លោកបូជាចារ្យ រ៉ាចិត្រ ពូទី ថ្វាយពាក្យសច្ចានិរន្តន៍ ក្នុងក្រុមជេស្វីត ក្នុងឱកាសខួប២៣១ឆ្នាំ ព្រះវិហារបាត់ដំបង

នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ព្រះសហគមន៍កាតូលិកបាត់ដំបង បានរៀបចំកម្មវិធីអបអរសាទរខួបព្រះសហគមន៍កាតូលិកបាត់ដំបង គំរប់២៣១ឆ្នាំ (ឆ្នាំ១៧៩០ ដល់២០២១) និងកម្មវិធីសច្ចានិរន្តន៍ ក្នុងការថ្វាយជីវិតជាអ្នកបួសក្នុងក្រុមសហជីវិនព្រះយេស៊ូ របស់លោកបូជាចារ្យរ៉ាចិត្រ ពូទី ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោកអភិបាលទេព ច័ន្ទពិសិដ្ឋ (គីគេ) លោកបូជាចារ្យអីនដុន ជាប្រធានក្រុមសហជីវិនព្រះយេស៊ូនៅកម្ពុជា លោកបូជាចារ្យ បងប្រុសបងស្រី បងប្អូនគ្រីស្តបរិស័ទ នៅក្នុងភូមិភាគបាត់ដំបង។

នៅក្នុងធម្មទេសនាលោកបូជាចារ្យ ផុងផាត ផុកថាវី (ចាប) បូជាចារ្យទទួលខុសត្រូវព្រះសហគមន៍នៅខេត្តព្រះវិហារ បានមានប្រសាសន៍ថា៖" នៅក្នុងរយះពេល២៣១ឆ្នាំនេះ ព្រះសហគមន៍មានរបៀបសាមញ្ញ បងប្អូនគ្រីស្តបរិស័ទចូលក្នុងព្រះវិហារដើម្បីគោរពព្រះជាម្ចាស់ អភិបូជារួមជាមួយគ្នាជាព្រះសហគមន៍ ដោយរបៀបសាមញ្ញ តើបងប្អូនមកស្គាល់ព្រះសហគមន៍បាត់ដំបងយ៉ាងដូចម្តេច?

តាមរយៈព្យាការីតាំងពីដើមនិយាយថាព្រះជាម្ចាស់បានប្រទានព្រះយេស៊ូមកប្រសូតជាបុត្រមនុស្ស ដើម្បីរំដោះមនុស្សលោក អោយផុតពីទុក្ខព្រួយការភ័យខ្លាច និងអោយយើងដឹងថាព្រះជាម្ចាស់ស្រលាញ់យើង ហើយព្រះជាម្ចាស់គង់នៅជាមួយយើង នេះគឺជាប្រវត្តិសាស្រ្តដែលបន្តមកដល់សព្វថ្ងៃហើយយើងកំពុងធ្វើដំណើរបន្តទៅទៀតនៃវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងព្រះសហគមន៍ទោះបីពិបាកធ្ងន់ធ្ងរដោយសារសង្រ្គាម ប៉ុន្តែលោកអភិបាលទេពអីុមបានថ្វាយជីវិតដើម្បីថែទាំព្រះសហគមន៍អោយបានរួចចេញពីភាពងងឹត ព្រះជាម្ចាស់គង់នៅថែទាំគ្រាប់ពូជនៃព្រះសហគមន៍ធ្វើដំណើរតទៅទៀត មានសេចក្តីសង្ឃឹម ការទុកចិត្ត នៃសេចក្រីស្រលាញ់របស់ព្រះជាម្ចាស់"។

លោកបានបន្តទៀតអំពីការថ្វាយពាក្យសច្ចានិរន្តន៍របស់លោកបូជាចារ្យរ៉ាចិត្រថា៖" លោកបូជាចារ្យរ៉ាចិត្រជាមនុស្សសាមញ្ញដាក់ខ្លួន តែងតែមានស្នាមញញឹមដល់បងប្អូនទាំងអស់ លោកមានសកម្មភាព និងទំនាក់ទំនងយ៉ាងជិតស្និតជាមួយយុវជន នេះជាវត្តមានមួយដែលព្រះជាម្ចាស់គង់នៅជាមួយ ហើយព្រះអង្គរៀបចំផ្លូវដ៏លាក់កំបាំង និងអស្ចារ្យសម្រាប់លោកឪពុករ៉ាចិត្រ"។

ជាមួយគ្នានេះដែរ លោកបូជាចារ្យរ៉ាចិត្រ បានថ្វាយពាក្យសច្ចានៅមុខព្រះជាម្ចាស់ ព្រះសហគមន៍ និងមុខលោកឳពុកអីនដុន ប្រធានក្រុមសហជីវិនព្រះយេស៊ូនៅកម្ពុជា (Jesuit Society in Cambodia)  ។

គួរបញ្ជាក់ផងដែរថា លោកបូជាចារ្យរ៉ាចិត្រ បានចូលក្នុងក្រុមសហជីវិនព្រះយេស៊ូនៅក្នុងឆ្នាំ១៩៩២ លោកបានថ្វាយពាក្យសច្ចាដំបូងក្នុងក្រុមសហជីវិនព្រយេស៊ូ នៅឆ្នាំ១៩៩៤ លោកបានមកបំពេញបេសសកម្មនៅប្រទេសកម្ពុជា នៅឆ្នាំ២០០១ ដោយលោកនៅជាបងប្រុសនៅឡើយ នៅក្នុងឆ្នាំ២០០៧ លោកបានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ។ លោកបូជាចារ្យរ៉ាចិត្របានមានប្រសាសន៍ថា៖" លោកពិតជាមានអារម្មណ៍រំភើប និងសប្បាយចិត្តណាស់ ដោយព្រះជាម្ចាស់បានស្រលាញ់ និងបានប្រោសប្រទានព្រះអំណោយទានជាច្រើនដល់លោក ព្រះម្ចាស់បានរួមដំណើរជាមួយលោកគ្រប់កាលៈទេសៈ"។

Add new comment

11 + 5 =