ករណីគ្រោះថ្នាក់ចរាចរចណ៍រវាងរថភ្លើងនិងយានយន្តគ្រប់ប្រភេទមិនមែនជាកំហុសអ្នកបើករថភ្លើងទេ

រថភ្លើងគឺជាយានមួយប្រភេទ ដែលមានសិទ្ធិអទិភាពរបស់វា ហើយវារត់តែនៅលើផ្លូវរបស់វាតែប៉ុណ្ណោះ ដូច្នេះរាល់បញ្ហាគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងនិងយានយន្តដទៃទៀត គឺមិនមែនជាកំហុសរបស់អ្នកបើករថភ្លើងនោះទេ ជាពិសេសករណីនៅក្នុងស្រុកយើង ដែលមានផ្លូវរថទោលបែបនេះនោះ ។

សូមអ្នកបើកបរនិងប្រជាពលរដ្ឋទាំងអស់យល់ដឹង និងបញ្ជៀសខ្លួនចេញពីផ្លូវរថរបស់វា ពីព្រោះវាគឺជាយានដែលមានប្រព័ន្ធហ្រ្វាំងមិនអាចដំណើរការបានភ្លាមៗនៅពេលដែលមានមានឧបសគ្គនៅខាងមុខបានឡើយ ទោះបីជាអ្នកបើកនោះបានឃើញជាមុនក៏ដោយ។ ដូច្នេះ មានតែយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នប៉ុណ្ណោះពេលដែលឆ្លងកាត់ផ្លូវរថភ្លើងម្តងៗ ។

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងនិងយានយន្ត ក៏ដូចជាគ្រោះថ្នាក់ដល់ជីវិតរវាងរថភ្លើងនិងពលរដ្ឋបានសម្រាកនៅលើផ្លូវរថរបស់វា គឺឧស្សាហ៍កើតមានឡើងណាស់ ដូច្នេះសូមទាំងអស់គ្នាមានការប្រុងប្រយ័ត្ន ហើយបញ្ឈប់ជាបន្ទាន់រាល់សកម្មភាព ដែលយកផ្លូវរថភ្លើង ធ្វើជាកន្លែងសម្រាកលេងឬកំសាន្តផ្សេងៗ ពីព្រោះវាគ្រោះថ្នាក់។  ហើយអ្នកបើកបរក៏ដូច្នេះដែរ សូមមានការប្រុងប្រយ័ត្ន ជាពិសេសនៅពេលមានរថភ្លើងឆ្លងកាត់ សូមកុំចង់ឈ្នះ កុំចង់ចាញ់ជាមួយនឹងរថភ្លើង ហើយសូមកុំឆ្លៀតឱកាស ចង់លឿនឬចង់ជែង ជាមួយនឹងរថភ្លើង ទោះបីជា រថភ្លើងនៅក្នុងស្រុកយើង វាមានល្បឿនយឺតក៏ដោយ ។ សូមកុំប្រមាថ កាលណាយើងទាំងអស់គ្នា ប្រមាថ គឺវាអាចនឹងមានគ្រោះថ្នាក់។​

ម៉្យាងវិញទៀត អ្នកបើករថភ្លើងគាត់មិនខុស ប៉ុន្តែគណៈគ្រប់គ្រងនិងប្រតិបត្តិការអាជីវកម្មរថភ្លើង អាចមានកំហុស ពីព្រោះនៅមុនពេលដែលមានរថភ្លើងឆ្លងកាត់ផ្លូវ ឬក៏ទីកន្លែងប្រជុំជនណាមួយ ដាច់ខាតគឺត្រូវតែមានរនាំង ឬបារាស់ ឬភ្លើងសញ្ញា ឬក៏សំឡេង ដើម្បីប្រាប់ពីវត្តមាននៃរថភ្លើងជាមុន ដើម្បីឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន។  ដូច្នេះសង្ឃឹមថា ក្រុមហ៊ុន ក៏ដូចជា អាជ្ញាធរជំនាញ នឹងពង្រឹងកិច្ចការនេះឡើងវិញផងដែរ ខណៈដែលសេវាកម្មនេះ​មិនទាន់ដំណើរការពេញទំហឹង។ គ្រប់ផ្លូវ ទាំងអស់មិនថា ផ្លូវតូចឬផ្លូវធំ កៀនកោះកន្លៀតណានោះទេ ឲ្យតែមានកន្លែងដែលរថភ្លើងត្រូវឆ្លងកាត់ គឺដាច់ខាតត្រូវតែមាន សញ្ញាជូនដំណឹងពីវត្តមាន នៃរថភ្លើងជាមុន បើមិនដូច្នេះទេ វាអាចបង្កករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើង និង យានយន្តដទៃទៀត កាន់តែញឹកញាប់។​

សរុបមកវិញ យើងខ្ញុំសង្ឃឹមថា ទាំងអស់គ្នាដែលពាក់ព័ន្ធនឹងសេវាកម្មផ្លូវដែកនៅកម្ពុជា នឹងគិតគូរសុខទុក្ខពលរដ្ឋដែលត្រូវឆ្លងកាត់ផ្លូវរថភ្លើង ហើយពលរដ្ឋក៏ត្រូវតែមានស្មារតីទទួលខុសត្រូវ នៅពេលដែលខ្លួនឆ្លងកាត់ផ្លូវរថភ្លើងម្តងៗ ហើយក៏សង្ឃឹមថា សេវាកម្មដឹកជញ្ជូនតាម ផ្លូវដែកនេះ នឹងសកម្មបន្ថែមទៀត ខណៈដែលពេលនេះ វាសឹងតែគ្មានសកម្មភាពសោះ ជាហេតុនាំឲ្យពលរដ្ឋមួយចំនួននៅតែគិតថា ផ្លូវរថភ្លើងឆ្លងកាត់គឺជាកន្លែងសុវត្ថិភាពរបស់ពួកគាត់៕

Add new comment

4 + 7 =