សម្តេចប៉ាប៖ សេដ្ឋកិច្ចត្រូវតែជួយប្រជាពលរដ្ឋនិងផែនដី

The Pope says people are more important than profits

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ កាលពីថ្ងៃទី ១២ ខែមករា បានជំរុញឲ្យអ្នកសេដ្ឋកិច្ចទាំងអស់រិះគិតដើម្បីជួយសង្រ្គោះមនុស្សជាតិ និងផែនដី ដោយមិនយកផលប្រយោជន៍ជាធំ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទូលបែបនេះទៅកាន់អ្នកដែលចូលរួមនៅក្នុងស​ន្និសីទវ៉ាទីកង់ស្តីអំពីអនាគតក្រោយការរីករាលដាលនៃមេរោគកូវីដ ១៩។

នៅសន្និសីទនេះសម្តេចប៉ាបបានជំរុញឲ្យអ្នកចូលរួមសន្និសីទទាំងអស់ យកចិត្តទុកដាក់និងចាត់ទុកសេដ្ឋកិច្ចសាកលជាផ្នែកមួយនៃសកម្មភាពនិងសេវាកម្មសម្រាប់ជួយមនុស្សដូចគ្នា និង​ជួយសង្រ្គោះពិភពផែនដីនៅពេលបច្ចុប្បន្ននេះ ។

សម្តេចប៉ាបទ្រង់ក៏បានមានបន្ទូលអំពីកំណើននៃការកើនឡើងរបស់អ្នកក្រីក្រ ពាណិជ្ជកម្មអាវុធនិងការគំ​រា​មកំហែងខាងផ្នែកបរិស្ថានផងដែរ។

ប្រភពដដែលបានបន្តថា សន្និសីទនេះ ត្រូវបានរៀបចំឡើងដោយក្រសួងអភិវឌ្ឍន៍មនុស្សជាតិរបស់បុរីវ៉ាទីកង់នៅក្នុងទម្រង់អនឡាញ នៅក្រោមកិច្ចសហការជាមួយនឹងគណៈកម្មការកូវីដ ១៩ និងដៃគូរមួយអន្តរជាតិមួយចំនួនទៀត។

អង្គសន្និសីទអនឡាញនេះ មានការចូលរួមដោយថ្នាក់ដឹកនាំខាងអាជីវកម្ម ហិរញ្ញវត្ថុ អភិវឌ្ឍន៍សេដ្ឋកិច្ច និងសភាជាច្រើននាក់ ហើយប្រធានបទដែលជាមូលដ្ឋាននៃអង្គសន្និសីទ គឺផ្តោតលើ​ការរៀបចំអនាគត ការកសាងសេដ្ឋកិច្ច ​ប្រកបដោយនិរន្តភាព និងឆ្លើយតបនឹងតម្រូវការ របស់មនុស្សគ្រប់គ្នា។

នៅក្នុងអង្គសន្និសីទនោះ អ្នកចូលរួមបានពិភាក្សាអំពីមធ្យោបាយ ដែលសង្គមនានា កំពុងតែផ្លាស់ប្តូរ ដោយសារតែការរីករាលដាលនៃមេរោគ និងរិះរកគំរូសេដ្ឋកិច្ចថ្មី ដែលនឹងផ្តល់នូវតម្លៃនិងការយកចិត្តទុកដាក់កាន់តែធំនៅលើតម្លៃធម្មជាតិ មនុស្សជាតិ និងសង្គមមនុស្សជារួម៕

Add new comment

2 + 1 =