ធម្មទេសនារបស់លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគកំពង់ចាម

ធម្មទេសនារបស់លោកអភិបាល សិលា សួន ហង្សលី

អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគកំពង់ចាម

ក្នុងអភិបូជា «លើកតម្កើងព្រះជាម្ចាស់ លើកព្រះយេស៊ូឡើងស្ថានបរមសុខ»

បងប្អូនជាទីស្រឡាញ់! នៅថ្ងៃយើងធ្វើបុណ្យ «លើកតម្កើងព្រះជាម្ចាស់ លើកព្រះយេស៊ូឡើងស្ថានបរមសុខ» ប៉ុន្តែ ពេលយើងស្ដាប់ព្រះគម្ពីរដំណឹងល្អអម្បាញ់មិញ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។ ពេលនោះព្រះអង្គយាងទៅស្ថានបរមសុខ តែក្នុងអត្ថបទព្រះគម្ពីរព្រះអង្គថាគង់នៅជាមួយយើង សេចក្តីនេះដូចជាផ្ទុយគ្នា នាំឲ្យយើងមានចម្ងល់ ហើយសួរថា តើព្រះយេស៊ូគង់នៅជាមួយយើងយ៉ាងដូចម្តេច? តាមពិត ព្រះអង្គគង់នៅជាមួយយើងតាមរបៀបច្រើនយ៉ាង ខ្ញុំសូមលើកយករបៀបបីយ៉ាងមកនិយាយ៖

របៀបគង់នៅទីមួយ គឺព្រះអង្គគង់នៅជាមួយយើងតាមលក្ខណៈធម្មជាតិ ដូចយើងធ្លាប់មានបទពិសោធន៍ជាមួយអ្នកដ៏ជាទីស្រឡាញ់របស់យើង ជាពិសេស ជាមួយឪពុកម្តាយ ជាមួយជីដូនជីតារបស់យើងស្ថិតនៅជាមួយយើងមួយរយៈ បន្ទាប់អស់លោកលាចាកលោកនេះទៅ។ នៅពេលព្រះយេស៊ូប្រសូតមកជាមនុស្ស ព្រះអង្គគង់នៅជាមួយគេតាមលក្ខណៈជាមនុស្សធម្មតា។ ប៉ុន្តែ វត្តមានតាមបែបធម្មជាតិនេះ នាំឲ្យព្រះអង្គមានព្រុំដែន មានពេលកំណត់។​ រូបកាយនេះនឹងត្រូវចាកចេញពីយើង ដូចឪពុកម្ដាយ បងប្អូន ឬជីដូនជីតារបស់យើងដែលបានលាចាកលោកនេះទៅហើយដែរ។

របៀបទីពីរ គឺព្រះអង្គគង់នៅជាមួយយើងតាមរយៈព្រះបន្ទូល។ អ្នកដ៏ជាទីស្រឡាញ់របស់យើង ពេលខ្លះបានទុកពាក្យល្អៗក្នុងជីវិតរបស់យើង ជូនកាលឪពុកម្តាយរបស់យើង មុននឹងចែកឋានទៅ បានផ្តែផ្តាំដែលជាប់នៅក្នុងជីវិតរបស់យើង ឬក៏គំរូល្អដែលគាត់បានរស់នៅ ដក់ជាប់ក្នុងចិត្តរបស់យើង។ ហេតុនេះ ព្រះយេស៊ូដែលនៅជាមួយសាវ័កពីដើម ព្រះអង្គបានប្រៀនប្រដៅសេចក្តីជាច្រើន ហើយបានធ្វើការងារល្អជាច្រើន ជាពិសេស ការអស្ចារ្យផ្សេងៗ។ សេចក្តីទាំងនោះ ក៏គង់នៅជាមួយសាវ័ក ដែលត្រូវបានគេកត់ត្រាទុកជាព្រះបន្ទូលរបស់ព្រះអង្គសព្វថ្ងៃនេះ។ ព្រះបន្ទូលដែលព្រះអង្គបានណែនាំក្រុមសាវ័កពីដើម ក៏យើងចាត់ទុកថា ព្រះអង្គគង់នៅជាមួយយើងដែល។

របៀបទីបី ជាកម្រិតមួយដ៏ខ្ពស់ខ្ពស់ជាងគេ គឺព្រះយេស៊ូគង់នៅជាមួយយើង តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ។ ពេលខ្លះមនុស្សយើងដូចគ្នាដែរ អ្នកដែលចែកឋានទៅហើយ ហាក់ដូចជាមានវិញ្ញាណរបស់គាត់នៅជាមួយយើង។ ព្រះយេស៊ូមិនគ្រាន់តែជាវិញ្ញាណទេ តែជាព្រះវិញ្ញាណដ៏វិសទ្ធ  ហើយព្រះយេស៊ូបានសន្យាថា៖ ប្រសិនបើព្រះអង្គមិនចាកចេញទេ អ្នករាល់គ្នានឹងមិនរីកចម្រើនទេ  ប៉ុន្តែ ប្រសិនបើព្រះអង្គចាកចេញទៅ ទើបព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមក  ព្រះជាម្ចាស់ជាព្រះបិតា នឹងចាក់ព្រះអង្គឲ្យយាងមក ក្នុងព្រះនាមព្រះអង្គ ហើយព្រះវិញ្ញាណនោះគង់នៅជាមួយ។

