លោកបូជាចារ្យចិនមួយរូបត្រូវបានកាត់ទោសពីបទ «ក្លែងបន្លំ»

តាមសេចក្តីរាយការណ៍ នៅលើChinaAid  ដែលបានចុះផ្សាយនៅលើទីភ្នាក់ងារព័ត៌មានកាតូលិក បានរាយការណ៍ថា លោកបូជាចារ្យព្រះសហគមន៍កាតូលិកម្នាក់នៅក្នុងប្រទេសចិនត្រូវបានកាត់ទោសពីបទ »ក្លែងបន្លំជាបុព្វជិតសាសនា» កាលពីថ្ងៃទី ១៣ ខែកញ្ញា។

លោកបូជាចារ្យ ចូសេប យ៉ាង សៀវមីង (Joseph Yang Xiaoming ) នៅភូមិភាគ វេនចូវ  (Wenzhou )ក្នុងខេត្តហេជៀន ( Zhejiang )ប្រទេសចិន ភាគខាងត្បូងនៃទីក្រុងសៀងហៃ ត្រូវបានគេរកឃើញថាបានបំពានច្បាប់ បន្ទាប់ពីលោកបានបដិសេធមិនចុះឈ្មោះនៅ សមាគមអ្នកស្នេហាជាតិកាតូលិកចិន (CCPA)  ហើយលោក ត្រូវបានដាក់ទណ្ឌកម្មដោយរដ្ឋ។

ប្រភពដដែលបានរាយការណ៍ថា  លោកបូជាចារ្យរូបនោះបានរងនូវការដាក់ពិន័យរដ្ឋបាល រួមមាន​ការបញ្ឈប់សកម្មភាព ជាបុព្វជិតរបស់លោក រឹបអូសប្រាក់ចំណូលខុសច្បាប់ចំនួនជិត ៤ពា​ន់ដុល្លារ និងពិន័យជាប្រាក់ចំនួន ២១០ ដុល្លារបន្ថែមទៀត។

លោកបូជាចារ្យ យ៉ាង បានរងបណ្តឹងដោយអាជ្ញាធរចិនចាប់តាំងពីខែ ឧសភា ឆ្នាំ ២០២១ ភ្លាមៗបន្ទាប់ពីការតែងតាំងរូបលោកជាបូជាចារ្យ ។​

ការិយាល័យកិច្ចការសាសនាស្រុក ឡុងវ៉ាន់ (Longwan )បានចាប់ផ្តើមដំណើរការផ្លូវច្បាប់ប្រឆាំងនឹងលោកបូជាចារ្យតាំងពីពេលនោះមក  ។

លោកបូជាចារ្យត្រូវបានគេរាយការណ៍ថាបានជំទាស់នឹងការចោទប្រកាន់នេះដោយបង្ហាញវិញ្ញាបនបត្រនៃការតែងតាំងដែលមានសុពលភាពនៅក្នុងតុលាការ ចេញដោយលោកអភិ​បាលនៃព្រះសហគមន៍ នៅវេនចូវ និងពីការិយាល័យកិច្ចការសាសនាស្រុក ឡុងវ៉ាន់៕

Add new comment

2 + 2 =