អ.ស.ប ថា អាស៊ីរងកំដៅដ៏ក្តៅបំផុតក្នុងកំណត់ត្រាឆ្នាំ ២០២០

អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារមុនកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុដែលគេហៅថា COP26 ថា អាស៊ីបានទទួលរងនូវឆ្នាំក្តៅបំផុតរបស់ខ្លួនក្នុងកំណត់ត្រាកាលពីក្នុងឆ្នាំ២០២០ ដោយអាកាសធាតុដ៏ក្តៅខ្លាំងបំផុតនេះបានធ្វើឱ្យមានការខូចខាតយ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់ទ្វីប។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពី «ស្ថានភាពអាកាសធាតុនៅអាស៊ី» អង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិបាននិយាយថា គ្រប់ផ្នែកទាំងអស់នៃតំបន់ត្រូវបានរងផលប៉ះពាល់។

អង្គការឧតុនិយមពិភពលោកបាននិយាយថា «ឥទ្ធិពលអាកាសធាតុ និងការប្រែប្រួលអាកាសធាតុខ្លាំងនៅទូទាំងអាស៊ីក្នុងឆ្នាំ ២០២០ បណ្តាលឱ្យបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់ ​ការផ្លាស់ទីលំនៅរាប់លាន និងធ្វើឱ្យខាតបង់នូវថវិការដែលមានតម្លៃរាប់រយពាន់លានដុល្លារ ហើយមិនតែប៉ុណ្ណោះវាក៏បាន ធ្វើឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ពន្ធ និងប្រព័ន្ធអេកូឡូស៊ី»។

អង្គការនេះបានបញ្ជាក់ថា «ការអភិវឌ្ឍប្រកបដោយនិរន្តរភាពត្រូវបានគំរាមកំហែង ជាមួយនឹងអសន្តិសុខស្បៀងនិងទឹក ហានិភ័យសុខភាព និងការរិចរិលបរិស្ថានកើនឡើង»។

របាយការណ៍នេះត្រូវបានផ្សព្វផ្សាយ មុនពេលដែលពិភពលោកចូលរួម COP26 ដែលជាសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដែលគ្រោងធ្វើឡើងនៅទីក្រុង ហ្គ្លាហ្គុវ ( Glasgow) ។

របាយ​ការណ៍​ក៏​បាន​បង្ហាញ​ពី​ការ​ខាត​បង់​ជា​មធ្យម​ប្រចាំ​ឆ្នាំ​សរុប​ដោយ​សារ​គ្រោះ​ថ្នាក់​ទាក់​ទង​នឹង​អាកាស​ធាតុ។

ប្រទេស​ចិនបាន​ទទួល​រងនូវផលប៉ះពាល់ដែលមានតម្លៃតាម​ការ​ប៉ាន់​ស្មាន​ចំនួន ២៣៨ ពាន់​លាន​ដុល្លារ តាម​ពី​ក្រោយ​ដោយ​ប្រទេស​ឥណ្ឌាចំនួន ៨៧ ពាន់​លាន​ដុល្លារ ជប៉ុន ៨៣ ពាន់​លាន​ដុល្លារ និង​កូរ៉េ​ខាង​ត្បូង ២៤ ពាន់​លាន​ដុល្លារ៕

Add new comment

4 + 6 =