ស្ត្រីថៃ៤រូបប្រឈមនឹងការដាក់គុក៦ខែនៅសិង្ហបុរី

ស្រ្តីជនជាតិថៃចំនួន៤រូប ត្រូវបានសារព័ត៌មានរាយការណ៍ថា នឹងប្រឈមមុខនឹងការជាប់ពន្ធនាគារចំនួនយ៉ាងតិចណាស់៦ខែ ពីបទរៀបចំពិធីជប់លៀងនៅក្នុងអំឡុងពេលដែល ប្រទេសសិង្ហបុរីពង្រឹងការអនុវត្តវិធានការសង្គមប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ១៩។

ស្ត្រីថៃទាំង៤ នាក់នេះ គឺស្ថិតក្នុងចំណោមមនុស្ស១០នាក់ ដែលត្រូវបានចោទប្រកាន់នៅសិង្ហបុរីកាលពីថ្ងៃពុធទី៥ ខែសីហា ពីបទរៀបចំការប្រមូលផ្តុំដែលមិនចាំបាច់ និងរំលោភលើវិធានការណ៍សង្គមដែលបានកំណត់ ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ នៅក្នុងប្រទេសដែលមានច្បាប់តឹងរឹងនេះ។

ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីបានរាយការណ៍ថាស្ត្រីថៃ៤នាក់និងបុរសសិង្ហបុរី ៦ នាក់ត្រូវបានចាប់ខ្លួនក្នុងពិធីជប់លៀងនៅថ្ងៃទី១១ ខែមិថុនា។ សវនាការរបស់ពួកគេគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២៨ ខែសីហា ហើយជនជាប់ចោទនឹងប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល៦ខែ និងអាច ពិន័យជាប្រាក់ចំនួន ១០,០០០ ដុល្លារសិង្ហបុរី។

កាលពីថ្ងៃពុធករណី កូវីដ១៩ថ្មីចំនួន ៩០៨ ត្រូវបានបញ្ជាក់ថា រកឃើញនៅក្នុងប្រទេសសិង្ហបុរី ដែលក្នុងនោះ៤ករណីត្រូវបាននាំចូល មួយករណី​គឺក្នុងស្រុក ហើយនៅសល់គឺក្នុងចំណោមពលករបរទេសដែលរស់នៅក្នុងស្ថានភាពចង្អៀត៕

Add new comment

1 + 2 =