សមាគមព្រះគម្ពីរកម្ពុជាច្រានចោលការចោទប្រកាន់និងព្រមានចាត់វិធានការច្បាប់

ព្រះគម្ពីរ​បរិសុទ្ធ​និង​ព្រះគម្ពីរ​ដ៏​វិសុទ្ធ ដែលបោះពុម្ព​ដោយ​សមាគម​ព្រះគម្ពីរ​កម្ពុជា។

សមាគមព្រះគម្ពីរកម្ពុជា គឺជា​សមាជិក​ពេញ​អង្គមួយ​រូប​របស់​សមាគម​ព្រះ​គម្ពីរ​សកលដែល​មាន​សមាជិក​ចំនួន​១៥០ ក្នុង​ចំណោម​២០០​ប្រទេស។ ថ្មីៗនេះ សមាគម​ព្រះគម្ពីរ​កម្ពុជា​សង្កេត​ឃើញថា មានព័ត៌មាន​និង​ការចែក​ផ្សាយ​ជាច្រើននៅលើបណ្តាញ​សង្គម​ហ្វេសប៊ុក​ដែលប៉ះពាល់​ដល់កិត្តិយស​ សេចក្តីថ្លៃថ្នូរ ភាព​ត្រឹម​ត្រូវ និង​សិទ្ធិ​ស្រប​ច្បាប់​របស់​សមាគម​ព្រះ​គម្ពីរ​កម្ពុជា​ដែល​ទទួល​ស្គាល់​ដោយ​រាជ​រដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា​ ព្រម​ទាំង​ផ្ទុយ​ពី​គោលការណ៍​សុខដុម​នីយកម្ម​របស់​រាជ​រដ្ឋាភិបាល​ផងដែរ មិនតែប៉ុណ្ណោះ​ក៏ជា​សកម្មភាព​មួយ​ផ្ទុយ​ពី​វប្បធម៌​ និងក្រម​សីលធម៌​របស់​គ្រីស្តបរិស័ទ​ថែម​ទៀត​ផង។ 

 

សមាគមព្រះគម្ពីរកម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មានមួយ​ដើម្បីជម្រាប​ដល់សាធារណៈមតិ​ទាំងអស់​ឱ្យ​បានដឹងនិង​យល់​ឱ្យ​បានច្បាស់ថា សមាគមព្រះ​គម្ពី​រកម្ពុជ គឺជា​ស្ថាប័ន​គ្រីស្តបរិស័ទ​ឯករាជ្យ បម្រើ​ឱ្យ​ផល​ប្រយោជន៍​រួម​សម្រាប់​ទាំង​អន្តរគណៈនិង​អន្តរនិកាយ សមាគមព្រះ​គម្ពីរកម្ពុជា ជាស្ថាប័ន​គ្រីស្តបរិស័ទដែល​បាន​នឹង​កំពុង​បំពេញ​តួនាទី​របស់ខ្លួនដោយ​មិនលំអៀង​ទៅកាន់​គណៈឬនិយកាយ​ណាមួយ​ឡើយ ក្នុង​ការ​បកប្រែ ការបោះពុម្ព និង​ការចែក​ផ្សាយ​ព្រះ​គម្ពីរ​ជាភាសាជាតិខ្មែរទៅដល់​បងប្អូនគ្រីស្តបរិស័ទ​ទូទៅ និង​ប្រជាពលរដ្ឋ​ខ្មែរទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏ដូចជា​អ្នក​ប្រើ​ប្រាស់​ព្រះគម្ពីរ​ជាភាសាខ្មែរ​នៅទូទាំងពិភពលោក​ផងដែរ។

 

