អគ្គលេខាធិការ UN ផ្ញើសារំលែកទុក្ខចំពោះមរណភាពរបស់នាយទាហានមួកខៀវមួយរូប

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ។

លោក Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ផ្ញើ​សារលិខិត​ជូន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​នាយទាហាន​មួក​ខៀវ​មួយ​រូប​របស់​កម្ពុជា នៅ​ប្រទេស​ម៉ាលី កាលពី​ចុងខែ​ឧសភា​កន្លងទៅនេះ​។​

​ក្នុង​សារលិខិត​នោះ​លោក Antonio Guterres បានសរសេរថា ឯកឧត្ដម​បានទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត ចំពោះ​មរណភាព​របស់​កម្លាំង​គាំទ្រ​ថ្នាក់ជាតិ​កម្ពុជា នៃ​បេសកកម្ម​រក្សា​ស្ថិរភាព​ចម្រុះ​នៅ​សា ធារ​ណ​រដ្ឋ​ម៉ាលី​(MINUSMA) ក្នុង​ទីក្រុង​ហ្គា​វ (GA0) កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ កន្លងទៅ​។​

​លោក​បន្តថា ក្នុងឱកាស​ដ៏​សោកសៅ​នេះ ឯកឧត្ដម​សូម​ចូលរួម​រំលែក​សមាន​ទុក្ខ​ដោយ​ស្មោះ​អស់ពីដួងចិត្ត ចំពោះ​ក្រុមគ្រួសារ​នៃ​សព និង​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការបាត់​បង់ជីវិត​ដ៏​សោកសង្រេង​នេះ ព្រមទាំង​សូម​កោតសរសើរ​ចំពោះ​ការចូលរួមចំណែក ដែល​បាន​ធ្វើឡើង​ដោយ​ជនរួមជាតិ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដល់​ការងារ​រក្សា​សន្តិភាព​របស់​យើង​នៅ​សាធារណរដ្ឋ​ម៉ាលី​។

លោក​សូម​អះអាង​ នៅ​ចំពោះមុខ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​.) ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្ដា​រដ្ឋាភិបាល​នៃ​ប្រទេស​ម្ចាស់ផ្ទះ សូម​ប្ដេជ្ញា​ពង្រឹង​កិច្ចខិតខំ​ថែមទៀត ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​–១៩ លើ​បេសកកម្ម​រក្សា​សន្តិភាព​របស់​យើង​។​

​លោក​បន្ថែម​ថា ស្របពេល​នៃ​ការចាត់វិធានការ​ក្នុង​ការធានា​សុវត្ថិភាព និង​សន្តិសុខ​របស់​កងកម្លាំង​រក្សា​សន្តិភាព និង​បុគ្គលិក​ដទៃទៀត បេសកកម្ម​នានា​របស់​យើង នឹង​ខិតខំ​បន្ត​ផ្តល់​អាណត្តិ​របស់​ពួកគេ​។

ក្នុងន័យនេះ លោក​សូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជាថ្មី ចំពោះ​ការគាំទ្រ​ដ៏​មុតមាំ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដល់​អង្គការសហប្រជាជាតិ និង​ជាពិសេស​ដល់​ប្រតិបត្តិ​ការរក្សា​សន្តិភាព​។

​កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ កន្លងទៅនេះ មាន​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​១​រូប បាន​បាត់ បង់ជីវិត បន្ទាប់ពី​ឆ្លង​ជំងឺ​កូ​វីដ​–១៩ នៅ​ប្រទេស​ម៉ាលី​។ ទាហាន​ដែល​បានទទួល​មរណភាព​នេះ គឺ​ឧ​ត្ត​ម​សេនីយ៍​ទោ ស សា​វី អាយុ​៦៣​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ចុង​បឹង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​៕​

Add new comment

5 + 6 =

Please wait while the page is loading