ស៊ុយអែត និងយូណេស្កូសម្ពោធគម្រោងថ្មី គាំទ្រដល់កិច្ចអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជាក្នុង​ថវិកាជាង២លានដុល្លារ

ប្រទេសស៊ុយអែត និងអង្គការយូណេស្កូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីចាប់ផ្តើមគម្រោងថ្មីមួយមានឈ្មោះថា «ការពង្រឹងកិច្ចអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពនៃការបញ្ចេញមតិ» ដែលត្រូវអនុវត្តក្នុងភាពជាដៃគូជាមួយអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ 

យោង​តាម​សេចក្តីប្រកាសព័ត៌មាន​នៅ​ថ្ងៃទី០៨ ខែមេសា នេះបាន​ឱ្យ​ដឹងថា ប្រទេសស៊ុយអែតនឹងផ្តល់ថវិកាចំនួន ២៣ លានក្រោន (ប្រមាណជា ២,៥ លានដុល្លារអាមេរិក) ដល់អង្គការយូណេស្កូសម្រាប់ការអនុវត្តគ្រោងនេះ។ 

កិច្ចព្រមព្រៀងដែលមានរយៈពេលចំនួន៣ឆ្នាំនេះ គោលបំណងជំរុញឱ្យមានបរិយាកាសប្រព័ន្ធ ផ្សព្វផ្សាយប្រកបដោយសុវត្តិភាព សេរីពហុនិយម និងឯករាជ្យ ដែលនឹងជួយធ្វើឱ្យមានភាព ប្រសើ​រឡើងនៃសេរីភាពក្នុងការបញ្ចេញមតិ និងការទទួលបានព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ 

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ការងាររបស់អង្គការយូណេស្កូនឹងផ្តោតលើការពង្រឹងក្របខ័ណ្ឌច្បាប់ និងវិស័យប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងលើតម្រូវការបន្ទាន់បណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាតជាសាកលកូវីដ-១៩ នេះ។ 

លោក ប៊្យន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ការគាំទ្រ នេះ គឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែត ជាមួយប្រទេសកម្ពុជា ដែលផ្តោតលើសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ 

លោក​បាន​មានប្រសាសន៍ថា ៖ «យើងរីករាយដែលធ្វើការជាដៃគូជាមួយអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ដើម្បីកសាងសមត្ថភាពលើវិស័យប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈសារព័ត៌មាន និងបង្កើតយន្តការសម្រាប់សុវត្ថិភាពអ្នកសារព័ត៌មាន»។ 

លោកប៊្យន ហេក​ម៉ាក បាន​បន្តថា ​ការយកចិត្តទុកដាក់ពិសេនឹងត្រូវបានផ្តល់ជូនអ្នកសារព័ត៌មានជាស្ត្រី ដែលងាយទទួលរងគ្រោះក្នុងវិជ្ជាជីវៈសារព័ត៌មាន ហើយខ្វះឱកាសស្មើភាពគ្នាក្នុងការទទួ​លបានការអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួននៅក្នុងវិស័យសារពត៌មាននេះ។ 

អង្គការយូណេស្កូនឹងផ្តោតលើការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន និងផ្តល់ជូនសាធារណជន ជាពិសេសយុវជន នូវជំនាញនិងចំណេះដឹងដែលចាំបាច់ ដើម្បីធ្វើអន្តរកម្មនៅក្នុងពិភពអនឡាញ ប្រកបដោយសុវត្តិភាព និងប្រសិទ្ធភាព។ 

តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា លោក សាដា អ៊ូម៉ា អាឡាម បានលើកឡើងពីសារ សំខាន់នៃកិច្ចព្រមព្រៀងជាមួយប្រទេសស៊ុយអែតថា គំនិតផ្តួចផ្តើមនេះនឹងពង្រឹងសេរីភាពនៃការបញ្ចេញមតិ និងប្រព័ន្ធអេកូឡូស៊ីនៃការទទួលបានព័ត៌មាននៅក្នុងប្រទេសកម្ពុជាតាមរយៈការតស៊ូមតិឱ្យទទួលបានក្របខ័ណ្ឌច្បាប់ដែលមានលក្ខណៈរឹងមាំសម្រាប់ការអភិវឌ្ឍប្រព័ន្ធ ផ្សព្វផ្សាយ។

លោកថ ៖ «ការផ្តល់វេទិកាសម្រាប់ការសន្ទនានិងកិច្ចពិភាក្សាជាសាធារណៈ និងជំរុញឱ្យមាន បរិ​យាកាសប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពរស់រវើក ដែលនឹងលើកកម្ពស់តម្លៃប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព»។ 

លោកថា ដោយផ្តោតលើសសរស្តម្ភដើម្បីសន្តិភាព យុត្តិធម៌ និងបរិយាបន្ននៃរបៀបវារៈឆ្នាំ២០៣០ គម្រោង នេះបានចូលរួមចំណែកដោយផ្ទាល់ ដោយឆ្ពោះទៅរកការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយ​ចីរភាពទី១៦ដែលផ្តោតលើការជំរុញឱ្យ​មាន​គណនេយភាព្យ​របស់​រដ្ឋាភិបាល ការសាងនីតិរដ្ឋនិង​ការ​រក្សា​សន្តិភាព៕

 

Add new comment

1 + 10 =