លោក ផាន បូរ៉ា ៖ «ពេលខ្ញុំឃើញបងប្អូនក្រីក្ររងទុក្ខវេទនា ខ្ញុំតែងតែឃើញព្រះភ័ក្រព្រះយេស៊ូនៅក្នុងពួកគាត់ម្នាក់ៗ»

លោក ផាន់ បូរ៉ា ជួបជាមួយលោកស្រី នូ ស៊ីនឿន និងកូនៗរបស់អ្នកស្រី

នេះជាការថ្លែងឡើងយ៉ាងច្បាស់ៗពីគ្រីស្តបរិស័ទមួយរូប គឺលោក ផាន់ បូរ៉ា ជាគ្រីស្តបរិស័ទ្ធមកព្រះសហគមន៍ក្តុលើ សព្វថ្ងៃជាគ្រីស្តបរិស័ទ្ធនៅព្រះសហគមន៍កំពង់ចាមក្រុង។

លោក ផាន់ បូរ៉ា ចូលចិត្តចែករំលែកទៅកាន់បងប្អូនក្រីក្រ ព្រោះលោកយល់ថានេះជាអត្តសញ្ញាណរបស់គ្រីស្តបរិស័ទ។ លោកថា ៖ «បើជាគ្រីស្តបរិស័ទត្រឹមតែទៅព្រះវិហារ ទៅអធិដ្ឋាន ទៅអភិបូជាសុំឲ្យអ្នកក្រីក្របា​ន​សេចក្តីសុខសាន្ត មានអ្នកផ្សេងគេជួយ នោះវាមិនគ្រប់គ្រាន់ឡើយ»។

លោក ផាន់ បូរ៉ា បានឲ្យដឹងទៀតថា នៅពេលលោកជួយអ្នកក្រីក្រ ក៏លោកទទួលការតិះទៀនខ្លះដែរដោយអ្នកខ្លះឆ្ងល់ថាលោកបានលុយមកពីណាទៅជួយអ្នកក្រ? តើគាត់នេះទៅធ្វើអីបានបានលុយ? និងមានសំនួរជាច្រើន ដែលនេះ​ជាបញ្ហាដែលលោកបានជួប។ ប៉ុន្តែផ្ទុយទៅវិញលោកបានយកសំនួរទំាងនេះមករិះគិត អ្វីដែលគេនិន្ទាមិនមិនអាចធ្វើឲ្យលោកមិនចាប់អារម្មណ៍ជួយអ្នកក្រីក្របានទេ។

កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ លោក ផាន បូរ៉ា ​ទើបតែសាងសង់ផ្ទះជូនគ្រួសារក្រីក្រ១ខ្នងដែលមាន ទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ដែលមានសមាជិកក្នុងគ្រួសារ៦នាក់ ស្ថិតនៅភូមិថ្នល់កែង២ សង្កាត់កំពង់ចាមក្រុង ខេត្តកំពង់ចាម។

លោក ថា មូលហេតុដែរលោកធ្វើ​ផ្ទះឲ្យគ្រួសារនេះ ដោយសារនៅពេលដែលលោកឆ្លងកាត់រោងចក្រនៅខេត្តកំពង់ចាម ឃើញគ្រួសារមួយនេះជួលបន្ទប់មួយតូចរស់នៅរហូតដល់ចំនួន ៦នាក់ ហើយរាល់ពេលភ្លៀងម្តងៗគឺទឹកភ្លៀងហូរចូលបន្ទប់ ហើយអ្នកខ្លះដេកក្រោមគ្រែ ខ្លះដេកលើគ្រែ។

អ្នកស្រី នូ ស៊ីនឿន អាយុ៤២ឆ្នាំ ជាកម្មករសំណង់ និង​ជាគ្រួសារដែលទទួល​បាន​ជួយ​សាងសង់​ផ្ទះពីលោក ផាន់ បូរ៉ា បានឲ្យដឹងថា មួយថ្ងៃលោកស្រីរក​ចំណូលបាន៣ម៉ឺនរៀល តែប្រាក់ចំណូលនេះមិនអាចទប់ទល់នឹងការចំណាយប្រចំាថ្ងៃគ្រប់នោះទេ ព្រោះកូ​ន​ទំាង៤នាក់របស់គាត់​រៀនទំាងអស់គ្នា​។ ដូច្នេះចំណូលរកបានផ្គត់ផ្គង់សម្រាប់ការចាយវាយហូបចុកប្រចំាថ្ងៃតែប៉ុណ្ណោះ។

អ្នកស្រី នូ ស៊ីនឿន បានប្រាប់ថា ៖ «នៅពេលដែរជួលបន្ទប់នៅក្បែររោងចក្រការរស់នៅរបស់លោកស្រីមានផលវិបាកជាខ្លាំងព្រោះរាល់ពេលមានភ្លៀងម្តងៗទឹកហូរចូលរហូត»។

កូនច្បងរបស់អ្នកស្រី នូ ស៊ីនឿន ទទួលបានអាហារូបករណ៍ពីអង្គការកុមារមេគង្គ រីឯប្តីអ្នកស្រី ជាអ្នកដើរបញ្ចូលហ្គាសនិងជួសជុលចង្រ្កានហ្គាស ដែលអាចរកចំណូលពេលខ្លះបានរហូតដល់១០ម៉ឺនរៀលឬតិចជាងនេះក៏មាន។

អ្នកស្រី នូ ស៊ីនឿន បានបង្ហាញនូវក្តីរីករាយជាខ្លាំងដែលមានសប្បុរសជន និងលោក ផាន់ បូរ៉ា ជួយសាងសង់ផ្ទះសម្រាប់គ្រួសាររបស់គាត់ ដែលចាប់ពីពេលនេះទៅអ្នកស្រីមានជំរកសមរម្យមួយនឹងគេ។

រីឯអ្នកស្រី លី សាវ៉ាត អាយុ ៤២ឆ្នាំ ជាស្រី្តមេម៉ាយ បានឱ្យដឹងដែរថា  បន្ទាប់ពីផ្ទះគាត់​ពុកផុយអស់ទៅ រូបគាត់និងកូនស្រីបានសុំផ្ទះគេស្នាក់នៅ ប៉ុន្តែក្រោយមកលោក ផាន់ បូរ៉ា ក៏​ជួយទិញឈើនិងដែក ជួយជួសជុលផ្ទះ​ឱ្យ​រឹងមាំវិញ ទោះបីវាមិនធំតែគាត់​សប្បាយចិត្តនិងមានភាពកក់ក្តៅខុសប្លែកពីនៅជាមួយគេ៕

Add new comment

8 + 10 =