សព្វថ្ងៃនេះ ព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ គង់នៅជាមួយយើង តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ ទោះបីជាយើងមើលព្រះអង្គមិនឃើញនឹងភ្នែក ក៏ប៉ុន្តែ ព្រះអង្គគង់នៅជាមួយយើងតាមរយៈព្រះវិញ្ញាណ ហើយព្រះវិញ្ញាណនេះ ធ្វើការអស្ចារ្យផ្សេងៗក្នុងព្រះសហគមន៍របស់យើង។ តាមព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ព្រះវិញ្ញាណដ៏វិសុទ្ធ បានទទួលមុខងារ៣យ៉ាង៖

មុខងារទីមួយ៖ ព្រះវិញ្ញាណ ជាព្រះដែរជួយការពារ ជាមេធាវីរបស់យើង ជាអ្នកការពារយើង ពីមារកំណាចដែលយាយីក្នុងជីវិតរបស់យើង ដើម្បីការពារក្ដីរបស់យើងម៉្យាងនៅពេលចុងបញ្ចប់នៃពិភពលោក ពេលព្រះជាម្ចាស់វិនិច្ឆ័យ ព្រះវិញ្ញាណជួយការពារយើងទាំងអស់គ្នា ឲ្យបានរួចពីការដាក់ទោស មានន័យថា យើងមានជីវិតរួមជាមួយព្រះជាម្ចាស់។

មុខងារទីពីរ៖ ព្រះវិញ្ញាណ ជាព្រះវិញ្ញាណនៃសេចក្តីពិត មានន័យថា ព្រះអង្គយាងមកក្នុងពិពភលោកនេះ ធ្វើជាសាក្សីអំពីសេចក្តីពិត ហើយសេចក្តីពិតជាងគេ គឺព្រះជាម្ចាស់។ ព្រះវិញ្ញាណក៏ជួយបំភ្លឺយើង ឲ្យយើងយល់អ្វីជាសេចក្តីពិត និងអ្វីជាសេចក្តីមិនពិត។

មុខងារទីបី៖ ព្រះវិញ្ញាណ ជាគ្រូបង្រៀន គរុកោសល្យ ដូមព្រះយេស៊ូមានព្រះបន្ទូលថា៖
«ពេលព្រះវិញ្ញាណយាងមក ព្រះអង្គនឹងបង្រៀនសេចក្តីទាំងអស់អំពីខ្ញុំមកប្រាប់អ្នករាល់គ្នា»។ ព្រះវិញ្ញាណជួយណែនាំ បំភ្លឺ និងបង្រៀនយើងឲ្យស្គាល់ព្រះជាម្ចាស់ ស្គាល់ពីគម្រោងការនៃការសង្គ្រោះរបស់ព្រះជាម្ចាស់ និងស្គាល់ព្រះយេស៊ូកាន់តែច្បាស់។ ដូច្នេះ ជីវិតរបស់យើងត្រូវការរីកចម្រើនបន្តិចម្តងៗ នៅក្នុងការរស់នៅជាគ្រីស្តបរិស័ទ។ យើងត្រូវការព្យាយាមស្តាប់ព្រះបន្ទូល និងព្យាយាមទទួលការបង្រៀនរបស់ព្រះយេស៊ូ តាមរយៈព្រះសហគមន៍ ដោយមានលោកអភិបាល លោកបូជាចារ្យ បងប្រុសបងស្រី និងគ្រូអប់រំជំនឿផ្សេងៗ ដែលជួយអប់រំណែនាំយើង។ ព្រះវិញ្ញាណមានមុខងារទាំងបីយ៉ាងនេះ តាមសន្តយ៉ូហាន ប៉ុន្តែ យើងដឹងថា អាទិត្យក្រោយ យើងធ្វើបុណ្យ «លើកតម្កើងព្រះវិញ្ញាណយាងមក»  ព្រះវិញ្ញាណដែលបានប្រទានព្រះអំណោយទានទាំង៧។

