សមាគមរោងចក្រកាត់ដេរ និង EuroCham ស្នើសភាអឺរ៉ុបពន្យាពេលដក EBA

កម្មការនីរោងចក្រ បំពេញការងារមុនពេលវិបត្តិកូវីឌ១៩។

ដោយសារ​ផល​ប៉ះពាល់ នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​–១៩ ​ក៏ដូចជា ​ដើម្បី​ជួយសង្គ្រោះ​ការងារ​ដល់​កម្មករ​និយោជិត សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​(GMAC) ​សមាគម​ស្បែកជើង ​(CFA) និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​ នៅ​កម្ពុជា ​(EuroCham) ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​មួយ ​ដើម្បី​ស្នើសុំ​សភា​អឺរ៉ុប​ បន្ត​ពន្យា​ពេល​លើ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។

នៅក្នុង​សេចក្តីថ្លែងការណ៍ ​ចុះ​កាលពី​ថ្ងៃទី​៣០ ​ខែមិថុនា ​ឆ្នាំ ២០២០​កន្លងទៅ​ បាន​លើក​ឡើងថា ចាប់​តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ មាន​រោងចក្រ​ សហគ្រាស​ប្រមាណ​៤០០ រង​ការ​ប៉ះទង្គិច​យ៉ាង​ធ្ងន់ធ្ងរ​ទៅដល់​រោងចក្រ​ផលិត​សំលៀកបំពាក់ ​, ស្បែកជើង​, ទំនិញ ​ដំណើរ​។ ​ក្នុងនោះ​កម្មករ​និយោជិត​ប្រមាណ ១៥​ម៉ឺន​នាក់ ​ក្នុង​វិស័យ​ទាំងនេះ ដែល​ភាគច្រើន​ជា​ស្ត្រី​បាន​បាត់បង់​ការងារ ហើយ​តួលេខ​នេះ​ នឹង​កើន​ឡើង​ខ្លាំង​នៅ​ប៉ុន្មាន​សប្តាហ៍​ និង​ប៉ុន្មាន​ខែ​ខាងមុខ​។

ទាក់ទិន​ និង​បញ្ហា​ខាងលើនេះ ​ នៅ​ព្រឹក​ថ្ងៃទី​២ ខែកក្កដា​ នេះ ក្រុម​កម្ម​ការិនី​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ បាន​ត្អូញត្អែរ​ថា ​ក្រោយ​ជួប​វិបត្តិ​កូ​វីដ ធ្វើឱ្យ​ការងារ​ថយចុះ ​បាត់បង់​ប្រាក់ចំណូល ​ជាពិសេស​មិន​សល់​ប្រាក់​កាក់​ដើម្បី​ផ្ញើ​ទៅផ្ទះ​ដូច​មុនៗ​។

លោក បិ​ន កែវ អគ្គលេខាធិការ​សមាគម​ស្បែកជើង​នៅ​កម្ពុជា ​បានលើកឡើង​ក្នុង​សេចក្តីថ្លែង​ការណ៍​ខាងលើ​ថា «ចាប់​តាំងពី​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ២០% ​សមាគម​ទាំងបី បាន​ដាក់​សំណើរ​ជា​បន្តបន្ទាប់ ដើម្បី​ស្នើឱ្យ​អឺរ៉ុប​លុបចោល​ការសម្រេច​វិញ ​ព្រោះថា ការ​ដាក់​ទណ្ឌកម្ម​នេះ​ ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព​របស់​ខ្មែរ​រាប់​លាន​នាក់ ​ខណៈដែល​រោងចក្រ​បន្តបន្ទាប់​នៅ​កម្ពុជា ​បាន​បង្ខំចិត្ត​ផ្អាក​ប្រតិបត្តិការ​ទាំងស្រុង ​និង​រោងចក្រ​ផ្សេងទៀត​ កំពុង​កាត់បន្ថយ​សង្វាក់​ផលិតកម្ម​ដោយសារ​ធ្លាក់​ចុះ​ការបញ្ជាទិញ»​។

សូមបញ្ជាក់ថា ​គណៈកម្មការ​អឺរ៉ុប​គ្រោង​នឹង​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​លើ​ផលិតផល​សំលៀក​បំពាក់​២០% ​ស្បែកជើង ៣០% ​និង​សម្ភារៈ​ធ្វើដំណើរ​គ្រប់មុខ​ចាប់ពី​ខែ​សីហា​ ខាងមុខ​តទៅ​៕

Add new comment

9 + 0 =