លោក គួច ចំរើន នឹងចាត់វិធានការច្បាប់ ចំពោះម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូដែលប្រើប្រាស់ហត្ថពលករដោយបង្ខំ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែកញ្ញា បានប្រកាសឱ្យដឹងថា ក្នុងរយៈពេលកន្លងមករដ្ឋបាលខេត្តបានសង្កេតឃើញថា ការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង ការអនុវត្តកិច្ចសន្យាការងាររវាងនិយោជក និងបុគ្គលិក កម្មករនិយោជិតមួយចំនួន នៅមិនទាន់ស្របតាមនីតិវិធីច្បាប់នៅឡើយ ដែលជាហេតុបណ្តាលឱ្យកើតមានវិវាទការងារ ហើយរដ្ឋបាលខេត្តក៏បាន ទទួលពាក្យបណ្តឹង និងដោះស្រាយវិវាទការងារជាបន្តបន្ទាប់ច្រើនករណីមកហើយ។

លោកបានបន្តថា ដើម្បីដោះស្រាយ និងកាត់បន្ថយវិវាទការងារប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសដើម្បី ទប់ស្កាត់ការបំពេញការងារដោយបង្ខំ ឬជាកាតព្វកិច្ច ដែលអាចប្រឈមនឹងការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ក្រោមរូបភាពរកការងារឱ្យធ្វើក្នុងទម្រង់កេងប្រវ័ញ្ចពលកម្ម រដ្ឋបាលខេត្តព្រះសីហនុសូមដាក់ចេញនូវវិធានការម៉ឺង ម៉ាត់តាមច្បាប់ទៅដល់ចំពោះម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូដែលប្រើប្រាស់ហត្ថពលករដោយបង្ខំ។

លោក គួច ចំរើនបានបញ្ជាក់ថា ៖ «ការងារដោយបង្ខំ ឬជាកាតព្វកិច្ច ត្រូវហាមឃាត់ដាច់ខាត ហើយការជួលមនុស្សឱ្យធ្វើការងារដើម្បីកាត់ជំពាក់ ត្រូវហាមឃាត់ផងដែរ»។ អភិបាលរូបនេះបានលើកឡើងទៀតថា ការកាត់ប្រាក់ឈ្នួលក្នុងគោលបំណងឱ្យអ្នកទទួលរកការឱ្យធ្វើ ទោះបីដោយចំពោះក្តី ឬមិនចំពោះក្តី ឱ្យទៅនិយោជក អ្នកតំណាងនិយោជក ឬអន្តរការីណាម្នាក់ ដូចជាភ្នាក់ងារទទួលជ្រើសរើសហត្ថពលករជាដើមត្រូវហាមឃាត់។

លោកបានបន្ថែមថា ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងគោលដៅស្វែងរកប្រយោជន៍ ឈ្លានពានខាងផ្លូវភេទ ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈរបស់ជនរងគ្រោះ សុំកូន ឬទម្រង់ណាមួយនៃ ការកេងប្រវ័ញ្ចផ្សេងទៀតនឹងត្រូវផ្តន្ទាទោសតាមច្បាប់ នៃមាត្រា១០ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើ ធ្វើអាជីវកម្មផ្លូវភេទ នៃព្រះរាជាណាចក្រកម្ពុជា។

លោក គួច ចំរើន បានបន្តថា ៖«បុគ្គលដែលចាប់ ឬឃុំឃាំង ឬដែលបង្ខាំងបុគ្គលផ្សេងទៀតដោយគ្មានបញ្ជាពីអាជ្ញាធរស្របច្បាប់ ឬក្រៅ ពីករណីដែលច្បាប់អនុញ្ញាតត្រូវផ្តន្ទាទោសតាមច្បាប់»។

យោងតាមអនុសញ្ញាលេខ២៩ នៃអង្គការការងារអន្តរជាតិ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា សកម្មភាព ទាំងអស់នេះ គឺជាអំពើឧក្រិដ្ឋកម្មដែលត្រូវផ្តន្ទាទោស និងមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរ ព្រោះជាអំពើប៉ះ ពាល់ដល់មនុស្សជាតិ។ 
លោកថា ៖ «រដ្ឋបាលខេត្តនឹងចាត់វិធានការរដ្ឋបាល និងច្បាប់ចំពោះម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូ ដែលមានការពាក់ព័ន្ធទោះក្នុងរូបភាពដោយប្រយោល ឬដោយផ្ទាល់ក្ដី ទៅលើការបង្ខាំងការបង្ខំឱ្យ មនុស្សធ្វើការ ការជួញដូរតាមរូបភាពទទួលមនុស្សឆ្លងដែនដោយខុសច្បាប់ឱ្យធ្វើការ ដែលមានការចាត់តាំងជាដើម... »។ 
លោក គួច ចំរើន បានសង្កត់ធ្ងន់ថា ក្នុងករណីរកឃើញម្ចាស់អគារសណ្ឋាគារ និងកាស៊ីណូប្រព្រឹត្តបទល្មើសទាំងអស់នេះ រដ្ឋបាលខេត្ត ព្រះសីហនុនឹងចាត់វិធានការផ្អាកទីតាំងអាជីវកម្មជាបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បី ផ្តន្ទាទោសបុគ្គលដែលមានការពាក់ព័ន្ធស្របតាមច្បាប់ជាធរមាន ព្រមទាំងស្នើសុំរាជរដ្ឋាភិបាលដើម្បីលុបអាជ្ញាប័ណ្ណ អាជីវកម្មជាស្ថាពរ។

Add new comment

3 + 0 =