អង្គការសហប្រជាជាតិព្រួយបារម្ភពីភាពចលាចលនៅអ៊ីរ៉ង់

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានអះអាងថា ស្ថានការណ៍ក្នុងប្រទេសអ៊ីរ៉ង់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ខណៈអង្គការ យូនីសេហ្វបាន និយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការស្លាប់របស់កុមារ។​

បីខែនៅក្នុងការបះបោរទូទាំងប្រទេស ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក វូលឃ័ ទក ( Volker Turk) បាននិងកំពុងពិភាក្សាអំពីការពង្រឹងការឆ្លើយតបរបស់អាជ្ញាធរអ៊ីរ៉ង់ចំពោះការតវ៉ា។​

អង្គការសហប្រជាជាតិបាននិយាយថា ការកើនឡើងនៃចំនួនអ្នកស្លាប់ដោយសារបាតុកម្ម រួមទាំងកុមារពីរនាក់កាលពីចុងសប្តាហ៍ បានបង្ហាញពីរបៀបដែលស្ថានភាពធ្ងន់ធ្ងរនៅទូទាំងប្រទេសអ៊ីរ៉ង់កំពុងតែវិវត្តន៍។​

បាតុកម្ម​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង ៣០០ នាក់​ក្នុង​រយៈពេល​ពីរ​ខែ​កន្លង​មក​នេះ។ ​នៅ​ចុង​សប្តាហ៍​នេះ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ នឹង​បើក​កិច្ច​ពិភាក្សា​លើ​ការ​តវ៉ា។​​

កាលពីសប្តាហ៍មុន អង្គការយូនីសេហ្វបាននិយាយថា ខ្លួននៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ស្តីពីកុមារដែលត្រូវបានសម្លាប់ រងរបួស និងឃុំខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់។

ប្រភពដដែលបានអះអាងថា ទោះបីជាមានការខ្វះខាតទិន្នន័យផ្លូវការក៏ដោយ ក៏វាត្រូវបានគេរាយការណ៍ថា ចាប់តាំងពីចុងខែកញ្ញា មានកុមារប្រមាណ ៥០ នាក់ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិតនៅក្នុងភាពចលាចលសាធារណៈនៅទីនោះ។​

យូនីសេហ្វ បាន​និយាយ​ថា​៖ «​នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​រន្ធត់ ហើយ​ត្រូវ​តែ​បញ្ឈប់»។​

ការតវ៉ាបានផ្ទុះឡើងនៅពាក់កណ្តាលខែកញ្ញា បន្ទាប់ពីការស្លាប់របស់ស្រ្តីមួយរូបឈ្មោះ ម៉ាសសា អាមីនី ( Mahsa Amini) ខណៈពេលដែលនាងត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងប៉ូលីស ពីបទបំពានច្បាប់មូស្លីម របស់ប្រទេស៕

Add new comment

7 + 3 =