អាមេរិក រារាំងការប្រឹងប្រែងរបស់យោធាមីយ៉ាន់ម៉ា បង្វែរទុនបម្រុងដែលមានតម្លៃ១ពាន់លានដុល្លារចេញពីគណនីមួយនៅញូវយ៉ក

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា របបយោធានៅប្រទេសមីយ៉ាន់ម៉ា បានប្រឹងប្រែងនៅក្នុងការផ្ទេរនូវទឹកប្រាក់ប្រមាណជា១ពាន់លានដុល្លារដែលបានដាក់នៅក្នុងធនាគារបម្រុងសហព័ន្ធនៅក្នុងទីក្រុងញូវយ៉ក ក្រោយពេលដែលបានរឹបអូសអំណាចដោយរដ្ឋប្រហារកាលពីថ្ងៃទី១ ខែ កុម្ភៈ។

ទោះបីជារដ្ឋាភិបាលយោធានៃប្រទេសនេះប្រឹងប្រែងប៉ុន្តែផែនការនេះត្រូវបានមន្រ្តីអាមេរិកបង្កក នេះបើតាមប្រភពច្បាស់ការបីបានអះអាង ដោយនៅក្នុងនោះក៏មានទាំងមន្រ្តីនៃរដ្ឋការអាមេរិកផងដែរ។ ក្រោយរដ្ឋប្រហារ ធនាគារកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា បានស្វះស្វែងធ្វើការបង្វែរប្រាក់បម្រុងនេះ នៅថ្ងៃទី៤ ខែកុម្ភៈ ប៉ុន្តែត្រូវបានមន្រ្តីនៃរដ្ឋាភិបាលសហព័ន្ធរបស់អាមេរិករារាំង រហូតដល់រដ្ឋបាលនៃលោក ប្រធានាធិបតី ចូ បៃដិន បានចេញអំណាចរាំងខ្ទប់និងបង្កកទុកតែម្តង។ ប្រភពបានអះអាងថា ការដែលរារាំងនេះគឺក្រោយពេលដែលរបបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានរុះរើថ្នាក់ដឹកនាំនៃធនាគារកណ្តាលរបស់ខ្លួន ក្រោយពេលដែលបានធ្វើរដ្ឋប្រហារដោយចាប់ខ្លួនមេដឹកនាំស៊ីវិល ជាច្រើនរូប ដោយរួមទាំងលោកស្រី អ៊ុងសែន ស៊ូជី ផងដែរ ។

រហូតមកដល់ពេលនេះមានប្រទេសជាច្រើនបានដាក់ទណ្ឌកម្មប្រឆាំងនឹងរបបយោធានៅក្នុងប្រទេសនេះ ដោយរួមមានទាំង អាមេរិក កាណាដា សហគមន៍អឺរ៉ុប និង ចក្រភពអង់គ្លេស ។ អង្គការសហប្រជាជាតិបានអះអាងថា ក្រោយរដ្ឋប្រហារនិងផ្ទុះបាតុកម្មនៅទូទាំងប្រទេសមក គឺមានមនុស្សយ៉ាងហោចណាស់ ៥៤ រូប ត្រូវបានសម្លាប់ ហើយមានមនុស្ស ១៧០០ នាក់ត្រូវចាប់ខ្លួនដោយរួម ទាំងអ្នកកាសែត ២៩ នាក់ផងដែរ៕

Add new comment

3 + 16 =