គួរតែរួមគ្នាបញ្ឈប់អំពើហិង្សាគ្រប់ទម្រង់ ហើយងាកមកដោះស្រាយដោយសន្តិវិធី

នៅ​លើ​បណ្តាញ​សង្គម​ប៉ុន្មាន​ថ្ងៃនេះ យើង​សង្កេត​ឃើញ​រូបភាពនៃអំពើហិង្សាមាន​ច្រើន ក្នុងសង្គមជីវភាពប្រចាំថ្ងៃរបស់ប្រជាជន​ខ្មែរ។

នៅក្នុងគ្រួសារទំនាស់និងការឈ្លោះប្រកែកព្រមទាំងខ្វែងគំនិតគ្នាគឺជារឿងដែលជៀសមិនរួច ហើយឪពុកម្តាយឬអាណាព្យាបាលស្តីប្រដៅនិងវាយកូនខ្លះៗក៏ប្រហែលជារឿងដែលតែងតែកើតមានជាទូទៅនៅក្នុង សង្គមគ្រួសារភាគច្រើន។ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​ការ​អត់​ធ្មត់ និង​ចេះ​ទប់​កំហឹងរបស់​ខ្លួន​រៀងៗខ្លួន។ មនុស្ស​ម្នាក់​ៗ​​នៅ​ពេល​ខឹង ប្រាកដ​ណាស់​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ឡើយ ចិត្ត​មានះ និង​ចង់​ឈ្នះ​តែង​កើត​មាន​ឡើង​ជា​រឿយៗ ដែលនាំ​ឲ្យ​ខ្លួន​ពិបាក​ប្រឈម​មុខ​និង​អាច​ដោះ​ស្រាយបញ្ហា​បាន​ដោយ​សន្តិវិធី។

ភាព​ជា​មនុស្ស មិន​ត្រឹម​តែ​មាន​ចំណុច​ខ្លាំង​ តែ​ក៏​​មាន​ភាព​ទន់​ខ្សោយ​របស់ខ្លួន​រៀង​ខ្លួន ដូច្នេះ ក្នុង​គ្រួសារ​មួយ​ត្រូវ​តែ​អត់​ទោស​ឲ្យ​គ្នាទៅវិញ​ទៅមក។ ក្នុងគម្ពីរ​គ្រីស្ត​បរិស័ទ​តែ​ង​លឺ​ថា ត្រូវ​អត់​ទោស​ឲ្យ​គ្នា​មិន​មែន​តែ​៧​ដង​ តែ​៧ដង​៧០​ដង​។ តាម​ជន​ជាតិ​យូដា ៧​ដង​ ៧០​ដង គឺ​មាន​ន័យ​ថា ត្រូវ​អត់ទោស​ឲ្យ​គេ​រហូត​។ ហេតុ​នេះ ការ​រស់នៅ​ជា​ក្រុម​គ្រួសារ​ មិន​ថាគ្រួសារ​ប្រភេទណា វណ្ណៈ ឬ​កម្រិត​ណា ត្រូវ​តែ​ចេះ​យោគ​យល់​គ្នា និងអត់​ទោស​ឲ្យគ្នា ដើម្បី​ឲ្យ​គ្រួសារ​នោះ អាច​ទៅមុខ​ដោយ​សុភមង្គល។

ជាការពិតទំនាស់វាមិនដែលកើតមានដោយសារតែភាគីម្ខាងនោះទេ ដូច្នេះនៅពេលដែលមានទំនាស់ឬក៏ការខ្វែងគំនិតគ្នានោះគួរតែមានវិធីសាស្រ្តកាត់បន្ថយ ដោយម្យ៉ាងនៅពេលដែលឃើញភាគីម្ខាងទៀតខឹង ហើយនោះ គួរតែអត់ធ្មត់ទប់អារម្មណ៍កុំអាលឆ្លើយឆ្លង។  អំពើហិង្សាកន្លងមកភាគច្រើនតាមការ សង្កេតរបស់យើងខ្ញុំ វាច្រើនតែកើតចេញពីការឌឺដងដាក់គ្នាផងដែរ ដោយនៅពេលដែលភាគីម្ខាងកំពុងតែខឹង ហើយនោះ ភាគីម្ខាងទៀតឌឺ។ សកម្មភាពឌឺដាក់គ្នាចុះឡើងនោះហើយដែលនាំឲ្យកើតមានជា អំពើ ហិង្សា កើតឡើង ។

សម័យកាលនេះហើយយើងទាំងអស់គ្នាគួរតែកុំប្រើអំពើហិង្សាមកដោះស្រាយបញ្ហាទៀតទៅ ខុសត្រូវគ្នា ឬខ្វែងគំនិតគ្នាយ៉ាងណាពេលដែលអារម្មណ៍ក្តៅក្រហាយទប់លែងបានគួរតែដើរចេញ ហើយពិចារណា រកកំហុសរៀងៗខ្លួនទៅ។

សរុបសេចក្តីមក អំពើហិង្សាគ្រប់ទម្រង់គួរតែបញ្ចប់ ហើយជាពិសេសបើអាចបានគួររួមគ្នារស្វែងរកដំ​ណោះស្រាយបញ្ចប់ឲ្យបាននូវអំពីហិង្សានៅក្នុងគ្រួសារ។ អំពើហិង្សាគឺជាអំពើឧក្រិដ្ឋមួយ ដែលអាចនឹងមានទោសទណ្ឌរហូតដល់ដល់កម្រិតព្រហ្មទណ្ឌ៕

Add new comment

13 + 5 =