សម្តេចប៉ាបអនុម័តយល់ព្រមនូវថវិការ ឆ្នាំ២០២១ របស់បុរីវ៉ាទីកង់

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានអនុម័តយល់ព្រមហើយនៅលើកញ្ចប់ថវិការ សម្រាប់ចំណូលនិងចំណាយរបស់បុរីវ៉ាទីកង់នាឆ្នាំ២០២១ នេះ។

ប្រភពដដែលបានរាយការណ៍ថា សម្តេចប៉ាបបានអនុម័តនៅលើកញ្ចប់ថវិការចំណាយនិងចំណូលរបស់បុរីវ៉ាទីកង់ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រោយពេលដែលថវិកានេះត្រូវបានស្នើកាលពីថ្ងៃអង្គារ ដោយក្រសួងសេដ្ឋកិច្ច និងបានឆ្លងក្រុមប្រឹក្សាសេដ្ឋកិច្ចនៃបុរីវ៉ាទីកង់រួចមក ។

ប្រភពដដែលបានរាយការណ៍ថា ទោះបីជាសេដ្ឋកិច្ចត្រូវរងសំពាធនៃផលប៉ះពាល់ដោយសារតែ វិបត្តិនៃការរីករាលដាលនៃកូវីដ ១៩ យ៉ាងណាក៏ដោយ ក៏បុរីវ៉ាទីកង់នៅនូវផ្តោតការយកចិត្តទុកដាក់ទៅលើសកម្មភាពមនុស្សធម៌ដដែល ។

ប្រភពដដែលបានរាយការណ៍ថា សម្រាប់ឆ្នាំនេះបុរីវ៉ាទីកង់រំពឹងថា នឹងអាចរកចំណូលត្រឹមត្រែ ២៦០,៤ លានយូរ៉ូ ប៉ុណ្ណោះ ប៉ុន្តែការចំណាយវិញនោះ គឺអាចមានរហូតដល់ទៅ ៣១០,១ លានយូរ៉ូ ពោលគឺជួបឱនភាពប្រមាណជា ៤៩,៧ លានយូរ៉ូ ។

ថវិការដែលបានអនុម័តនេះរងសំពាធធ្ងន់ធ្ងរណាស់របស់វ៉ាទីកង់ ខណៈដែលពេលនេះ វ៉ាទីកង់កំពុងតែ មានបញ្ហាវិបត្តិសេដ្ឋកិច្ចស្រាប់ដែលបណ្តាលមកពីការរីករាលដាលនៃមេរោគកូវីដ១៩។

ប្រភពដដែលបានអះអាងថា ដោយសារតែបញ្ហាសេដ្ឋកិច្ចនៅគ្រប់ទីកន្លែង ជំនួយមូលនិធិ និងអំណោយសប្បុរសដែលផ្តល់មកបុរីវ៉ាទីកង់នឹងមានបញ្ហានៅក្នុងឆ្នាំនេះ ប៉ុន្តែបុរីវ៉ាទីកង់បានអះអាងថា ថវិកាដែលមាន បញ្ហានឹងត្រូវបានដោះស្រាយដោយទុនបម្រុងរបស់បុរីវ៉ាទីកង់។

មកដល់ពេលនេះបុរីវ៉ាទីកង់នៅតែត្រូវបានគេចាត់ទុកថា គឺជារដ្ឋឯករាជ្យដ៏តូចបំផុតមួយនៅលើពិភពលោក៕

Add new comment

1 + 7 =