​ក្រុមនិស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ស្នើ​រដ្ឋមន្រ្តីការបរទេសអាមេរិកបញ្ជាក់ឡើងវិញនូវជំហររបស់ខ្លួន​ក្នុង​ឆ្នាំ​១៩៨៧

ចលនានិសិ្សត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​បាន​សរសេរលិខិតមួយ​ច្បាប់​ទៅ​លោក​ ម៉ៃឃើល ផុមភេអូ (Michael R. Pompeo) ដែល​ជា​រដ្ឋមន្រ្តី​នៃក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ នាថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០​នេះ​ដោយ​ស្នើ​ឱ្យ​រដ្ឋមន្រ្តីរូប​នេះបញ្ជាក់ឡើង​វិញ​ ​នូវ​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ដូចនៅ​ក្នុ​ងឆ្នាំ​១៩៨៧ ក្នុង​ការ​ជំទាស់​នឹង​កិច្ច​ព្រម​ព្រៀង​តំបន់​ទឹក​ប្រវត្តិសាស្រ្ត ឆ្នាំ​១៩៨២ និង​សូម​ប្រកាស​ជំហរ​ទទួល​ស្គាល់ជាផ្លូវ​ការ​ថា កោះត្រល់និងចង្កោម​កោះ​ក្រចក​សេះជាកម្មសិទ្ធិ​របស់​ប្រទេសកម្ពុជា។

 

លោក​ ទូច វិបុល ប្រធាន​ប្រតិបត្តិនៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យបាន​សរសេរលិខិតនេះឡើងបន្ទាប់​ពីក្រុម​ចលនានិស្សិតនេះ​បាន​តាម​ដាន​យ៉ាង​យកចិត្តទុក​ដាក់​ចំពោះសេចក្តី​ថ្លែង​ការណ៍​របស់​លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០​ពាក់​ព័ន្ធ​នឹង​ជម្លោះសមុទ្រចិន​ខាងត្បូង។

 

ប្រភព​ដដែល​នេះ​បាន​លើកឡើងថា លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ជំហរយ៉ាង​ម៉ឹងម៉ាត់ថា «សហរដ្ឋ​អាមេរិក​ប្រកាន់​ជំហរ​ច្បាស់​លាស់​ថា ការ​អះអាង​នានារបស់​ក្រុង​ប៉េកាំង ក្នុង​ការ​ក្តោប​យក​ធន​ធានានា​នៅ​ក្នុង​ឈូង​សមុទ្រ​ស្ទើរ​តែទាំងអស់ នៅសមុទ្រចិន​ខាង​ត្បូង​គឺខុសច្បាប់​ទាំងស្រុង»។

 

លោក​រដ្ឋមន្រ្តី​បាន​សង្កត់​ធ្ងន់ថា សហរដ្ឋ​អាមេរិក​មាន​ផល​ប្រយោជន៍​រួម​យ៉ាង​ជ្រៅនិង​ជាចីរភាព​ជាមួយ​ដៃគូ​និង​សម្ព័ន្ធ​មិត្ត​ដែល​បា​នគាំទ្រ​ឱ្យ​មាន​បទបញ្ជា​អន្តរជាតិ​ជាធរមាន។

 

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ទៅកាន់​អង្គការ​សហប្រជាជាតិ​ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​១៩៨៧ សហរដ្ឋ​អាមេ​រិក​បាន​ជំទាស់​នឹង​កិច្ច​ព្រម​ព្រៀង​តំបន់​ទឹក​ប្រវត្តិសាស្រ្ត ដែល​មេ​ដឹក​នំា​របប​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជានិង​វៀត​ណាម​បាន​ចុះ​ហត្ថលេខារួម​គ្នា ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​១៩៨២ ដែល​បាន​កាត់​ឆ្វៀល​យក​កោះ​ត្រល់​និង​ចង្កោម​កោះ​ក្រចក​​សេះ​របស់​កម្ពុជាដោយ​រំលោភ​បំពាន​លើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ប្រទេស​ថៃ សឹង្ហ​បុរី​ និង​ប្រទេស​អាល្លឺម៉ង់ ក៏​បាន​តវ៉ា​ជំទាស់​នឹង​កិច្ច​ព្រមព្រៀង​តំបន់​ទឹក​ប្រវត្តិ​សាស្រ្ត​នេះដូចជំហរ​សហរដ្ឋ​អាមេរិក។

