កម្ពុជាផ្តល់ម៉ាស់និងឧបករណ៍វេជ្ជសាស្រ្តគឺជាការកិច្ចការមនុស្សធម៌

អាចមានការរិះគន់ទាក់ទិននឹងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការផ្តល់ជំនួយជាម៉ាស់ និង ឧបករណ៍វេជ្ជសាស្រ្តជាបន្តបន្ទាប់ទៅកាន់ប្រទេសនៅក្នុងតំបន់ ដោយសារតែកម្ពុជានៅពេលនេះ គឺជាប្រទេសក្រីក្រមួយ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ស្មារតីមនុស្សធម៌និងការជួយគ្នាមិនដែលកំណត់អំពីឋានៈ ភាពមានបាន​នោះទេ សំខាន់គឺសមានចិត្ត។

ការរិះគន់គឺជាទស្សនៈមួយជ្រុង ដោយឈរនៅលើគោលជំហរនិងការរិះគិត ដូច្នេះយើងក៏មិនអាចច្រានចោលបានដែរ ពីព្រោះកម្ពុជាជាសង្គមប្រជាធិបតេយ្យ ម្នាក់ៗអាចបញ្ចេញទស្សនៈនិងយោ បល់រៀងៗខ្លួន​ទាក់ទងនឹងការប្រពឹត្តរបស់រាជរដ្ឋាភិបាល ដោយសារតែយើងទាំងអស់គ្នាគឺជាម្ចាស់ឆ្នោត ប៉ុន្តែនោះគឺជាទស្សនៈមួយប៉ុណ្ណោះ។

ជាការពិតនៅក្នុងតថភាពបច្ចុប្បន្ននេះ កម្ពុជាយើងពិតជានៅក្នុងឋានៈប្រទេសដែលក្រីក្រមួយ ប៉ុន្តែភាពក្រីក្រនេះមិនមែនជារបាំងនៃសកម្មភាពមនុស្សធម៌ឡើយ។ ការជួយគ្នានៅក្នុងពេលមានគ្រាអាសន្ន ជាពិសេសគឺនៅក្នុងស្ថានភាពនៃការរីករាលដាលដ៏ធ្ងន់ធ្ងរនៅទូទាំងពិភពលោកនេះ គឺជាស្មារតីមនុស្សធម៌មួយ ដែលយើងគួរតែធ្វើ គួររួមចំណែកទៅតាមលទ្ធភាពនិងសមត្ថភាពដែលយើងអាចជួយបាន។

ការធ្វើទាន ការធ្វើអំពើកុសល ការបរិច្ចាគ ការចែកអំណោយ ការជួយគ្នា គឺសុទ្ធសឹងតែជាទង្វើ​ដែលមានចែងនៅក្នុងទង្វើ​និងសកម្មភាពមនុស្សធម៌ ហើយម្យ៉ាងទៀតបើពិនិត្យទៅតាមធនធាន និង សក្តានុពល ដែលកម្ពុជាយើងមាននៅពេលបច្ចុប្បន្ននេះ ក៏យើងមិនបានជួយគេរហូតដល់អស់ពីខ្លួន​នៅឡើយដែរ។

តាមការពន្យល់និងណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល កាលពីប៉ុន្មាថ្ងៃមុននេះ ក្នុងជំនួប​ជាមួយនឹងក្រុមមេធាវីប្រមាណជា​ជាង ១៥០ នាក់ គឺឃើញថា វាគឺជាសកម្មភាពមួយដែលមាន ផែនការច្បាស់លាស់ និងមានការពិចារណា។ រាជរដ្ឋាភិបាល គិតគូរច្បាស់លាស់ ដោយមានឃ្លាំងស្តុកពីរទាក់ទងនឹងបញ្ហានៃការរីករាលដាលនេះ ដោយមួយជាឃ្លាំងរបស់រាជរដ្ឋាភិបាលនិង ឃ្លាំងរបស់ ក្រសួងសុខាភិបាល។

ជាការពិតសំភារៈទាំងអស់នោះ កាលណាយើងទិញចូល ហើយមិនប្រើប្រាស់វាក៏អាចខូចខាតដែរ។ របស់នីមួយៗវាសុទ្ធតែមានកាលបិរច្ឆេទមានកាលកំណត់ប្រើប្រាស់ ដូច្នេះ នៅក្នុងខណៈពេលដែលរបស់នេះនៅមានតម្លៃនៅមានគុណភាព ហើយយើងមិនទាន់ចាំបាច់ប្រើ យើងអាចបញ្ចេញទៅជួយគេ  ពីព្រោះបើយើងចេះតែទុកវានៅក្នុងឃ្លាំង វានឹងខូចអសារបង់ដដែលជាដដែល ដូច្នេះទុកវាធ្វើអ្វី យកទៅជួយគេវាប្រសើរជាង។

សរុបទៅយើងខ្ញុំសូមគាំទ្រទង្វើ​និងការសម្រេចចិត្តនៅក្នុងនាមមនុស្សធម៌ដែលកម្ពុជាបានធ្វើជាមួយនឹងប្រទេស ឡាវ ប្រទេសមីយ៉ាន់ម៉ា និង ប្រទេសទីម័រខាងកើតកន្លង​មក​នេះ។ នេះគឺជាទឹកចិត្តមនុស្សធម៌មួយ ដែលកម្ពុជាយើងអាចធ្វើបាន៕

Add new comment

17 + 0 =