សមាគម អង្គការសង្គមស៊ីវិលការទាមទាររាជរដ្ឋាភិបាលកម្ពុជាឲ្យបិទការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់រូបភាពជាអចិន្ត្រៃយ៍

សមាគមអង្គការសង្គមស៊ីវិលចំនួន​៣៨ ស្ថាប័ន ដែលធ្វើការលើវិស័យគ្រឿងស្រវឹង សុខភាព យុវជន សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ ធនធានធម្មជាតិ ស្វាគមន៍ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងព័ត៌មានដែលបានផ្អាកការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមប្រព័ន្ធផ្សព្វផ្សាយ​ទាំងអស់។

កា​រ​ផ្អាកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង​ តាមទូរទស្សន៍ វិទ្យុគ្រប់ប្រព័ន្ធ និង ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១កន្លងមកនេះ រួមទាំងហាមឃាត់ការលក់ដូរ និងពិសាគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងប្រទេស អំឡុងពេលនៃការរឹតបន្ដឹងវិធានការរដ្ឋបាលរបស់អាជ្ញាធរស្រប ជាមួយវិធានការសុខាភិបាលដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

សមាគម អង្គការសង្គមស៊ីវិលទាំងនេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍រួមមួយ ដែលRVAKhmer ទទួល​បាន​កាល​ពី​ថ្ងៃទី០៤ ខែឧសភា បាន​លើកឡើងថា ​បច្ចុប្បន្នជំងឺកូវីដ១៩ នៅ ប្រទេសកម្ពុជា បង្កជាក្តីព្រួយបារម្ភយ៉ាងខ្លាំង ព្រោះជំងឺនេះកំពុងតែរីករាលដាលនិង គំរាមកំហែងដល់អាយុជីវិត ប្រជាពលរដ្ឋខ្មែរ ដោយមានអត្រាអ្នកឆ្លងប្រចាំថ្ងៃកាន់តែមានចំនួនកើនឡើងខ្ពស់ ជាក់ស្តែងនៅថ្ងៃទីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១កន្លងមកនេះមានអ្នកឆ្លងកូវីដ១៩រហូតដល់ ៨៤១នាក់ ហើយរហូតមកដល់ពេលនេះអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩សរុបជាង១០០នាក់។

សេចក្តីថ្លែងការណ៍រួមបាន​ឱ្យ​ដឹងទៀតថា ការប្រើប្រាស់គ្រឿងស្រវឹងជាហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩ ព្រមទាំងបង្កផលប៉ះពាល់ អវិជ្ជមានយ៉ាងច្រើនដល់សុខភាពនិងសុខុមាលភាពសង្គម ដូចជាគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា និងជាបន្នកជំងឺជាង ២០០មុខ នេះបើតាមការបញ្ជាក់ដោយរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០១២។

ប្រភពដដែល​បាន​លើកឡើងថា ៖ «ហេតុនេះសមាគម អង្គការសង្គមស៊ីវិលស្នើរាជរដ្ឋាភិបាលកម្ពុជា បិទការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមស្ថានីយ៍ទូរទស្សន៍ ស្ថានីយ៍ វិទ្យុគ្រប់ប្រព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ ព្រមទាំងការផ្សព្វផ្សាយជាផ្ទាំងប៉ាណូធំៗតាមដងផ្លូវទាំងអស់ ជាអចិន្ត្រៃយ៍ ដើម្បីលើកស្ទួយសុខភាព និង សុខុមាលភាពសង្គម ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»។

ជាមួយគ្នានេះដែរ អង្គការសង្គមស៊ីវិលក៏សូមលើកទឹកចិត្តផងដែរដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យបន្តរឹតត្បិតទៅលើការលក់ដូរ និងប្រើប្រាស់គ្រឿង ស្រវឹងដែលកត្តាបង្កហានិភ័យខ្ពស់ដល់ការឆ្លងមេរោគកូវីដ១៩។

ការបិទការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងជាអចិន្ត្រៃយ៍នឹងជួយកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ផង និងជួយដល់ប្រជាពលរដ្ឋបន្ទាប់ពីជំងឺកូវីដ១៩ផុតរលត់ផង ក្នុងការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពសង្គម ក៏ដូចជាសន្សំថវិកា ដោះស្រាយវិបត្តិបំណុល ក៏ដូចជាការកាត់ បន្ថយកំណើននៃភាពក្រីក្រនៅក្នុងសង្គម។

សមាគម អង្គការសង្គមស៊ីវិលទាំងនោះមាន  គណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (HACC) , វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) , សម្ព័ន្ធភាព សុខភាពនិងការអភិវឌ្ឍន៍ (HEAD), មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center) , សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC-Cambodia), សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC), អង្គការ គាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO), អង្គការកម្មវិធីអភិវឌ្ឍន៍យុវជន (YRDP), មជ្ឈមមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) និងស្ថាប័នជាច្រើនផ្សេងទៀត៕

Add new comment

1 + 1 =