សេចក្តីប្រកាសព័ត៌មានបានបន្តទៀតថា សមាគមព្រះគម្ពីរ​អង់គ្លេស​បាន​បើក​សាខា​របស់​ខ្លួន​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេសកម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​១៨៩២ ហើយ​បាន​បន្ត​បើក​ទីស្នាក់ការ​ដើម្បី​ចែក​ចាយ​ព្រះ​គម្ពីរ​គ្រីស្តបរិស័ទ​ដំបូង​បំផុតនៅទីក្រុង​ភ្នំពេញក្នុង​ឆ្នាំ​១៩៥៥។ ដោយ​សារ​សង្រ្គាម​ស៊ីវិល​បាន​ឆាប​ឆេះ​ឡើង និង​មាន​ការ​ផ្លាស់ប្តូរប្រទេស​កម្ពុជាទៅជារបប​កម្ពុជា​ប្រជាធិបតេយ្យ​ ប្រល័យពូជសាសន៍​ខ្មែរក្រហម ចាប់​ពី​ឆ្នាំ​១៩៧៥មក សមាគម​ព្រះ​គម្ពីរ​កម្ពុជា​ បាន​ផ្អាក​ដំណើរ​ការ​របស់ខ្លួន​មួយ​រយៈ​ពេ​លធំ។ រហូត​មក​ដល់​ឆ្នាំ​១៩៩៣ សមាគម​ព្រះ​គម្ពីរ​កម្ពុជា​បាន​ចាប់​ផ្តើមដំណើរការ​ឡើង​វិញ ដោយ​ស្រប​ច្បាប់​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​ធម្មការនិង​សាសនានៃព្រះរាជាណាចក្រកម្ពុជា។

 

សមាគមព្រះគម្ពីរ​កម្ពុជា គឺជាសមាជិកពេញអង្គរបស់​សមាគម​ព្រះគម្ពីរ​សកល។ ហេតុនេះ​រាល់​ការបកប្រែព្រះគម្ពីរមកជាភាសាជាតិខ្មែរ ចាប់តាំងពី​ឆ្នាំ​១៩២៣ រហូត​មក​ដល់​បច្ចុប្បន្ននេះ គឺ​សុទ្ធសឹង​តែជាការផ្តួចផ្តើម​ចេញ​ពី​សមាគម​ព្រះ​គម្ពីរ​សកល​ដោយ​ធ្វើ​ការ​សហការជាមួយសមាគម​ព្រះ​គម្ពីរ​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ដំណើរការ​ការបកប្រែ​ព្រះគម្ពីរ​ជាភាសាជាតិ​ខ្មែរ។ ក្រុម​ការងារ​បក​ប្រែ​ព្រះគម្ពីរគ្រីស្តបរិស័ទ ពុំបាន​ទទួល​ជំនួយ​ឧបត្ថម្ភពីគណៈ​ណាមួយឬ​ពីនិកាយណាមួយ ឬពី​បុរីវ៉ាទីកង់ ដូចមានការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន ភស្តុតាង ច្បាស់លាស់ ដែល​បាន​នឹងកំពុងតែផ្សព្វផ្សាយ​នៅ​លើបណ្តាញ​សង្គម​ហ្វេសប៊ុក​នោះឡើយ។ រីឯអ្នក​បកប្រែ​ទៀតសោត ក៏ធ្វើ​ឡើងដោយ​គោលការណ៍​ស្ម័គ្រចិត្ត​ទាំងស្រុង ដោយ​គ្មានទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​សមាគម​ព្រះគម្ពីរកម្ពុជាឬ​ពី​សមាគម​ព្រះ​គម្ពីរ​សកល​នោះឡើយ។

 

សេចក្តីប្រកាសព័ត៌មានដដែលនេះបាន​លើកឡើងបន្ថែមទៀតថា រាល់ការ​បក​ប្រែ​ព្រះ​គម្ពីរ​នីមួយៗ ដែល​បានធ្វើឡើង​នៅ​សមាគមព្រះគម្ពីរ​កម្ពុជាគឺសុទ្ធតែបាន​ធ្វើការ​ចុះបញ្ជីកម្ម​សិទ្ធិ​បញ្ញាស្របច្បាប់​ត្រឹម​ត្រូវ ក្នុង​នោះ​ព្រះគម្ពីរ​បរិសុទ្ធ​ឆ្នាំ​១៩៥៤ ត្រូវ​បាន​ចុះបញ្ជី​ដោយ​សមាគម​ព្រះ​គម្ពីរ​អង់គ្លេស រីឯព្រះគម្ពីរ​ដ៏​វិសុទ្ធ​ឆ្នាំ​២០០៥ ត្រូវ​បាន​ចុះ​បញ្ជី​ដោយ​សមាគម​ព្រះ​គម្ពីរសកល។ រាល់​សេចក្តី​ថ្លែងការណ៍​ដែល​បញ្ជាក់​អំពី​កម្មសិទ្ធិបញ្ញាអន្តរជាតិ សុទ្ធ​តែត្រូវ​បាន​បោះពុម្ព​នៅ​ក្នុង​ទំព័រ​មុខ​នៃ​ព្រះ​គម្ពីរ​ទាំងអស់​របស់​សមាគម​ព្រះ​គម្ពីរកម្ពុជាចាប់​តាំង​ពី​ខ្លួន​ដំណើរការ​ ការបោះពុម្ព​មក។ មួយ​វិញទៀត សមាគម​ព្រះ​គម្ពីរ​កម្ពុជា​មិ​នដែល​​មាន​ផែន​ការ​ផ្អាក ឬបញ្ឈប់​ការ​បោះពុម្ព​គម្ពីរ​បរិសុទ្ធ​១៩៥៤ ដូចពាក្យ​ចោទ​ប្រកាន់​របស់​មនុស្សមួយ​ក្រុម​នោះទេ។ សមាគមព្រះគម្ពីរកម្ពុជា នៅតែបន្ត​បម្រើ​ព្រះជាម្ចាស់​តាម​រយៈ​ការ​បោះពុម្ព​ផ្សាយ​ព្រះ​គម្ពីរ​ជាភាសាខ្មែរ​ទាំង​ពីរ​ប្រភេទ​នេះតទៅមុខទៀត ស្រប​តាម​តម្រូវការ​របស់​អ្នកជឿ​នៅព្រះរាជាណាចក្រកម្ពុជា។

