
អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ហ៊្វុនស៊ិនប៉ិចដែលផ្តាច់ខ្លួន អំពាវនាវដល់សមាជិកនិងអ្នកគាំទ្រជិត ៤០ម៉ឺននាក់ចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ
ស្ថាបនិកនៃហ៊្វុនស៊ិនប៉ិច អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណបក្សហ៊្វុនស៊ិនប៉ិច ដែលផ្តាច់ខ្លួន ចំនួន ៨រូប បានធ្វើការអំពាវនាវដល់សកម្មជន សមាជិក សមាជិកា និងអ្នកគាំទ្រជិត ៤០ម៉ឺននាក់នៅទូទាំងប្រទេស មករួបរួមគ្នាជាមួយអតីតអ្នកតស៊ូ នៃចលនាហ៊្វុនស៊ិនប៉ិច ក្នុងក្របខណ្ឌនៃគណបក្សខ្មែររួបរួមជាតិរបស់លោកញឹម ប៊ុនឆៃ ដើម្បីលើកស្ទួយកិត្យានុភាព និងប្រជាប្រិយភាពអ្នករាជានិយម អ្នកសីហនុនិយម រណឫទ្ធិនិយម ដែលបានចុះខ្សោយជាបន្តបន្ទាប់ក្រោយការបោះឆ្នោតឆ្នាំ២០១៨ ដែលបង្កឡើងដោយបុគ្គលមួយក្រុមតូចក្នុងហ៊្វុនស៊ិនប៉ិច បានច្នៃប្រឌិតលិខិតមិនប្រក្រតីជាច្រើន ឬប្រើប្រាស់លិខិតក្លែងបន្លំ មកបំផ្លាញទឹកចិត្តមន្ត្រី ស្មោះត្រង់ជាច្រើនរូប ដែលជាសេនាធិការផ្ទាល់របស់សម្ដេចក្រុមព្រះ។ ភាពស្អាតស្អំ និងភាពត្រឹមត្រូវស្របតាមច្បាប់ លក្ខន្តិកៈ និងលិខិតបទដ្ឋាននានារបស់ចាស់ទុំ ដែលជាស្ថាបនិកនៃហ៊្វុនស៊ិនប៉ិច ត្រូវបានកំណត់ ទុកក្នុងប្រវត្តិសាស្ត្ររបស់គណបក្សហ៊្វុនស៊ិនប៉ិច ជារៀងដរាប។ នេះបើយោងតាមលិខិតចំហចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ។

នៅក្នុងលិខិតចំហ របស់អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណបក្សហ៊្វុនស៊ិនប៉ិចបានបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិ "ខ.រ.ជ” ដែលបច្ចុប្បន្នដឹកនាំដោយឥស្សរជនជាន់ខ្ពស់ជាអតីតអ្នកតស៊ូ នៃចលនាហ៊្វុនស៊ិនប៉ិច តែងរិះរកមធ្យោបាយដើម្បីរួបរួមគ្នាក្នុងមហាគ្រួសារហ៊្វុនស៊ិនប៉ិច ស្របតាមព្រះបន្ទូល ដោយផ្ទាល់នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីព្រះអង្គទ្រង់នៅមានព្រះជន្ម ។ ប៉ុន្តែការបង្រួបបង្រួមរវាងគណបក្សទាំងពីរដែលមានប្រភពឫសគល់តែមួយនេះ ត្រូវបានបុគ្គលមួយក្រុមតូច ព្យាយាមរារាំងម្ដងហើយម្ដងទៀត ធ្វើឲ្យការវិលត្រឡប់មករួមរស់ក្នុងមហាគ្រួសាររាជានិយមមួយនេះ ត្រូវទទួលបរាជ័យ។ មជ្ឈដ្ឋានជាច្រើនបានសម្លឹងឃើញថា ភាពបែកបាក់ផ្ទៃក្នុង និងការធ្លាក់ចុះយ៉ាងគំហុកនូវប្រជាប្រិយភាពនៃការគាំទ្រ និងការធ្លាក់ចុះនៃសក្តានុពលនយោបាយរបស់ហ៊្វុនស៊ិនប៉ិច គឺបណ្ដាលមកកត្តាអសមត្ថភាពក្នុងការគ្រប់គ្រង និងគ្មានបទពិសោធន៍ដឹកនាំគណបក្សនយោបាយ រួមទាំងការបណ្ដេញចាស់ទុំដែលជាសសរគ្រឹះដ៏រឹងមាំរបស់គណបក្ស ព្រមទាំងការផ្លាស់ប្តូររចនាសម្ពន្ធដោយរំលោភលើនីតិវិធីនៃលក្ខន្តិកៈគណបក្ស។
ប្រភពដដែលបានបន្តថា ជាការពិតណាស់កន្លងមកស្ថាបនិកហ៊្វុនស៊ិនប៉ិច អតីតថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិច បានខិតខំព្យាយាមសម្របសម្រួលដោះស្រាយបញ្ហាហ៊្វុនស៊ិនប៉ិច ឲ្យចប់សព្វគ្រប់ទៅតាមនីតិវិធី និងលិខិត បទដ្ឋាននានាជាធរមាន ដើម្បីឈានទៅរកការផ្សះផ្សាមួយ ដោយលុបបំបាត់ការយល់ច្រឡំផ្សេងៗ ទៅលើលិខិតមិនប្រក្រតីនានា ដែលជាដើមហេតុនៃការបែកបាក់រចនាសម្ពន្ធផ្ទៃក្នុងគណបក្ស។ ក្នុងនោះបញ្ហាការបង្រួបបង្រួមរវាងគណបក្សខ្មែររួបរួមជាតិ មកក្នុងក្របខណ្ឌនៃគ្រួសារគណបក្សហ៊្វុនស៊ិនប៉ិច ក៏ជាគោលការណ៍មួយផ្នែកនៃព្រះតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីទ្រង់នៅមានព្រះជន្មផងដែរ ប៉ុន្តែពុំត្រូវបានបុគ្គលមួយក្រុមតូច ក្នុងហ៊្វុនស៊ិនប៉ិច ផ្តល់តម្លៃជាវិជ្ជមាននោះទេ។
