្នុងព្រៃ។

សាច់សត្វព្រៃទាំងនេះវាគ្មានអ្វីខុសគ្នាពីសាច់ជ្រូក សាច់គោ និងបណ្តាសាច់សត្វស្រុកដែលយើងទាំងអស់ គ្នាចិញ្ចឹមនោះទេ ហើយពេលខ្លះវាក៏អាចនឹងមានគ្រោះថ្នាក់ផងដែរ ពីព្រោះថា យើងមិនអាចគ្រប់គ្រងបានទេថា ពពួកសត្វព្រៃទាំងនោះវាផ្ទុកនូវជំងឺអ្វីខ្លះ បាក់តេរីអ្វីខ្លះនោះ​ឡើយ។ កាល​ពីប៉ុន្មានឆ្នាំមុន អ្នកទទួលទានសាច់សត្វព្រៃប៉ុន្មាននាក់បានស្លាប់ និង មួយ​ចំនួន​បាន​ចូលបន្ទប់​សង្រ្គោះបន្ទាន់​នៅ​មន្ទីរពេទ្យព្រោះតែ​​ឆ្លងបាក់តេរីពីសាច់សត្វព្រៃទាំងនោះ។

សាច់សត្វណាក៏ដូចគ្នាដែរ វាគ្មានសារធាតុប៉ូវ លើកកម្ពស់សុខភាពឲ្យពិសេសអ្វីខុសគ្នាច្រើន ដូចជាគេល្បី ថា ទទួលសាច់នេះទៅសុខភាពល្អ ខ្លាំងកម្លាំងមាំមួននោះទេ ឬសត្វនេះអាច​ឲ្យ​ជាសះស្បើយ​ពីជំងឺអ្វីនោះទេ។ ទាំងនេះគឺគ្រាន់តែជាជំនឿ ដែលចេះតែផ្សព្វផ្សាយតៗគ្នាដោយគ្មានការពិសោធត្រឹមត្រូវឡើយ។ សាច់សត្វទាំងនោះ គឺគ្មានអ្វីក្រៅពីប្រូតេអ៊ីន ខ្លាញ់ និង សារធាតុចិញ្ចឹម​មួយចំនួន ដូចគ្នានឹងសាច់សត្វយើងចិញ្ចឹមនៅក្នុងស្រុកនោះទេ។

សរុបមកវិញ ប្រសិនបើយើងទាំងអសគ្នាឈប់ទទួលទានសាច់សត្វព្រៃនោះ ការបរបាញ់ក៏គ្មានដែរ ហើយ សូមកុំពោលតែមាត់ថា ស្រឡាញ់ ប៉ុន្តែពេលដែលចូលព្រៃចេះតែនឹកឃើញពពួកសត្វទាំងនេះ។ បើយើងមិនហូប គ្មានការបរបាញ់ សត្វព្រៃទាំងនោះបន្តរស់នៅក្នុងដែនជីវៈរបស់វា ក៏វាមានប្រយោជន៍​សម្រាប់បរិស្ថាននិងវដ្តនៃជីវៈធម្មជាតិ ពោលគឺវាអាចជួយរក្សាលំនឹងធម្មជាតិនៅក្នុងប្រទេសយើងបាន៕

Add new comment

5 + 3 =