 

សមាគម​ព្រះគម្ពីរកម្ពុជា សូម​ធ្វើ​ការ​បដិសេធ​ទាំងស្រុង​នូវ​រាល់ព័ត៌មាន​ទាំងឡាយ​ណា​ដែល​មាន​ប្រភព​មិន​ច្បាស់លាស់​ ដែល​បានលើកឡើង​ចោទប្រកាន់​ដោយ​គ្មានមូល​ដ្ឋាន និងគ្មាន​ភស្តុតាង​នៅ​លើ​បណ្តាញ​សង្គម​ដែល​ផ្ទុយ​ពីសេចក្តីប្រកាសព័ត៌មាននេះ។

 

សមាគម​ព្រះគម្ពីរកម្ពុជាបាន​បញ្ជាក់បន្ថែមយ៉ាងច្បាស់ថា ៖ «សមាគមសូម​រក្សា​សិទ្ធិ​របស់ខ្លួន​ក្នុង​ការ​មិនឆ្លើយ​តបឬក៏​ឆ្លើយ​តប​ទៅកាន់​ព័ត៌មាន​ទាំងឡាយ​ណា​ដែ​ល​ខ្លួន​គិតថាគួរឬមិនគួរ។ សមាគម​សូម​ធ្វើ​ការ​បដិសេធ​និង​មិនចូល​រួម​ដាច់ខាត​ជាមួយនូវ​រាល់ទង្វើរ​ឬសកម្មភាព​អុជអាល​ទាំងឡាយ​ណា​ដែល​បង្កការ​បាក់បែក​ ការរើសអើង​សាសនា ជម្លោះនិន្នាការនិកាយ​សាសនា ទាំងផ្ទៃ​ក្នុង​គ្រីស្តបរិស័ទ ឬជាមួយនឹង​សាសនា​នានានៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជាដែល​អាចនាំមកនូវ​ការ​បាត់​បង់​សណ្តាប់ធ្នាប់ សេចក្តី​ថ្លៃថ្នូរ និង​ព្រះ​កិត្តិនាម​របស់​ព្រះអម្ចាស់​យេស៊ូ​គ្រីស្ត ក៏ដូចជាការបាត់​បង់​នូវ​សុខុដមនីយកម្ម​សាសនា ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​តែងតែ​យក​ចិត្តទុក​ដាក់​ខ្ពស់​នៅ​ក្នុង​សង្គម​ជាតិ​ខ្មែរ​ ឌោយបាន​ផ្តល់​នូវ​សិទ្ធិសេរីភាព​ផ្នែកជំនឿ​សាសនាដល់​ប្រជាពលរដ្ឋទូទៅ និង​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រកម្ពុជា»។

 

សមាគមព្រះគម្ពីរកម្ពុជា រក្សា​សិទ្ធិ​ក្នុង​ការ​ចាត់វិធាន​ការ​ផ្លូវច្បាប់​ចំពោះ​រាល់​ការ​ចោទ​ប្រកាន់​ផ្តេស​ផ្តាស់ គ្មាន​ភស្តុតាង ឬប្រភព​ច្បាស់​លាស់​ជាមូល​ដ្ឋានពី​សំណាក់​ស្ថាប័ន ក្រុម​ ឬបុគ្គល​ដែល​នាំ​ឱ្យ​មាន​ការ​រើស​អើង ប៉ះពាល់​ដល់​កិត្តិយសមុខមាត់ និង​ពន្ធកិច្ច​របស់​សមាគម​ព្រះ​គម្ពីរ​កម្ពុជា។

