ការឆ្លងក្នុងសហគមន៍ពេលនេះទំនងជាអាក្រក់ជាងមុន ប៉ុន្តែសូមកុំតក់ស្លុតហើយកុំប្រហែសខ្លួន

ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ ទំនងជាអាចនឹងអាក្រក់ជាងព្រឹត្តិការណ៍៣វិច្ឆិកា និង២៨វិច្ឆិកា ដោយសារតែយើងទាំងអស់គ្នាភ្លេចខ្លួនហើយភាគច្រើនហាក់ធ្វេសប្រហែសឬមើលស្រាលចំពោះវិធាន៣ការពារនិង៣កុំដែល ដាក់ចេញដោយរាជរដ្ឋាភិបាល។

ក្រោយពេលដែលទទួលបានបទពិសោធន៍ក្រោយការផ្ទុះព្រឹត្តិការណ៍៣វិច្ឆិកា និង២៨វិច្ឆិកា រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការណ៍៣កុំ និង ៣ការពារនេះ គឺ “ កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក, កុំទៅកន្លែងមនុស្សច្រើនកុះករ, និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា ជាដើម ហើយនិង ពាក់ម៉ាស់, លាងដៃ, គន្លងសុវត្តិភាពនិងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ នៅគ្រប់ទីកន្លែង”។

ប៉ុន្តែម្នាក់ៗហាក់មើលស្រាលហើយភ្លេចខ្លួន ហើយធ្វេសប្រហែសរហូតដល់ផ្ទុះព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈនេះឡើង។ នេះមិនមែនជាការស្តីបន្ទោសគ្នានោះទេ ប៉ុន្តែគឺជាការពញាក់ស្មារតីដើម្បីកុំឲ្យព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈនេះ អូសបន្លាយយូរ ព្រោះការ​​អូសបន្លាយយូរ ផលប៉ះពាល់សង្គមជីវភាពនិងជីវិតរបស់យើងទាំងអស់គ្នា ក៏អាក្រក់ទៅតាមហ្នឹងដែរ។ ដូច្នេះសូមកុំស្ទាក់ស្ទើរនៅក្នុងការអនុវត្តនូវវិធានការ៣កុំ និង៣ការពារនេះឲ្យបាន ខ្ជាប់ខ្ចួន។

ថ្វីត្បិតតែនៅពេលដែលផ្ទុះព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី១ និងថ្ងៃទី២ នៃព្រឹត្តិការណ៍ គឺរកឃើញ ករណីវិជ្ជ​មាន​សុទ្ធតែជាជនបរទេស ប៉ុន្តែនៅថ្ងៃទី៣នេះ ពលរដ្ឋខ្មែរក៏​ត្រូវបានរកឃើញអ្នកដែលមាន​វិជ្ជមានដែរ ដោយ​សារតែការឆ្លងមេរោគកូវីដ១៩នេះហើយ ដូច្នេះទាំងអស់គ្នាត្រូវតែចូលរួមអនុវត្តន៍​វិធានទាំងនេះ ឲ្យខានតែបាន។ ក្រោយពេលដែលទទួលព័ត៌មានថាពួកគេគឺជាជនបរទេស ពលរដ្ឋយើងខ្លះនៅតែបន្តធ្វេសប្រហែ​ស​ដដែលរឿងវិធាន៣កុំ និង៣ការពារនេះ ប៉ុន្តែកុំភ្លេចថា ពួកគេជាជនបរទេសមែន ប៉ុន្តែពួកគេនៅកម្ពុជា ធ្វើការនៅកម្ពុជា រកស៊ី ប្រកបរបរទទួលទាន នៅកម្ពុជា ដូច្នេះពួកគេមានទំនាក់ទំនង នឹងពលរដ្ឋកម្ពុជាយើងគឺជារឿងជៀសមិនរួចឡើយ ដូច្នេះសូមកុំសន្តិភាពនិយម នាំឲ្យសភាពការណ៍នៃព្រឹត្តិការណ៍នេះកាន់តែធំជាងមុន។ ការបន្តមើលស្រាលគឺជាគ្រោះថ្នាក់របស់យើងម្នាក់ៗ របស់គ្រួសារយើង របស់សហគមន៍យើង ហើយ សូមកុំ មោទនភាពឲ្យសោះនៅពេលដែលឃើញថា ការឆ្លងមេរោគកូវីដ ១៩ គឺបន្តមាន តែនៅតែមិនទាន់មាន អ្នកស្លាប់ ។ នៅពេលនេះកម្រិតនៃការឆ្លងមេរោគកូវីដ ១៩ គឺនៅក្នុងកម្រិតនៃការគ្រប់គ្រងបាន ដូច្នេះសមត្ថភាពនៃការឆ្លើយតបផ្នែកវេជ្ជសាស្រ្ត និងក្រុមគ្រូពេទ្យយើងអាចដោះស្រាយបាន ប៉ុន្តែប្រសិនបើយើងមិនចូលរួម ការពារខ្លួន ហើយបណ្តែតបណ្តោយឲ្យឆ្លងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងជាគំហុក បន្តបន្ទាប់នោះ នៅពេលនោះ យើងអាចនឹងជួបឧបសគ្គ ហើយការឆ្លើយតបនឹងការសង្រ្គោះពីក្រុមគ្រូពេទ្យក៏អាចនឹងជួបបញ្ហាឆកល្វែងណាមួយផងដែរពីព្រោះសមត្ថភាពនិងកម្លាំងរបស់ពួកគាត់ក៏មានព្រំដែនកំណត់ដែរ។

ដូច្នេះដើម្បីកុំឲ្យយើងទាំងអស់គ្នាមានបញ្ហា គឺមានតែការពារខ្លួនយើង កុំឲ្យឆ្លងមេរោគគឺជា រឿងដ៏ប្រសើរបំផុត ហើយអ្នកដែលស្ថិតនៅក្នុងក្រុមការងារអទិភាពនិងមានស្ថានភាព សុខភាពអាចទទួលវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩បាន សូមកុំស្ទាក់ស្ទើរ នៅក្នុងការទទួលវ៉ាក់សាំងនេះ ដោយសារតែពេលនេះយើងមានវ៉ាក់សាំងខ្លះហើយ៕

 

Add new comment

7 + 2 =