អង្គការសង្គមស៊ីវិលចំនួន​៤៥​ស្ថាប័នជំរុញរដ្ឋាភិបាល​បញ្ឈប់ការយាយីចំពោះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មាន

អង្គការសង្គមស៊ីវិលចំនួន​៤៥​ស្ថាប័ន បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា បញ្ឈប់នូវការយាយីនានាដែលកំពុងបន្តកើតមានចំពោះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មានដែលបានអនុវត្តសិទ្ធិមូលដ្ឋានចំពោះសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍រួមមួយ​របស់​អង្គការសង្គមស៊ីវិលទាំងនេះ​ដែល​បាន​ចេញ​កាល​ពី​ថ្ងៃទី​០៣ ខែមេសា ក្នុង​ទិវាសេរីភាពសារព័ត៌មាន​សកល ៣​ ឧសភា បាន​លើកឡើងថា ៖ «យើងខ្ញុំ​ជាអង្គការសង្គមស៊ីវិលមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តធ្លាក់ចុះនូវបរិយាកាសមិនល្អនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ហើយយើងខ្ញុំ​សូមជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា​បញ្ឈប់នូវ​ការយាយីនានាដែលកំពុងបន្តកើតមានចំពោះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មានដែលបានអនុវត្តសិទ្ធិមូលដ្ឋានចំពោះសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន​»។​

ក្រុមអង្គការសង្គមស៊ីវិលទាំង​៤៥ស្ថាប័ននេះ បាន​​ជំរុញឱ្យរដ្ឋាភិបាលធ្វើការលុបបំបាត់នូវអំពើនិទណ្ឌភាពប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលត្រូវបានវាយប្រហារ និងធ្វើឃាតផងដែរ​។

អង្គការសង្គមស៊ីវិលបានឱ្យ​ដឹងថា ៖ «យើងខ្ញុំសូមជំរុញឱ្យរដ្ឋាភិបាល​លុបចោលនូវច្បាប់ដែលមានលក្ខណៈ​គាបសង្កត់ ដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពមូលដ្ឋាន ក៏ដូចជាសេរីភាពសារព័ត៌មាន ហើយត្រូវធានាថារាល់ការតាក់តែងច្បាប់នានាក្នុងពេលខាងមុខនឹងត្រូវបានព្រាងឡើងឱ្យ​ស្របតាមកាតព្វកិច្ចសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជា ប្រកបដោយតម្លាភាព និងមានការពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល»។

សេរីភាពសារព័ត៌មាននៅតែ​ជាការរំពឹងទុក​សម្រាប់​ប្រ​ព័ន្ធផ្សព្វផ្សាយ ​និង​អ្នក​សារព័ត៌​មានឯក​រាជ្យ​នៅក្នុង​ប្រ​ទេសកម្ពុជា ខណៈដែលនិន្នាការនៃការបំបិទសំឡេងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័​ត៌មានឯករាជ្យនៅតែបន្តក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

យោងតាមសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២០ ដែលវាយតម្លៃពីការអនុវត្តជាទូទៅនៃសេរីភាពសារព័ត៌មានតាមបណ្តាប្រទេស និងតំបន់នានាជុំវិញសកលលោក បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាថាមិនល្អ ដោយឈរនៅលេខរៀងទី១៤៤ ក្នុងចំណោមប្រទេស១៨០ ។

 នៅឆ្នាំ២០២០ យ៉ាងហោចណាស់មានអ្នកសារព័ត៌មាន​ ២២ នាក់ ត្រូវបានវាយប្រហារ ឬគំរាមកំហែងដោយអំពើហិង្សា​អំឡុងពេលបំពេញភារកិច្ច ហើយមានអ្នកសារព័ត៌មាន​ម្នាក់បានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍ ហើយករណីនេះពុំមានការស៊ើបអង្កេតឱ្យបានត្រឹមត្រូវនោះទេ។ 

 អង្គការសង្គមស៊ីវិលទាំងនោះមាន អង្គ​ការក្រុម​ការ​ងារ​ដោះស្រាយទំនាស់,​ បណ្តាញអាស៊ីដើម្បីការ​បោះឆ្នោត​ដោយ​សេរី​, អង្គ​ការ​អភិវឌ្ឍន៍សំលេង​សហគមន៍, មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​(ម.ស.ម.ក), មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រ​ព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ​,​ សមាគមសម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា​ (ខេមបូចា),  សមាគមបណ្តាញយុវជន​កម្ពុជា​ និងមាន​អង្គការសង្គមស៊ីវិលជាច្រើនទៀត៕

 

Add new comment

15 + 1 =