កុំត្អូញត្អែររឿងស្ទះចរាចរណ៍ គួរនាំគ្នាគោរពច្បាប់ចរាចរណ៍វិញ!

មួយរយៈពេលនេះ​ ការកកស្ទះចរាចរណ៍ត្រូវបានគេត្អូញត្អែរជាបន្តបន្ទាប់ ជាពិសេសនៅម្តុំច្បារអំពៅ ចំការដូង ស្ទឹងមានជ័យ ... ប៉ុន្តែសូមកុំត្អូញត្អែរ គួរនាំគ្នាគោរពច្បាប់ចរាចរណ៍វិញ ដើម្បីសុវត្ថិភាពរបស់យើងទាំ​ងអស់គ្នា។

រឿងកកស្ទះចរាចរណ៍នៅពេលបច្ចុប្បន្ននេះ វាគឺជាបញ្ហាសង្គមមួយ ដែលយើងមិនអាចប្រកែកបាន ហើយបញ្ហានេះវាមិនមែនកើតតែនៅក្នុងសង្គមកម្ពុជានោះទេ វាគឺជាបាតុភាព និងបញ្ហាសង្គមកើតមានសឹងតែគ្រប់ទីក្រុងធំៗ ករណីដូចជាទីក្រុងបាងកក ហាណូយ ហូជីមិញ ហ្សាកាតា​ ម៉ានីល ជាដើម ។ បញ្ហាកកស្ទះនេះ ជាទូទៅវាកើតមានតាមពេលវេលា ហើយទីណាក៏ដូចជាទីណាដែរ គឺពិបាកដោះស្រាយបំផុត ក្រោយពេល ដែលម្នាក់ៗនាំគ្នាទិញយានយាន្តគ្រប់គ្នា ក្រោយពេលដែលខ្លួនយើង គ្រួសារ និងសង្គម កាន់តែមានវឌ្ឈនភាព ខណៈដែលយើងចង់បាន អ្នកដទៃទៀតក៏ចង់បាន ហើ​យផ្លូវ និងហេដ្ឋារចនាសម្ពន្ធនានា ទាំងនៅកម្ពុជា នៅ ថៃ នៅ វៀតណាម ហ្វីលីពីន ... គឺនៅដដែលនោះ។

ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នេះ រាជរដ្ឋាភិបាលនិងអាជ្ញាធរក៏ខំណាស់ដែរ ប៉ុន្តែនៅតែដោះមិន​ចេញ ដោយខិតខំតាំងពីកសាងស្ពានអាកាស រៀបចំភ្លើងស្តុបបញ្ជាចរាចរណ៍ ពង្រីកផ្លូវ ដាក់ឲ្យដំណើរការមធ្យោបាយដឹកជញ្ជូនសាធារណៈ ... ប៉ុន្តែវានៅតែដដែល ហើយស្ថានភាពវាកាន់តែអាក្រក់ទៅៗ ជាបន្តបន្ទាប់។​

តាមការសង្កេតរបស់យើងខ្ញុំ បញ្ហាកកស្ទះនេះ ពេលខ្លះបន្ទោសនរណាក៏មិនកើត ប៉ុន្តែពេលខ្លះ គឺកើតមា​នដោយសារតែការយើងទាំងអស់គ្នា ដែលមិនគោរពភ្លើងសញ្ញាបញ្ជាចរាចរណ៍ដែរ។ បញ្ហានេះ គឺកើតមា​នញឹកញាប់ ខណៈដែលផ្លូវមួយចំហៀងស្ទះ ផ្លូវមួយចំហៀងមិនស្ទះ ហើយត្រូវការបត់ ប៉ុន្តែជាទូទៅអ្នកបើកបរនៅលើផ្លូវដែលស្ទះ ឧស្សាហ៍មិនគោរពភ្លើងបញ្ជាចរាចរណ៍ណាស់ ទោះបីជាភ្លើងក្រហមក៏ដោយក៏នៅតែទៅមុខ។ ចំណុចនេះ អ្នកដែលបើកបរទាំងឡាយ​ត្រូវគោរពចំពោះអ្នកបើ​កបរឯទៀត បើ​ឃើញ​ផ្លូវ​បំបែក​ខាង​មុខ​ស្ទះទៅមិន​រួច​នៅ​ផ្លូវ​បំបែក គួរ​ទុក​ចន្លោះ​ផ្លូវ​នោះ ឲ្យ​យាន​ដទៃទៀត បាន​ឆ្លងកាត់ ដើម្បីកុំឲ្យ​ស្ទះ​ផ្លូវ​ទាំង​អស់​គ្នា។ នេះ​ជា​ឥរិយាបទ​យោគ​យល់​មួយ​ ដែល​អ្នក​បើក​បរ​យាន​យន្ត​ទាំង​ឡាយ ត្រូវ​អនុវត្ត ដើម្បីបញ្ចៀសការកក​ស្ទះ​ចរាចរណ៍​។ ម្យ៉ាងវិញទៀត អ្នក​បញ្ជា​យាន​ទាំង​ឡាយ ក៏​សូម​រិះគិតនៅពេលមាន​កកស្ទះចរាចរណ៍ សូម​កុំ​យក​ផ្លូវ​ម្ខាងទៀត​ បើក​បរ​ឲ្យ​សោះ ព្រោះ​ធ្វើ​ដូច្នេះ នាំ​ឲ្យ​កកស្ទះ​កាន់តែ​ខ្លាំង​ទៅៗ ដែល​ទង្វើ​នេះ យើង​ទាំង​អស់​គ្នា​ឧស្សាហ៍​មើល​ឃើញ​ច្បាស់​នៅតាម​ដង​ផ្លូវ​ជាតិ​នីមួយៗ ដែល​ត្រូវ​ចំណាយពេល​រាប់​ម៉ោង​ដើម្បីដោះ​ស្រាយ​ឲ្យ​វិល​ទៅ​រក​ប្រក្រតីឡើងវិញ។

សរុបមកវិញ ដើម្បីដោះស្រាយបញ្ហាកកស្ទះនេះបាន គឺគ្មានអ្វីក្រៅពីការចូលរួមពង្រឹងនិងគោរពច្បាប់ចរាចរណ៍ គោរពភ្លើងសញ្ញាចរាចរណ៍ អធ្យាស្រ័យ អត់ធ្មត់នៅក្នុងការបើកបរ និង គោរពសិទ្ធិគ្នាទៅវិញទៅមក និង​ដឹងផ្លូវអទិភាពនោះឡើយ៕

Add new comment

11 + 0 =