SSVPកម្ពុជាប្រារព្វខួបលើកទី៣៦១ ជាមួយនឹងសម្មភាពជួយជនក្រីក្រដើម្បីរំឭកដល់សន្តវីនសង់ដឺប៉ូល

យុវជននៃសមាគមសប្បុរសធម៌សន្តវ៉ាំងសង់ដឺប៉ូលកម្ពុជា បានប្រារព្វខួបលើកទី៣៦១នៃមរណភាពសន្តវ៉ាំងសង់ដឺប៉ូល កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដោយត្រូវបានបែងចែកជា៣ក្រុមតាមភូមិភាគនីមួយៗ មាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។
អ្នកសម្របសម្រួលថ្នាក់ជាតិនៃក្រុមសន្តវ៉ាំងសង់ដឺប៉ូលកម្ពុជា កញ្ញា ឃឹម សុខឃីម បានប្រាប់ឱ្យដឹងថា ការការប្រារព្ធខួបនេះ ជាការរំលឹកដល់សកម្មភាពមួយចំនួនដែលសន្តវ៉ាំងសង់ដឺប៉ូលបានធ្វើជាមួយអ្នកក្រីក្រ ការរំលឹកអំពីធម៌មេត្តាករុណា និងសេចក្តីស្រឡាញ់ដែលលោកជាគំរូដ៏ល្អ សម្រាប់យុវជន ហើយលោកក៏បានលើកទឹកចិត្តដល់យុវជន កុមារ ក្នុងការចែករំលែកនូវអំណោយទានរបស់ខ្លួនក្នុងការជួយអ្នកដទៃផងដែរ។ 

កញ្ញា សុឃីម បានបន្តថា ៖ «ខ្ញុំយល់ឃើញថា ទោះបីជាក្នុងស្ថានភាពនៃការរីករាលដាលវីរុសកូវីដ១៩ក្តី តែក្រុមសមាជិកវ៉ាំងសង់ដឺបូលនៅតែព្យាយាមបន្តសកម្មភាពសប្បុរស ជាមួយនឹងបងប្អូនដែលខ្វះខាតដោយគោរតាមសេចក្តីណែនាំរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ១៩»។ 
កញ្ញាបានអំពាវនាវដល់អ្នកចូលរួមបម្រើដល់អ្នកដែលខ្វះខាត និងត្រូវការជំនួយតាមរយៈការស្ម័គ្រចិត្តសហការ និងចំណាយពេលវេលាចែករំលែកជួយគ្នាទៅវិញទៅមក។ 

អ្នកសម្របសម្រួលរូបនេះបានលើកឡើងថា ៖ «ខ្ញុំសូមថ្លែងអំណរគុណដល់លោកអភិបាលអូលីវីយ៉េ ដែលជាអភិបាលណែនាំជីវិតខាងផ្លូវវិញ្ញាណនៃក្រុមសន្តវ៉ាំងសង់ដឺបូល លោកអភិបាលទាំងអស់ លោកបូជា បងប្រុសបងស្រីដែលបានគាំទ្រ កម្មវិធីនៃក្រុមសន្តវ៉ាំងសង់ដឺប៉ូលកម្ពុជាឱ្យមានដំណើរការទៅមុខ»។ 
ការរំឭកខួបនេះត្រូវបានរៀបចំតាមរយៈសមក្មភាពមួយចំនួនដូចជា ថ្វាយអភិបូជាតាមក្រុមនីមួយៗ, ការទៅសួរសុខទុក្ខអ្នកជំងឺនិងចាស់ជរា, ផ្តល់ការឧត្ថម្ភដល់សិស្សក្រីក្រ, ជួសជុលសាលាបឋមសិក្សា និងមានការចែកគ្រឿងបរិភោគទៅដល់អ្នកដែលខ្វះខាត និងត្រូវការ មានអង្ករ ទឹកត្រី មី ពងទា ជាដើម។
ជាមួយគ្នានេះដែរ លោក ផាន បូរ៉ា សមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃសមាគមសប្បុរសធម៌សន្តវ៉ាំងសង់ដឺប៉ូល បានរៀបរាប់ឱ្យដឹងផងដែរថា ក្រុមសន្តវ៉ាំងសង់ដឺប៉ូល បានចូលមកកម្ពុជា នាឆ្នាំ២០០២ តាមរយៈក្រុមគ្រួសារបងស្រីបុត្រីមេត្តាករុណា និងបង្កើតសមាគមសប្បុរសធម៌សន្តវ៉ាំងសង់ដឺប៉ូលឆ្នាំ២០០៤។
លោកបានបន្តថា ដោយមានការគាំទ្រពីលោកអភិបាលអេមីលដេតុម្ប និងក្រោយមកត្រូវបានចុះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃនាឆ្នាំ២០១៩។ លោក ផាន បូរ៉ា បានបន្ថែមថា ក្រុមនេះមានសមាជិក ទាំងចាស់និងក្មេងជាង៤០០នាក់ ដែលជាអ្នកស្ម័គ្រចិត្ត និងមានសាសនាផ្សេងៗពីគ្នាចូលរួមសកម្មភាពជាមួយគ្នា។ 

លោកថា ៖ «ក្នុងរយៈពេលកន្លងមកនេះ ក្រុមយើងទទួលបាននូវសមិទ្ធិផលមួយចំនួនដូចជា ផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រ៤០០នាក់ ជួយធ្វើផ្ទះជនក្រីក្រចំនួនជាង៣០០ខ្នង ផ្ដល់ម្ហូបអាហារប្រចាំខែដល់ចាស់ជរា និងអ្នកជំងឺជារៀងរាល់ខែ»។

លោក ផាន បូរ៉ា បានបញ្ជាក់ថា សមាគមសប្បុរសធម៌សន្តវ៉ាំងសង់ដឺប៉ូលកម្ពុជា មានប្រទេសអូស្រ្តាលីជាដៃគូ និងក្រុមប្រឹក្សាអន្តរជាតិនៃសមាគមសន្តវ៉ាំងសង់ដឺប៉ូលក្នុងការសម្របស្រួលលើផ្នែកហិរញ្ញវត្ថុ ដោយរួមជាមួយថវិការដែលក្រុមលោករកនៅក្នុងស្រុកតាមរយៈ សកម្មភាពចិញ្ចឹមក្រពើ និងលក់សម្លៀកបំពាក់ ក៏ដូចជាសកម្មភាពជិះកង់សប្បុរសធម៌ និងការដាក់ដង្វាយសម្ងាត់ដើម្បីជួយផងដែរ៕

Add new comment

3 + 2 =