កុំភ្លេច បងប្អូនដែលទទួលអគ្គសញ្ញាលាបថ្ងាស់ហើយ គឺជាអគ្គសញ្ញាដែលផ្តល់ឲ្យយើងទទួលព្រះអំណោយទានទាំង៧មកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ ថ្ងៃនេះ ខ្ញុំសូមលើកយកព្រះអំណោយទានមួយគឺ៖ ព្រះវិញ្ញាណប្រទានកម្លាំង គឺសេចក្ដីក្លាហាន ឲ្យយើង ធ្វើតាមព្រះបន្ទូលរបស់ព្រះយេស៊ូថ្ងៃនេះឲ្យយើងធ្វើជាសាក្សីអំពីព្រះអង្គ ដោយប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង ក្នុងពិភពលោក “ហើយធ្វើអគ្គសញ្ញាជ្រមុជទឹកឲ្យគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ»។ នៅពេលដែលយើងរស់នៅក្នុងលោកនេះ យើងប្រកាសដំណឹងល្អ តាមពិតទៅ យើងទាំងអស់គ្នាទន់ខ្សោយ ប៉ុន្តែដោយសារតែព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅជាមួយយើង ហើយព្រះយេស៊ូគង់នៅជាមួយយើង តាមរយៈព្រះវិញ្ញាណនេះ យើងជឿថា ព្រះអង្គប្រទានកម្លាំង ប្រទានសេចក្ដីក្លាហាន ឲ្យយើងហ៊ានធ្វើជាសាក្សីអំពីព្រះយេស៊ូដល់ពិភពលោក។

មានមនុស្សខ្លះយល់ថា មានតែមនុស្សទេដែលជាអ្នកស្រាវជ្រាវរកឃើញអ្វីៗទាំងអស់ ប៉ុន្តែ យើងដែលគិតមើលទេ ប្រហែលមានសេចក្ដីច្រើនទៀតដែលមនុស្សយើងអត់ស្គាល់ទេ។ ប្រហែលមានវិញ្ញាណផ្សេងទៀតដែលមានឥទ្ធិពលលើយើង ប្រហែលមានអ្វីផ្សេងទៀត ដែលយើងអត់ដឹង ប៉ុន្តែជូនកាលសេចក្តីទាំងនោះគ្រប់គ្រងលើងយើង។ ហើយទោះបីយើងស្រាវជ្រាវអស់មួយជីវិត ក៏ប្រហែលជាយើងមិនអាចយល់អ្វីទៅជាខ្ញុំ  ខ្លួនឯងមិនអាចស្គាល់ខ្លួនឯងច្បាស់ទេ។ ហតុនេះ បើយើងគិតឲ្យមែនទែន យើងត្រូវតែទទួលស្គាល់ថា មានអ្វីផ្សេងទៀតដែលខ្ពស់ជាងមនុស្សយើង ដែលមនុស្សយើងត្រូវការ ដើម្បីរីកចម្រើនឡើងកាន់តែខ្លាំង និងឲ្យយើងមានសេចក្តីសង្ឃឹម។ សម្រាប់ជីវិតរបស់យើង នៅក្រោយពេលដែលយើងលាចាក់ពីលោកនេះទៅ  ដោយសារអី ពេលដែលយើងពឹងផ្អែកតែលើសមត្ថភាពរបស់មនុស្ស យើងកំពុងតែគិតខ្លី ហើយពេលស្លាប់ទៅ អត់មានអ្វីទៀតទេ។ ជំនឿរបស់យើងលើព្រះជាម្ចាស់ តាមអត្ថបទទី២ដែលយើងស្តាប់ថ្ងៃនេះ ព្រះជាម្ចាស់បានលើកព្រះយេស៊ូឲ្យខ្ពង់ខ្ពស់លើសអ្វីៗទាំងអស់ ហើយគ្រប់អំណាចស័ក្តិសិទ្ធិទាំងអស់នៅក្រោមព្រះយេស៊ូ។ ជំនឿរបស់យើង គឺព្រះយេស៊ូជាម្ចាស់របស់យើង ជាព្រះសិរសានៃព្រះសហគមន៍ ដែលណែនាំយើងឲ្យពឹងផ្អែកលើព្រះអង្គ ផ្ញើជីវិតលើព្រះអង្គ ហើយយើងជឿថាព្រះអង្គណែនាំយើងឲ្យទៅមុខ ទៅកាន់ទិសដៅដែលយើងកំពុងឆ្ពោះទៅ។ ព្រះយេស៊ូបានយាងឡើងស្ថានបរមសុខថ្ងៃនេះ ដើម្បីរៀបចំកន្លែងសម្រាប់យើង នោះជាសេចក្តីសង្ឃឹមរបស់យើង តែថ្ងៃណាមួយ យើងនឹងចូលទៅក្នុងព្រះរាជ្យរបស់ព្រះអង្គយ៉ាងពេញលេញ រួមរស់ជាមួយទេវទូត សន្តសន្តីទាំងឡាយពោរពេញទៅដោយ
សុភមង្គល។

សូមឲ្យយើងជាគ្រីស្តបរិស័ទ មានសេចក្តីក្លាហាន ធ្វើជាសាក្សីអំពីព្រះគ្រីស្ត អំពីជំនឿរបស់យើង ដ្បិតយើងមិនខ្មាស និងមិនភ័យខ្លាច ដោយមានព្រះយេស៊ូគង់នៅជាមួយ និងព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅជាមួយ។ អាម៉ែន៕

 ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣

 

                                                                សិលា សួន ហង្សលី           

អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម

 

 
 

 

 

https://youtu.be/yk3wDimr2U4

 

 

 

 

 

 

 

 

Add new comment

1 + 16 =