Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
លោកអភិបាល អ៊ីវ រ៉ាមូស ឆ្លងកូវីដ១៩ កំពុងសម្រាកព្យាបាល
តាមរយៈសារតាមបណ្តាញសង្គមវ៉តស្អាប់ (WhatAPP) លោកអភិបាលអូលីវីយេ ជ្មីតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញនៅកម្ពុជា ដែលRVAKhmer ទទួលបានថ្ងៃនេះ ទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានអំពាវនាវឲ្យបងប្អូនគ្រីស្តបរិស័ទ អធិដ្ឋាន សម្រាប់សុខភាពរបស់លោកអភិបាលអ៊ីវ រ៉ាមូស ជាអតីតអភិព្រះសហគមន៍កាតូលិកកម្ពុជា ដែលបានឆ្លងមេរោគកូវីដ ១៩ នៅប្រទេសបារាំង ហើយកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
សារដដែលនោះ លោកអភិបាលអូលីវីយេបានឲ្យដឹងទៀតថា ក្រៅពីលោកអភិបាលអ៊ីវរ៉ាមូស គឺមាន លោកបូជាចារ្យក្រុមសាសនទូតក្រៅប្រទេសនាក្រុងប៉ារីស (MEP)៦អង្គផ្សេងទៀត ដែលឆ្លងកូវីដ១៩ នៅផ្ទះថែរក្សាបូជាចារ្យចូលនិវត្តន៍របស់ក្រុមសាសនទូតនេះដែរ។
លោកអភិបាលអ៊ីវ រ៉ាមូស ជាអភិបាល ព្រះសហគមន៍កាតូលិកនៅកម្ពុជា ភូមិភាគភ្នំពេញ ពីឆ្នាំ១៩៦៣-ឆ្នាំ២០០១។
លោកកើតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩២៨ ក្នុងភូមិ សែមបាដែលប្រទេសបារាំង។ លោកទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ១៩៥៣ ។ លោកបានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៥៧។
លោកទទួលតែងតាំងជាអភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ១៩៦៣។
លោកបានបំពេញមុខងារជាគង្វាលដ៏ល្អក្នុងប្រទេសកម្ពុជា។ លោកត្រូវខ្មែរក្រហមបណ្តេញចេញពីប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។ នៅឆ្នាំ ១៩៧៦ លោក បានសុំលាលែងពីមុខតំណែងជាអភិបាលភូមិភាគភ្នំពេញ ដើម្បីផ្ទេរឱ្យលោក យ៉ូសែបឆ្មារ សាឡាស ដែលជាអភិបាលឧបត្ថម្ភកៈ។
នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ១៩៨៣ ដោយសារ លោកអភិបាល យ៉ូសែប ឆ្មារ សាឡាសបានទទួលមរណភាព សម្តេចប៉ាប ក៏បានប្រគល់ឱ្យលោក អ៊ីវ រ៉ាមូស ទទួលខុសត្រូវលើគ្រីស្តបរិស័ទជាតិកម្ពុជា នៅគ្រប់ទីកន្លែងដែល រស់នៅ «ព្រមទាំងឱ្យលោកមានភារកិច្ចជាអភិបាលពេញសិទ្ធិក្នុងប្រទេសកម្ពុជាទាំងមូលផង»។
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩២ សន្តអាសនៈ ក៏បានប្រគល់ឱ្យលោកធ្វើជាអភិបាលទទួលខុសត្រូវ លើព្រះសហគមន៍ភូមិភាគភ្នំពេញ ក្នុងនាមសម្តេចប៉ាបជាថ្មីម្តងទៀត។ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ១៩៩២ លោកទទួលមុខងារជាអ្នកណែនាំព្រះសហគមន៍ភូមិភាគបាត់ដំបងរហូតដល់ឆ្នាំ២០០០។ លោកបានលាលែងពីមុខតំណែង ជាអភិបាលភូមិភាគភ្នំពេញ នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០០១។
លោកបានចាកចេញពីប្រទេសកម្ពុជាទៅប្រទេសបារាំងវិញក្នុងឆ្នាំ២០១៣៕
Add new comment