សិង្ហបុរីប្រកាសបន្ធូរបន្ថយការដាក់កម្រិតលើអ្នកទេសចរមកពីប្រទេសជាច្រើន

អ្នកទេសចរមកពីប្រទេសចំនួន ៦ ដែលសិង្ហបុរីបានបិទពីមុនដោយសារតែការភ័យខ្លាចការរីករាលដាលនៃមេរោគកូវីដ ១៩ នឹងត្រូវអនុញ្ញាតឱ្យចូលសិង្ហបុរីចាប់ពីថ្ងៃពុធនេះតទៅ​​ ខណៈប្រទេសនេះ បន្តកែសម្រួលវិធានការមួយចំនួន ដើម្បីឆ្លើយតបទៅនឹងស្ថានភាព នៃការរីករាលដាលនៃមេរោគនៅលើពិភពលោក។

ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសថា អ្នកដំណើរទាំងអស់ លើកលែងតែអ្នកទេសចរ រយៈពេលខ្លីដែលមានប្រវត្តិធ្វើដំណើរ ១៤ ថ្ងៃទៅកាន់ប្រទេសបង់ក្លាដែស ឥណ្ឌា មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និងស្រីលង្កានឹងត្រូវអនុញ្ញាតឱ្យចូលឬឆ្លងកាត់សិង្ហបុរី។

ប្រភពដដែលក៏​បាន​និយាយ​ផងដែរ​ថា សិង្ហបុរី​នឹងធ្វើ​ការ​បន្ធូរបន្ថយ​វិធានការមួយចំនួនបន្ថែមទៀត​សម្រាប់​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​មួយ​ចំនួន​ទៀត រួម​មាន​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី។

កាលពីថ្ងៃសៅរ៍ លោក អុង យីគង (Ong Ye Kung) រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរី បាននិយាយថា ស្ថានភាពនៅក្នុងប្រទេសទាំងនេះមានស្ថិរភាព ដូច្នេះ មិនចាំបាច់មានច្បាប់តឹងរ៉ឹងដែលរារាំងអ្នកដំណើរមកពីប្រទេសទាំងនេះមិនឱ្យចុះចតនៅទីនេះទេ។

លោកបាននិយាយថាបន្ទាប់ពីឆ្លងកាត់រលកធំៗ អស់រយៈពេលជាច្រើនខែស្ថានភាពជំងឺរាតត្បាតនៅក្នុងប្រទេសជាច្រើនមានស្ថិរភាព។

លោកបានមានប្រសាសន៍ថា «ដូច្នេះយើងអាចបើកផ្លូវធ្វើដំណើរជាមួយប្រទេសទាំងនេះដោយសុវត្ថិភាព»។

លោកក៏បានកត់សម្គាល់ផងដែរថា ដើម្បីធ្វើឱ្យអ្វីៗមានសុវត្ថិភាពសម្រាប់ប្រទេសសិង្ហបុរី រដ្ឋាភិបាលមានវិធានការតឹងរ៉ឹង ដូចជាតម្រូវឱ្យអ្នកដំណើរត្រូវធ្វើតេស្តនៅពេលពួកគេចូលមកក្នុងប្រទេស។ លោក​បាន​បន្ថែម​ថា នេះ​ជា​មូលហេតុ​ដែល​ចំនួន​អ្នក​ឆ្លង​នាំចូល​របស់​សិង្ហបុរី​នៅ​មាន​កម្រិត​ទាប៕

Add new comment

7 + 3 =