រាជ​រដ្ឋាភិបាល​បាន​ផ្តល់ថវិការ​ជិត​៧៩​ពាន់លាន​រៀល​ត្រូ​វ​បាន​ផ្តល់ជូនស្រ្តីជាកម្មករនិយោជិតសម្រាល​កូន​​ក្នុង​រយៈ​ពេលជាង២ឆ្នាំកន្លងមកនេះ

រាជ​រដ្ឋាភិបាលកម្ពុជា​បាន​ផ្តល់​ថវិកា​ដល់​ស្រ្តី​​សម្រាល​កូន​ជា​សមាជិក​បេឡាជាតិ​របបសន្តិសុខ​សង្គម (ប.ស.ស.) ប្រមាណជាង ៧៨.៧ពាន់​រៀល​ក្នុង​រយៈ​ពេលជាង២ឆ្នាំកន្លងមកនេះ។

យោងតាម​របាយការណ៍​របស់ការិយាល័យតាវកាលិកនៃបេឡាជាតិសន្តិសុខសង្គមដែលបានចេញ​នៅ​ថ្ងៃចន្ទ ទី​១៤ ខែកញ្ញា​ នេះ​បាន​ឱ្យ​ដឹងថា គិតចាប់ពីថ្ងៃដែលបានដាក់ឱ្យដំណើរការនៃការផ្តល់ជូនគោលរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា គឺចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ថវិការបស់រាជរដ្ឋាភិបាលសរុបប្រមាណជាង ៧៨.៧ ពាន់លានរៀលហើយ។

បេឡាជាតិរបបសន្តិសុខ​សង្គម​បានបើកផ្តល់ជូនស្រ្តីសម្រាលកូនចំនួន១៩៥,៥៣០នាក់ ដែល​មានចំនួនកូនសរុប១៩៦,៨៦៦នាក់។

របាយការណ៍ដដែលនេះបានបញ្ជាក់ទៀតថា គ្រាន់តែក្នុងខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសរុបប្រមាណជាង ២.២ ពាន់លានរៀល ដែលប.ស.ស. បានបើកផ្តល់ជូនបងប្អូនសមាជិក ប.ស.ស. ជាស្ត្រីសម្រាលកូនសរុបចំនួន៥,៦៦២នាក់ ដែលមានចំនួនកូនសរុបចំនួន៥,៦៩៩នាក់។

ទាំងនេះគឺជាការយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូរពីសុខុមាលភាពនិងជីវៈភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។

រហូតមកទាល់ពេលនេះ បើទោះបីជាមានការវាយតម្លៃខ្ពស់និងទទួលបានការកោតសរសើរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងមានការគាំទ្រពីសំណាក់បងប្អូនកម្មករនិយោជិតជាសមាជិកយ៉ាងណាក៏ដោយ ស្ថិតនៅក្នុងស្មារតីទំនួលខុសត្រូវខ្ពស់ ដែលរាជរដ្ឋាភិបាលប្រគល់ជូន បេឡាជាតិសន្តិសុខសង្គម ដោយធ្វើយ៉ាងណាឱ្យការផ្តល់សេវាគាំពារសង្គមមួយនេះ កាន់តែមានភាពល្អប្រសើរ និងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនបងប្អូនកម្មករនិយោជិតជាសមាជិករបស់ខ្លួន ។

គួររំលឹកផងដែរថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សមាជិក ប.ស.ស. ជាស្រ្តីទាំងក្នុងនិងក្រៅប្រ័ពន្ធ ពេលសម្រាលត្រូវអនុវត្តតាមសេចក្តីណែនាំដូចខាងក្រោម៖

ទី១. កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស. ក្នុងរាជធានី ខេត្ត ក្នុងអំឡុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។

ទី២. សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវលិខិតពិនិត្យផ្ទៃពោះដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល (អេកូ) ប័ណ្ណសមាជិក ប.ស.ស. ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។

ទី៣. ករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស. ក្នុងអំឡុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស. យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។

ទី៤. សាមីខ្លួនឬសាច់ញាតិត្រូវជូនដំណឹងមក ប.ស.ស. តាមលេខទូរស័ព្ទទំនាក់ទំនង១២​៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស. ៕

 

Add new comment

1 + 3 =