ដោយមើលឃើញថា នៅក្នុងកាលៈទេសៈនេះគឺជាពេលវេលាសំខាន់សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាស់ទុំស្ថាបនិកនៃហ៊្វុនស៊ិនប៉ិច និងអតីតថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សហ៊្វុនស៊ិនប៉ិច មានជម្រើសដ៏ល្អមួយ ដោយសូមធ្វើការអំពាវនាវជាថ្មីម្ដងទៀតចំពោះអ្នករាជានិយម អ្នកសីហនុនិយម អ្នករណឫទ្ធិនិយម និងអ្នកប្រជាធិបតេយ្យ ជាពិសេស សហជីវិន សហជីវិនី ថ្នាក់ដឹកនាំនៅមូលដ្ឋាន សកម្មជន សមាជិក សមាជិកា ប្រជាពលរដ្ឋម្ចាស់ឆ្នោតដែលជាកម្លាំងគាំទ្រដ៏សំខាន់ និងធ្លាប់គាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងបោះឆ្នោតឆ្នាំ២០១៨ សូមអញ្ជើញមកចូលរួមគាំទ្រគណបក្សខ្មែររួបរួមជាតិ “ខ.រ.ជ” តាមរយៈការចូលរួម រៀបចំបញ្ជីបេក្ខជនឈរឈ្មោះជាក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងរចនាសម្ពន្ធរបស់គណបក្សខ្មែររួបរួមជាតិនៅទូទាំងប្រទេស រួមទាំងការកៀងគរសមាជិក សមាជិកា និងប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅខែ មិថុនា ឆ្នាំ ២០២២ នា ពេលដ៏ខ្លីខាងមុខនេះ។
លិខិតដដែលបញ្ជាក់បន្ថែមថា ការចូលរួមជាមួយ គណបក្សខ្មែររួបរួមជាតិ គឺជាជម្រើសដ៏ល្អមួយ ក្នុងការលើកកម្ពស់ កិត្យានុភាព ប្រជាប្រិយភាព និងសក្តានុពលនយោបាយ នៃអ្នករាជានិយម អ្នកសីហនុនិយម រណឫទ្ធិនិយម ដែលបានចុះខ្សោយជាបន្តបន្ទាប់ ចាប់តាំងពីក្រោយការបោះឆ្នោតនៅឆ្នាំ២០១៨។
ការចូលរួមជាមួយ គណបក្សខ្មែររួបរួមជាតិ គឺជាជម្រើសដ៏ល្អមួយ ក្នុងការសម្របសម្រួល ដោះស្រាយបញ្ចប់បញ្ហាបែកបាក់ផ្ទៃក្នុង នៃអ្នករាជានិយម អ្នកសីហនុនិយម រណឫទ្ធិនិយម ដែលបានអូស បន្លាយអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ។ ការចូលរួមជាមួយ គណបក្សខ្មែររួបរួមជាតិ "ខ.រ.ជ” គឺជាជម្រើសដ៏ល្អមួយ ស្របតាមព្រះបន្ទូលដ៏ ខ្ពង់ខ្ពស់នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីព្រះអង្គទ្រង់នៅមានព្រះជន្ម “សម្លេងដែលមានកុំឲ្យបាត់ សម្លេងដែលបាត់ត្រូវប្រមូលមកវិញ”។ ការចូលរួមជាមួយ គណបក្សខ្មែររួបរួមជាតិ “ខ.រ.ជ គឺជាជម្រើសដ៏ល្អមួយ ក្នុងការពង្រីកចំនួន សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សខ្មែររួបរួមជាតិ ដើម្បីចូលរួមបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅថ្នាក់មូលដ្ឋាន។ ការចូលរួមជាមួយ គណបក្សខ្មែររួបរួមជាតិ គឺជាជម្រើសដ៏ល្អមួយ ក្នុងការទទួលជោគជ័យ ឈានឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នៅឆ្នាំ២០២៣។
សូមជំរាបថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ ក្រោយពីការប្រកាសជាផ្លូវការ ផ្តាច់ខ្លួន របស់អតីតមន្ត្រីជាន់ខ្ពស់របស់ហ្វ៊ុនស៊ិនប៉ិច ចូលជាមួយគណបក្សខ្មែររួបរួមជាតិ ខ.រ.ជ ។ លោកញឺកប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបាន ស្វាគមន៍យ៉ាងកក់ក្តៅ ដោយបញ្ជាក់ថាគណបក្សខ្មែររួបរួមជាតិ សូមស្វាគមន៍យ៉ាងកក់ក្តៅ និងទទួលដោយសេចក្ដីរីករាយ យ៉ាងក្រៃលែង ចំពោះការសម្រេចចិត្តរបស់អតីតថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលបានធ្វើការ សម្រេចចិត្តមករួបរួមជាមួយគណបក្សខ្មែររួបរួមជាតិដើម្បីពង្រឹងអ្នករាជានិយម សីហនុនិយម ឱ្យក្លាយទៅជា គណបក្សមួយដ៏រឹងមាំឡើងវិញ៕



Add new comment