Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
លោកទៀ បាញ់ ៖ «នៅសល់តែ១០ថ្ងៃទៀតទេ គឺគ្រប់១ខែដែលខ្ញុំបានចាក់វ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាមនេះ ហើយសុខភាពខ្ញុំល្អ»
លោកទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលមានវ័យ៧៥ឆ្នាំ បានបកស្រាយពីករណីដែលលោកបានចាក់វ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាមរបស់សាធារដ្ឋប្រជាមានិតចិន ដែលនៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះគឺ គ្រប់រយៈពេល១ខែដែលលោកចាក់វ៉ាក់សាំងនេះ។
លោកថ្លែងឡើងដូចនេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងឱកាសក្រសួងការពារជាតិចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នៅមន្ទីរពេទ្យព្រះកេតុមាលា។
លោកទៀ បាញ់ មានលើកឡើងថា ៖ «ខ្ញុំសុំអនុញ្ញាតនិយាយរឿងពិតមួយ គឺខ្លួនខ្ញុំបានចាក់រួចហើយ ហើយមកដល់ថ្ងៃនេះគឺនៅសល់តែ១០ថ្ងៃទៀតទេគឺបាន១ខែដែលខ្ញុំបានចាក់វ៉ាក់សាំងនេះ»។
រដ្ឋមន្រ្តីការពារជាតិរូបនេះបានបញ្ជាក់បន្ថែមថា មុននឹងលោកចាក់វ៉ាក់សាំងកូវីដ១៩ គឺមានមនុស្សមួយចំនួនបានចាក់វ៉ាក់សាំងមុនលោកទៅទៀតដើម្បីសាកល្បងមើលពីប្រសិទ្ធភាព របស់វ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាមនេះ។
លោកទៀ បាញ់ថា ជាលទ្ធផល វ៉ាក់សាំងនេះមានគុណភាពល្អ ប្រសិទ្ធភាពក៏ល្អគឺ មិនមានបញ្ហាអ្វីទាំងអស់។
លោកមានប្រសាសន៍ថា ៖ «អ្នកនៅជុំវិញខ្លួនខ្ញុំមួយចំនួនគឺបានចាក់វ៉ាក់សាំងកូវីដ១៩រួចហើយនិយាយត្រង់គឺកូនរបស់ខ្ញុំ បានចាក់មុនខ្ញុំទៀត ដែលពេលនោះយើងទទួលបានក្នុងចំនួនមួយតិច។ កូនខ្ញុំចាក់ហើយ មិនមានបញ្ហាអី ទើបសម្រេចឱ្យខ្ញុំចាក់»។
លោកទៀ បាញ់បន្តថា៖ «ខ្ញុំចាក់រួចហើយឃើញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពល្អ ហើយអ្នកចាក់ទាំងអស់ ក៏មិនមានបញ្ហាអីដែរ។ ដោយសារតែឃើញពីប្រសិទ្ធភាព របស់វាហើយទើបយើងបានទំនាក់ទំនងទៅក្រសួងការពារជាតិចិន ហើយយើងក៏មានឱកាសបានទទួលនូវអំណោយវ៉ាក់សាំងនេះ»។
គួរបញ្ជាក់ផងដែរថា សាធារណរដ្ឋប្រជាមានិតចិនបានផ្តល់វ៉ាក់សាំងកូវីដ១៩ចំនួន១លានដូស ដែលដំបូងនេះវ៉ាក់សាំងចំនួន៦០ម៉ឺនដូសត្រូវបានដឹកមកដល់ប្រទេសកម្ពុជា ដោយក្នុងនោះ វ៉ាក់សាំងចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាលនិង៣០ម៉ឺនដូសសម្រាប់ក្រសួងការពារជាតិ។
លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាកូនប្រុសពៅរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានសរសេរលើបណ្តាញសង្គមនៅថ្ងៃពុធ ទី១០ ខែកុម្ភៈ នេះថា
វ៉ាក់សាំង SARS-Cov-2 ដែលផលិតដោយក្រុមហ៊ុន China National Pharmaceutical Group Co. Ltd. (SINOPHARM) នៃសាធារណរដ្ឋប្រជាមានិតចិន គឺជាប្រភេទវ៉ាក់សាំងដែលផលិតចេញពីគម្រូវីរុសដែលខ្សោយ និងដកចេញសារធាតុបង្កររោគ ដែលត្រូវចាក់ចូលក្នុងខ្លួនដើម្បីឱ្យប្រព័ន្ធភាពស៊ាំអាចបង្កើតអង្គបដិបក្ខដើម្បីប្រឆាំងមេរោគ។
លោកថា មកដល់ពេលនេះ វ៉ាក់សាំងប្រភេទនេះត្រូវបានធ្វើតេស្តសាកល្បងចប់ដំណាក់កាលទី៣ដែលត្រូវបានធ្វើលើអ្នកស្ម័គ្រចិត្តចំនួន ៦០.០០០ នាក់ មានសញ្ជាតិ១២៥ផ្សេងគ្នា។ គិតមកត្រឹមថ្ងៃនេះវ៉ាក់សាំងរបស់ SINOPHARM ត្រូវបានទីភ្នាក់ងារវេជ្ជសាស្រ្ត និងឱសថជាតិរបស់ចិន អនុញ្ញាតឱ្យប្រើប្រាស់ក្រោមលក្ខខ័ណ្ឌហើយ។
លោកហ៊ុន ម៉ានីបានលើកឡើងថា ៖ «បើទោះជាមានអ្នកខ្លះ នៅថ្ងៃនេះមិនទាន់មានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានការអនុញ្ញាតឲ្យចាក់ក៏ដោយ ថ្នាក់ដឹកនាំមួយចំនួនរបស់យើងបានក្លាយជាអ្នកស្ម័គ្រចិត្តដំបូងដែលទទួលវ៉ាក់សាំងនេះ។ ការទទួលវ៉ាក់សាំងនេះ គឺជាការបញ្ជាក់ពីប្រសិទ្ធភាព និងជំនឿជាក់លើវ៉ាក់សាំងរបស់មិត្តចិនដែលត្រូវបានស្រាវជ្រាវ ផលិត និងធ្វើតេស្តិ៍ប្រកបលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាផលិតផលអាចចរាចរបាន»។
លោកបានបន្ថែមទៀតថា ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា ជំនួយរបស់សាធារណរដ្ឋប្រជាមានិតគឺជាសក្ខីភាព នៃចំណងមិត្តភាពយូរអង្វែង និងស៊ីជម្រៅលើសពីកម្រិតយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។លោកសូមស្វាគមន៍ និងអបអរសាទរសមិទ្ធផលនៃទំនាក់ទំនងស្អិតរមួតរវាងប្រទេសយើងទាំង២ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសណ្តានចិត្ត និងបេះដូងមនុស្សធម៌របស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចំពោះការបរិច្ចាគ និងចែករំលែកនូវទំនិញយុទ្ធសាស្រ្តដ៏មានសារៈសំខាន់ដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា៕
Add new comment