
ឥស្សរជនខ្មែរដំបូង លោកហ៊ុន ម៉ាណែត បានចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ
លោកហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ជាពលរដ្ឋខ្មែរដំបូងគេដែលបានចាក់វ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាម របស់សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
លោកបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅពេលចាក់វ៉ាក់សាំងនេះថា លោកមិនមានអារម្មណ៍ភ័យខ្លាចនោះទេ តែលោកសប្បាយចិត្តដែលបានចាក់វ៉ាក់សាំងការពារកូវីដនេះ ហើយលោកក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរផ្សេងទៀត គួរមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩នេះ។
លោកបានមានប្រសាសន៍បន្ទាប់ពីទទួលបានវ៉ាក់សាំងម្ជុលទី១រួចថា ៖ «ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ។ សូមបងប្អូនខ្មែររួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង»។
លោកហ៊ុន ម៉ាណែតបន្តទៀតថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើងនិងអ្នកដទៃ។
ស្រ្តីខ្មែរដែលទទួលនូវការចាក់វ៉ាក់បន្ទាប់ពីលោកហ៊ុន ម៉ាណែត គឺលោកស្រី យក់ សម្បតិ្ត ជារដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោកស្រីបានថ្លែងប្រាប់ដែរថា ៖ «ខ្ញុំមានអារម្មណ៍ធម្មតា ដោយសារខ្ញុំស្ម័គ្រចាក់វ៉ាក់សាំងនេះ ហើយខ្ញុំត្រូវធ្វើការច្រើនជាមួយនឹងកូវីដ និងខ្ញុំជាគ្រូពេទ្យនៅជួរមុខផងដែរ ដែលខ្ញុំត្រូវតែទទួលវ៉ាក់សាំងនេះជាចាំបាច់»។
នៅព្រឹកថ្ងៃដំបូងនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ក្នុងប្រទេសកម្ពុជានេះដែរ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងផងដែរថា ទីបំផុត ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ហើយ។
សម្តេចតេជោមានប្រសាសន៍តាមបណ្តាញសង្គមថា ៖ «នេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ដែលជាមិត្តដែកថែបដែលខ្ញុំសុំយកឱកាសនេះថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនចិន ពិសេស ឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រជាជនកម្ពុជា»។
ប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនបានធ្វើការផ្តាំផ្ញើទៅប្រជាពលរដ្ឋកម្ពុជាទាំងអស់ទាំងក្នុងនិងនៅក្រៅប្រទេសកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ។
បុត្រារបស់សម្តេចតេជោហ៊ុន សែនចំនួន២រូប គឺលោកហ៊ុន ម៉ាណែត និងលោកហ៊ុន ម៉ានិត រួមនឹងកូនប្រសារប្រុសម្នាក់គឺលោក សុខ ពុទ្ធិវុធ បានទទួលការចាក់វ៉ាក់សាំងកូវីដរួចហើយ ប៉ុន្តែសម្រាប់លោកហ៊ុន ម៉ានី និងកូនប្រសារសម្តេចតេជោម្នាក់ទៀតគឺលោកឌី វិជ្ជា មិនទាន់អាចទទួលការចាក់វ៉ាក់សាំងនេះបានទេដោយសារគាត់ទាំងពីរមានបញ្ហាសុខភាព៕


Add new comment