 

លោក​វ៉លទ័រ ឡម៉ែន (Walter Lohman) និង​អ្នកស្រី អូលីវា អ៊ី​នូស (Olivia Enos) អ្នកសិក្សា​ស្រាវ​ជ្រាវ​នៅ​តំបន់​អាស៊ី នៃមូលនិធិ​បេតិកភណ្ឌ (The Heritage Foundation) ជាអង្គការ​ធនាគារគំនិត ដែល​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បានបញ្ជាក់ក្នុង​សារណា​របស់ខ្លួន​ចុះ​ផ្សាយថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៤ ថា «អ្វីដែល​កើតឡើង​នៅ​កម្ពុជា​គឺមាន​សារៈសំខាន់​ចំពោះ​សហរដ្ឋ​អាមេរិក។ ពីសង្គ្រាម​វៀតតាម ដល់​សង្រ្គាម​ត្រជាក់ និង​តួនាទី​ក្នុង​អាស៊ាន​កម្ពុជា​បាន​ក្លាយ​ជាផ្នែកមួយ​ដ៏មាន​សារៈ​សំខាន់​នៅ​ក្នុង​គោល​នយោបាយ​ការ​បរទេស​សហរដ្ឋ​អាមេរិក»។

 

នៅ​ក្នុង​លិខិត​នេះ​បាន​លើកឡើងបន្ថែមថា សហរដ្ឋ​អាមេរិក​ជាប្រទេស​ហត្ថលេខីនៃកិច្ច​ព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីសថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ដែល​ត្រូវ​មាន​កាតព្វកិច្ច​តាម​ឃ្លាំមើល​ដំណើរ​ការ​នៃការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅប្រទេសកម្ពុជា ជាពិសេស​ធានាសន្តិសុខ ស្ថិរភាព និង​សន្តិភាព​នៅ​ក្នុង​តំបន់។

 

ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យបាន​បញ្ជាក់ទៅ​លោក​ម៉ៃឃើល ផុម​ភេអូ ថា វៀត​ណាម​មាន​ប្រវត្តិ​ជាប់មិន​ដាច់​គ្រប់​ដំណាក់​កាល ក្នុង​ការ​ឈ្លានពាន​ប្រទេសកម្ពុជា​ចូល​កាន់​កាប់​ដែន​ដី​គោក​តាម​បណ្តោយ​ព្រំដែន ដែន​សមុទ្រ និង​កោះ​នានារបស់​ប្រទេសកម្ពុជា ព្រម​ទាំង​បង្ហូរ​ជាន​ជាតិ​វៀត​តាម​ខុស​ច្បាប់​រាប់​លាន​នាក់ទៅ​រស់​នៅ​លើ​ទឹក​ដីកម្ពុជា ដោយ​ឃុប​ឃិត​គ្នា​រវាង​អាជ្ញាធរ​កម្ពុជា​ និងរដ្ឋាភិបាល​វៀត​ណាម​ទាំងរំលោភ​បំពាន​លើ​ច្បាប់​ជាតិ-អន្តរជាតិ​ដែល​មាន​ជាធរមាន។

 

ស្រប​ពេល​កុម្មយនីស្តចិន​ កំពុង​ចាក់គ្រឹះ​អំណាច​ផ្តាច់​ការ​លប់​លើតំបន់អាស៊ីនោះ ប្រទេសវៀត​ណាម​ក៏នៅ​តែសាប​ព្រោះ​មនោគម​វិជ្ជា​កុម្មុយនីសរបស់ខ្លួន​រាល​ដាល​គ្រប​ដណ្តប់​លើ​អំណាច​ដឹកនាំនៅកម្ពុជានិង​ឡាវ ដែល​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​អនាគត​អាយុ​ជីវិត​ទឹក​ដី​នៃ​ប្រទេសទំាងពីរ។ គ្រឹះឥទ្ធិពល​កុម្មុយនីសចិននិង​វៀត​ណាមនេះ បង្ក​ការ​គំរាមកំហែង​ដល់ស្ថិរភាព​ក្នុង​តំបន់​ដែល​ផ្ទុយ​ពី​ជំហរ​របស់​សហរដ្ឋ​អាមេរិកក្នុង​ការពង្រីក​វិសាលភាព​នៃ​សេរីភាព​ សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិប​តេតយ្យ៕

 

Add new comment

3 + 13 =