វៀតណាមអាចផលិតថ្នាំព្យាបាលកូវីដ ១៩ប្រភេទ Molnupiravir

Molnupiravir pills (Photo: VNA)

ក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា ក្រុមហ៊ុនឱសថចំនួនបីនៅក្នុងប្រទេសវៀតណាម គ្រោងនឹងផលិតថ្នាំគ្រាប់ Molnupiravir ដើម្បីព្យាបាលអ្នកជំងឺ កូវីដ ១៩ ដែលមានរោគសញ្ញាស្រាល ឬគ្មានរោគសញ្ញា។ នេះបើតាមទីភ្នាក់ងារព័ត៌មានវៀតណាម ។

ប្រភពដដែលបានបន្តថា មកដល់ពេលនេះ នៅក្នុងចំណោមក្រុមហ៊ុនផលិតថ្នាំបី គេដឹងថាក្រុមហ៊ុនដែលមានឈ្មោះថា Stellapharm ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់សាកល្បងហើយ ប៉ុន្តែថ្នាំ Molnupiravir មិនទាន់ត្រូវបានផ្តល់សិទ្ធិប្រើប្រាស់នៅឡើយទេ ពោលគឺកំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃការ ចុះបញ្ជីចរាចរនៅក្នុងប្រទេសវៀតណាមនៅឡើយទេ ។

 ក្រសួងសុខាភិបាលកំពុងពិចារណាស្នើសុំឲ្យរដ្ឋាភិបាលឲ្យជំរុញការអនុម័តការប្រើប្រាស់ថ្នាំនេះក្នុងករណីសង្គ្រោះបន្ទាន់។

ប្រភពដដែលបន្តថា ប្រសិនបើមានការយល់ព្រមពីរដ្ឋាភិបាល គេរំពឹងថាថ្នាំព្យាបាលកូវីដ ១៩ អាចនឹងផលិតដោយក្រុមហ៊ុនឱសថក្នុងស្រុក។

ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ចាប់ពីចុងខែសីហា តមក ឱសថ Molnupiravir ត្រូវបានយល់ព្រមឲ្យសាកល្បង សម្រាប់អ្នកជំងឺមិនចូលមន្ទីរពេទ្យ។ គេដឹងថា ទីក្រុងហូជីមិញគឺជាទីក្រុងដំបូងគេដែលអនុវត្តកម្មវិធីសាកល្បងនេះ។

នៅក្នុងអំឡុងពេលសាក Molnupiravir ត្រូវបានគេអះអាងថា មានសុវត្ថភាព និងមានប្រសិទ្ធភាពជាក់ស្តែងក្នុងការកាត់បន្ថយចំនួនផ្ទុកមេរោគ កាត់បន្ថយការរីករាលដាលនៃមេរោគ និងកាត់បន្ថយករណីធ្ងន់ធ្ងរជាពិសេសគឺកាត់បន្ថយករណីស្លាប់៕

Add new comment

15 + 1 =