Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
អាមរិកថា ទង្វើកម្ពុជាគ្មានលក្ខណៈប្រជាធិបតេយ្យ នៅមុនការបោះឆ្នោត តែកម្ពុជាថាឧបាយកលនយោបាយរបស់បក្សប្រឆាំង
សហរដ្ឋអាមេរិក បានបង្ហាញពីកង្វល់ចំពោះកម្ពុជាដែលបានធ្វើការហាមប្រាមគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា មិនឲ្យចូលរួមក្នុងការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០២៣ ខណៈដែលប្រមុខរាជរដ្ឋាភិបាលថា គោលដៅដែលគណបក្សនេះធ្វើឡើងជាឧបាយកលដ៏ថោកទាប ដើម្បីចង់ឱ្យបរទេសកៀបសង្កត់មកលើកម្ពុជា។
ក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានប្រកាសថា សហរដ្ឋអាមេរិក មិនមានគម្រោងបញ្ជូនមន្រ្តីមកសង្កេតការណ៍ការការបោះឆ្នោតនៅខែកក្កដានេះទេ ដែលជាផ្នែកមួយនៃដំណើរការបោះឆ្នោត ដែលអ្នកជំនាញឯករាជ្យកម្ពុជា និងអ្នកជំនាញអន្តរជាតិជាច្រើន វាយតម្លៃថា គ្មានភាពសេរី និងយុត្តិធម៌។
ការលើកឡើងនេះ តាមរយៈសេចក្តីថ្លែងការណ៍របស់លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៣ ស្តីពី ទង្វើដែលគ្មានលក្ខណៈប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតនៅកម្ពុជា។
សេចក្តីថ្លែងការណ៍បានលើកឡើងថា សហរដ្ឋអាមេរិកមានកង្វល់យ៉ាងជ្រាលជ្រៅ ដោយអាជ្ញាធរកម្ពុជាធ្វើការហាមប្រាមគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា មិនឲ្យចូលរួមក្នុងការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ ២០២៣។
ប្រភពដដែលថា ៖ «បណ្តឹងបែបប្រឌិត ការគំរាមកំហែង ការយាយី និងបទចោទប្រកាន់ព្រហ្មទណ្ឌ ដែលមានលក្ខណៈនយោបាយ ប្រឆាំងនឹងគណបក្សប្រឆាំង សារព័ត៌មានឯករាជ្យ និងសង្គមស៊ីវិល បំផ្លាញការប្តេជ្ញាចិត្តដែលធ្វើជាមួយអន្តរជាតិ របស់ប្រទេសកម្ពុជា ក្នុងការចម្រើនទៅជាប្រទេសប្រជាធិបតេយ្យ ពហុបក្ស»។
លោក Matthew Miller បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់លោកថា ក្នុងស្ថានភាពបែបនេះ សហរដ្ឋអាមេរិក មិនមានគម្រោងបញ្ជូនមន្រ្តីមកសង្កេតការណ៍ការការបោះឆ្នោតនៅខែកក្កដានេះទេ ដែលជាផ្នែកមួយនៃដំណើរការបោះឆ្នោត ដែលអ្នកជំនាញឯករាជ្យកម្ពុជា និងអ្នកជំនាញអន្តរជាតិជាច្រើន វាយតម្លៃថា គ្មានភាពសេរី និងយុត្តិធម៌។
លោក Matthew Miller សង្កត់ធ្ងន់ថា ៖ «យើងសូមអំពាវនាវយ៉ាងខ្លាំង ឲ្យអាជ្ញាធរកម្ពុជាធ្វើការកែប្រែ ដើម្បីឲ្យពលរដ្ឋរបស់គេអាចចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យពហុបក្ស និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ហើយអាចអនុវត្តសិទ្ធិរបស់គេដោយសេរី ដែលរួមមានផងដែរ នូវសិទ្ធិក្នុងការចងក្រងជាក្រុម សមាគម សិទ្ធិក្នុងការធ្វើការប្រមូលផ្តុំគ្នាដោយសន្តិវិធី និងសិទ្ធិក្នុងការបញ្ចេញមតិដោយគ្មានការភ័យខ្លាចការសងសឹក»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញក្នុងការបដិសេធចោលបណ្តឹងរបស់គណបក្សភ្លើងទៀន ដោយហេតុខុសនឹងគតិច្បាប់ ដែលគណបក្សភ្លើងទៀនពុំអាចចូលរួមនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានទេ។
ទាក់ទងនឹងករណីនេះដែរ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៣ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងផងដែរពីករណីនៃគណបក្សភ្លើងទៀន ដែលត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញបដិសេដមិនឱ្យមានការចុះឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ។
សម្តេចតេជោ មានប្រសាសន៍ថា ៖ «នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ កុំភ្លេចទៅបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចក្នុងការប្រើសិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត»។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ៖ «ពិតហើយ គណបក្សខ្លះត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញទាត់ចោលមិនឱ្យចុះឈ្មោះ ដែលមានគណបក្សចំនួន២ ក្នុងចំណោមគណបក្សចំនួន២០»។
ទាក់ទងនឹងចំណុចនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងដោយមានចំងល់ថា លោកមិនជឿថាមានការបាត់នូវសំបុត្រកំណើតមួយសន្លឹកនោះទេ ប៉ុន្តែជាគោលដៅដែលធ្វើឱ្យបរទេសកៀបសង្កត់កម្ពុជា។
សម្តេចបានថ្លែងថា ៖ «សំបុត្រកំណើត អាចនៅជាមួយនរណាម្នាក់ដែលជាមេរដឹកនាំ។ គោលដៅរបស់គេដែលខ្ញុំវិភាគនៅកន្លែងនេះ គេមិនចង់ឱ្យគណបក្សនេះចូលរួមបោះឆ្នោតទេ ដោយសារគេដឹងថាវានឹងចាញ់ តែអ្វីដែលគេចង់បានគឺគេយកបរទេសមកកៀបកម្ពុជា»។
សម្តេចបានបន្តថា ករណីនេះអាចជាឧបាយកលរបស់អ្នកណាមួយដែលធ្វើឱ្យបាត់ឯកសារនេះ ដែលគោលដៅរបស់គេគឺចង់ឱ្យមានការប្រឈមជាមួយនឹងបរទេសខ្លះដែលស្រលាញ់ពួកគេនោះ ធ្វើការតិះតៀនរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ៖ «បើពួកគេនោះនៅស្រុកខ្មែរ ខ្ញុំថាដាក់ប៉ូលិសឱ្យឆែកនឹងរកឃើញឥឡូវ វាគ្មានបាត់ទៅណាទេ មានអ្នកយកលាក់ តែវាមានគោលដៅនយោបាយជាក់លាក់។ មិនមែនអ្នកនៅទីក្រុងភ្នំពេញទេ»៕
Add new comment