សាលារាជធានីភ្នំពេញ អំពាវនាវ ឲ្យអតីតបុគ្គលិក ក្រុមហ៊ុន ណាហ្គាវើល NAGA World បញ្ឈប់សកម្មភាពតវ៉ាដោយខុសច្បាប់

កញ្ញា​ ឈឹម ស៊ីថរ តំណាង សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​​ណាហ្គាវើលដ៍ ក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃទី២៤​ ខែធ្នូ ឆ្នាំ២០២១

សាលារាជធានីភ្នំពេញ អំពាវឲ្យ អតីតបុគ្គលិក ក្រុមហ៊ុនណាហ្គាវើល NAGA World ត្រូវបញ្ឈប់សកម្មភាពតវ៉ាដោយខុសច្បាប់ ចាប់ពីពេលនេះតទៅ សំដៅធ្វើយ៉ាងណារក្សាបាននូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ។ សេចក្តីអំពាវនាវនេះធ្វើឡើងតាមរយៈលិខិតចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

អតីតបុគ្គលិកក្រុមកាស៊ីណូ ដ៏ធំនៅកណ្តាលរាជធានីភ្នំពេញ ណាហ្គាវើល  NAGA World ប្រមាណ១០០០ នាក់ បានប្រកាន់ជំហររបស់ខ្លួនបន្តកាតតវ៉ារហូតមានដំណោះស្រាយមួយដ៏សមរម្យពីក្រុមហ៊ុនដ៏ធំមួយនេះ ក្រោយពីការចរចារជាច្រើនលើកជាមួយភាគីក្រុមហ៊ុន។

ពួកគេធ្វើកូដកម្មចំនួនប្រមាណជា១៣ថ្ងៃជាប់ៗគ្នាទាមទា លក្ខខណ្ឌចំនូន៩ចំនុច ទាមទាឲ្យក្រុមហ៊ុន គោរពសិទ្ធិកម្មករ និងច្បាប់ការងារនៅក្នុងប្រទេសកម្ពុជា។  ក្នុងនោះមានការទាមទារឲ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីព  និងកម្មករនិយោជិត សរុប ចំនួន៣៦៥នាក់  ដែលមិនព្រមទទួលយកសំណងបញ្ចប់កិច្ចសន្យាការងារ  ចូលបម្រើការងារ​នៅកន្លែង​ដើមវិញ  រួមទាំងផ្ដល់ប្រាក់រំលឹកផ្សេងៗ គិតតាំងពីថ្ងៃបញ្ឈប់ រហូតមកដល់ ថ្ងៃចូលធ្វើការវិញ​ជាដើម។

ក្នុងលិខិតអំពាវនាវរដ្ឋបាលរាជធានីភ្នំពេញ បានចាត់ទុកថា អតីតបុគ្គលិក ណាហ្គាលវើល NAGA World ដឹកនាំដោយ កញ្ញា ឈឹមស៊ីថរ ធ្វើកូដកម្មសម្តែង មតិដោយខុសច្បាប់ នៅលើសួនច្បារសាធារណៈ និងនៅតាមដងផ្លូវសាធារណៈ ព្រមទាំងបានបិទផ្លូវច្រក ចេញចូលរបស់ក្រុមហ៊ុនឯកជនថែមទៀតផង ដែលសកម្មភាពនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន ជាពិសេសពុំបាន ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បើទោះបីជាមានការខិតខំសម្របសម្រួលរកដំណោះស្រាយ ជាបន្តបន្ទាប់ ទាំងនៅថ្នាក់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងណាក្តី។

រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់បន្ថែមថា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំសកល ២០២២ ដែលនឹងចូលមកដល់នៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នេះ ក៏ដូចជាដើម្បីបង្កលក្ខណៈដល់បងប្អូន ប្រជាពលរដ្ឋទូទៅ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរកម្សាន្តដោយភាពសប្បាយរីករាយ រដ្ឋបាលរាជធានី ភ្នំពេញ សូមអំពាវនាវដល់ក្រុមបាតុករទាំងអស់ ត្រូវបញ្ឈប់សកម្មភាពតវ៉ាដោយខុសច្បាប់ចាប់ពីពេលនេះតទៅ សំដៅធ្វើយ៉ាងណារក្សាបាននូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ។

សូមជំរាបថាកាលពីខែមេសា ឆ្នាំ២០២១ កាស៊ីណូដ៏ធំ កណ្តាលរាជធានីភ្នំពេញ ក្រុមហ៊ុនណាហ្គាវើលដ៍ NAGA World បានបញ្ឈប់កម្មករនិយោជិតចំនួន ១៣២៩ នាក់ដោយមិនបានផ្ដល់សំណងត្រឹមត្រូវ​ ក្រោមហេតុផលវិបត្តិជំងឺកូវីដ-១៩។ ក្រោយមកមួយចំនួនបានទទួលយកដំណោះស្រាយពីក្រុមហ៊ុន នៅសល់ចំនួន ៣៦៥នាក់  ដែលមិនព្រមទទួលយកសំណងបញ្ចប់កិច្ចសន្យាការងារ។

Add new comment

4 + 15 =