 

សមាគមស្នើ​ឱ្យ​អស់​លោកអ្នក បងប្អូន បន្តការអាននិង​ស្វែង​យល់​ពីព្រះបន្ទូល​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ​បន្តទៀត ដើម្បី​ឱ្យ​ព្រះ​បន្ទូល​របស់ព្រះអង្គនៅ​តែមាន​សកម្មភាព​នៅ​ក្នុង​ដួងចិត្ត​ និង​ជីវិត​របស់លោក​អ្នក៕

 

ប្រវត្តិនៃ​ព្រះគម្ពីរ​ជាភាសាខ្មែរ៖

សមាគម​ព្រះគម្ពីរ​អង់គ្លេស (British and Foreign Bible Society-BFBS) ដែល​បាន​បើក​ទីស្នាក់​ការ​ស្របច្បាប់​នៅ​ប្រទេស​កម្ពុជា បក​ប្រែ​​ព្រះគម្ពីរ​ដំបូង​គឺ​ «ដំណឹងល្អលូកា» ផ្សាយ​ចេញ​នៅ​ឆ្នាំ​១៨៩៩។ នៅ​ឆ្នាំ​១៩២៣ សមាគមនេះ​បានបក​ប្រែ​ព្រះគម្ពីរ​ជាភាសា​ខ្មែរ ហើយ​បាន​បោះ​ពុម្ព​ផ្សាយព្រះគម្ពីរ​សញ្ញាថ្មីនៅ​ឆ្នាំ​១៩២៩ បន្ទាប់​មកបោះពុម្ព​​ព្រះគម្ពីរ​ទាំង​មូល ឈ្មោះ​ថា «ព្រះគម្ពីរ​បរិសុទ្ធ»នៅ​ឆ្នាំ​១៩៥៤។

នៅ​ឆ្នាំ​១៩៦៨ សមាគម​ព្រះគម្ពីរ​សកល (United Bible Society-UBS) បាន​រួម​សហការជាមួយ​ក្រុមជំនុំ​គ្រីស្ត​បរិស័ទ​ដំណឹងល្អ​ខ្មែរ និង​ព្រះសហគមន៍កាតូលិក​កម្ពុជា បក​ប្រែ​ព្រះគម្ពីរ​ជាលើក​ទី២​ ដែ​ល​មាន​ចំណង​ជើង​ថា «ព្រះគម្ពីរ​ជាភាសា​ខ្មែរ​សម្រាយ»។ ដោយ​សារ​សង្រ្គាម ក្នុងប្រទេស​កម្ពុជា ព្រះគម្ពីរនេះ​ត្រូវ​បាន​បក​ប្រែ​ចប់​និង​បោះ​ពុម្ព​ក្នុងឆ្នាំ១៩៩៧។ ដោយ​មាន​សំណូម​ពរ​ពីក្រុម​ជំនុំ​គណៈ​ប្រូតេស្តង់ បាន​កែ​សម្រួល​ចំណង​ជើង​មក​ជា​ «ព្រះគម្ពីរ​ដ៏វិសុទ្ធ» ផ្សាយ​នៅ​ក្នុងឆ្នាំ​២០០៥។

សមាគម​ព្រះគម្ពីរ​សកល ដែលមាន​ទីស្នាក់ការ​នៅ​ប្រទេសអង់គ្លេស និង​នៅសហរដ្ឋអាមេរិក បាន​ប្រគល់​សិទ្ធិ​គ្រប់​គ្រង​កម្មសិទ្ធបញ្ញាដល់​សមាគម​ព្រះគម្ពីរ​កម្ពុជា​ ដែល​ជា​សមាជិក​ពេញ​អង្គរបស់​ខ្លួន ហើយ​មាន​តែ​សមាគម​ព្រះគម្ពីរ​កម្ពុជា​តែ​មួយគត់​ដែលមាន​សិទ្ធិបោះ​ពុម្ព​និង​ចែក​ចាយព្រះគម្ពីរ​បរិសុទ្ធ និង​ព្រះគម្ពីរ​ដ៏​វិសុទ្ធ ដល់​សហគមន៍​គ្រីស្ត​បរិស័ទ​គ្រប់គណៈ​និកាយ​ ស្រ​ប​តាម​ច្បាប់​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា៕

Add new comment

6 + 3 =