Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្លាស់ប្តូរទីតាំងឃុំខ្លួនពីគេហដ្ឋានទៅពន្ធនាគារ
អ្នកនាំពាក្យរបបយោធាបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ថា មេដឹកនាំស៊ីវិលមីយ៉ាន់ម៉ាដែលត្រូវបានបណ្តេញចេញពីតំណែងគឺលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្លាស់ពីការឃុំខ្លួនក្នុងផ្ទះទៅកាន់កន្លែងឃុំឃាំងតែម្នាក់ឯងនៅក្នុងបរិវេណពន្ធនាគារដែលសាងសង់ដោយយោធានៅរដ្ឋធានី ណៃពិដោរ។
លោក ហ្ស មីន ទូន ( Zaw Min Tun) អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «អនុលោមតាមច្បាប់ព្រហ្មទណ្ឌ ... លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានបញ្ជូនទៅបន្ទប់ឃុំឃាំងតែម្នាក់ឯងនៅក្នុងពន្ធនាគារ ចាប់តាំងពីថ្ងៃពុធ កន្លងទៅ»។
ចាប់តាំងពីលោកស្រីត្រូវបានទម្លាក់ដោយរដ្ឋប្រហារកាលពីឆ្នាំមុន លោកស្រី អ៊ុងសាន ស៊ូជី បានស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះនៅទីតាំងដែលមិនត្រូវបានបង្ហាញក្នុងទីក្រុង ណៃពិដោរ។
ម្ចាស់ជ័យលាភីណូបែលសន្តិភាពពិភពលោក អាយុ ៧៧ អាចនឹងត្រូវកាត់ទោសឱ្យជាប់គុកលើសពី១៥០ឆ្នាំ ប្រសិនបើរឿងក្តីនានា ដែលលោកស្រីត្រូវគេចោទប្រកាន់បានដំណើរការទាំងអស់។
មេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានហាមប្រាមមិនអោយនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ហើយអ្នកកាសែតត្រូវបានរារាំងមិនឲ្យយកព័ត៌មានពីការកាត់ក្តីរបស់លោកស្រី។
នៅក្រោមរបបរបបយោធាមុន លោកស្រីបានចំណាយពេលយ៉ាងយូរក្រោមការឃុំខ្លួនក្នុងផ្ទះនៅក្នុងវិមានគ្រួសាររបស់លោកស្រីនៅទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា។
លោកស្រីត្រូវបានកាត់ទោសរួចហើយពីបទពុករលួយ ញុះញង់ប្រឆាំងនឹងយោធា បំពានច្បាប់ កូវីដ-១៩ និងបំពានច្បាប់ទូរគមនាគមន៍ ដោយតុលាការ កំណត់ទោសជាប់គុក ១១ ឆ្នាំមកទល់ពេលនេះ ប៉ុន្តែ លោកស្រី អ៊ុងសាន ស៊ូជី បានបដិសេធការចោទប្រកាន់ទាំងអស់៕
Add new comment