កន្លែងផឹកស៊ី ឃើញមនុស្សចូលអធិកអធមឡើងវិញហើយ !

បើទោះបីជារាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមិនទាន់អនុញ្ញាតឲ្យកន្លែងផឹកស៊ីនានា ដូចជាបៀហ្គាដែន​ ខារ៉ាអូខេ ក្លឹបរាត្រី បើកដំណើរការក៏ពិតមែន ប៉ុន្តែជាទូទៅតាមការសង្កេតរបស់យើង ខ្ញុំ កន្លែងទាំងនេះមួយចំនួន បានកំពុងតែបើកដំណើរការ។​

ការបើកដំណើរការនេះ យើងខ្ញុំមិនដឹងថា តើការបើកនេះពួកគេទទួលភ្លើងខៀវពីអាជ្ញាធរមូលដ្ឋាន ឬ​ក៏បណ្តាហាងទាំងនេះបើកដោយខ្លួនឯងឬយ៉ាងណានោះទេ ប៉ុន្តែសំខាន់នៅពេលដែលយើងខ្ញុំនិងក្រុមកា​រងារបានធ្វើដំណើរឆ្លងកាត់ឃើញ គឺកំពុងតែបើកដំណើរការ ដោយមានអតិថិជនច្រើន គួរសម ដែលអាចនឹងបង្កហានិភ័យនៃការឆ្លងមេរោគកូវីដ ១៩ ដែរ  ប្រសិនបើយើងនិយាយអំពីស្តង់ដារនៃការបង្ការតាមវិធានការបីកុំ បីការពារ។ ក្រៅពីនោះ ក៏មានហាង ខារ៉ាអូខេធំៗមួយចំនួន ក៏ហាក់មានមនុស្សចេញចូលច្រើនដែរ ទោះបីជា ភ្លើងខាងមុខហាងាមិនបើក គ្មានសន្តិសុខយាម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គឺសង្កេតឃើញមានមនុស្សចេញចូល ទោះបីជាមិនច្រើនកុះករក៏ដោយ។ នេះគឺជាការសង្កេតរបស់យើងខ្ញុំ ហើយក៏មិនមា​នយោបល់អ្វីច្រើនដែរ គ្រាន់តែថាសម័យនេះ គឺជាសម័យនៃការឆ្លងមេរោគកូវីដ ១៩ យើងត្រូវតែរស់តាមបែបគន្លងថ្មី ដែលផ្សារភ្ជាប់ជានិច្ចនឹងវិធានបីកុំ បីការពារ ទោះបីជាយើងបានចាក់វ៉ាក់សាំងពេញលេញ ហើយ រហូតដល់វ៉ាក់សាំងជំរុញក៏ដោយចុះ ពីព្រោះថា កន្លងមក អ្នកដែលចាក់ហើយ គឺក៏នៅតែឆ្លងផងដែរ។

នៅមុននេះបន្តិច គ្រោះថ្នាក់ចរាចរណ៍ដោយសារតែគ្រឿងស្រវឹង ហាក់ដូចជា កម្រើកឡើងវិញហើយ នៅក្នុងពេលរាត្រី ដោយយើងឃើញមាននៅករណីរថយន្តរ៉យរ៉យ បើកបុកពំនូសថ្មបែកចែកផ្លូវ ករណីរថយន្តទំនើប ឡេន រ៉ូវ័រ ស្រវឹងបើកធ្លាក់លូ ករណីបុករះនៅផ្លូវវេងស្រេង និងមានករណីផ្សេងៗទៀត ដូច្នេះសរបញ្ជាក់ថា ពួកគេច្បាស់ជាមានកន្លែងផឹកស៊ី គ្រឿងស្រវឹងទាំងនេះ តាំងពីពេលនោះមក ។

សូមប្រុងប្រយ័ត្នកន្លែងផឹកស៊ីគឺជាកន្លែងដែលមានហានិភ័យនៃការចម្លងមេរោគបំផុត ជាពិសេស នៅពេលដែលយើងទទួលទានគ្រឿងស្រវឹងលែងគ្រប់គ្រងខ្លួនឯងបាន។ វិធានការ សុវត្ថិភាព និងអនាម័យអាចគ្រប់គ្រងបាន នៅពេលដែលមិនទាន់ស្រវឹង ដោយមានគន្លាត គ្មានការឱបការថើប ជួបគ្នារាងខ្លាច រាងរអានឹងគ្នា ប៉ុន្តែកុំភ្លេចថា នៅពេលដែលស្រវឹង គឺនឹងបាត់បង់ម្ចាស់ការទាំងអស់ ដែលនោះហើយគឺជាហានិភ័យ ។​

សរុបសេចក្តីមក សូមកុំអាលស្រូតនិងរូតរះ ហើយត្រេកត្រអាលនឹងសកម្មភាពផឹកស៊ី ជួបជុំគ្នាពេក ទោះ​បីជាករណីឆ្លងបានធ្លាក់ចុះ ហើយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច កំពុងតែបន្ធូរបន្ថយករណីនេះហើយក្តី ពីព្រោះថា ការដែលយើងត្រេកត្រអាលជ្រុល វាអាចនឹងកើតមានឡើងទាំងករណីឆ្លងកូវីដ ១៩ មកខ្លួន មកគ្រួសារ និង​មកសហគមន៍ ហើយក៏អាចនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ និង វិនាសកម្មផ្សេងៗទៀត ដែលអាចកើតមានបាន ដោយសារតែគ្រឿងស្រវឹង៕

Add new comment

10 + 10 =