រយៈពេលមួយសប្ដាហ៍ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាជូនគ្រួសារក្រីក្រជាង ៤០ម៉ឺនគ្រួសារ

លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច។

លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច បាន​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​២ ខែកក្កដា​នេះ ការឧបត្ថម្ភ​ថវិកា​ជូន​គ្រួសារ​ក្រីក្រ​នៅ​ទូទាំង​ប្រទេស បាន​ប្រមាណ​ជាង ៤២​ម៉ឺន​គ្រួសារ និង​សរុប​ជា​ថវិកា​ប្រមាណ ៧៤​ពាន់​លាន​រៀល​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព បញ្ហា​ប្រឈម ភាព​មិនប្រក្រតី និង​ការតវ៉ា​នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​កូ​វីដ​១៩ នៅ​រសៀល​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២០​នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​មានប្រសាសន៍ថា ក្នុង​ដំណើរការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុង​ជំងឺ​កូ​វីដ​១៩ បានបង្ហាញ​ពី​ការពេញចិត្ត​របស់​អ្នកទទួលផល ឬ​គ្រួសារ​ក្រីក្រ ដោយ​ក្នុង​នោះ ​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ដែល​បាន​ទទួល​ថវិកា​មាន​ចំនួន ប្រមាណ​ជាង ៤២​ម៉ឺន​គ្រួសារ ស្មើនឹង​ចំនួន​ជាង ៨០​ភាគរយ និង​សរុប​ថវិកា​មាន​ចំនួន ៧៤​ពាន់​លាន​រៀល​។

​ឆ្លើយតប​ទៅនឹង​ភាពមិនប្រក្រតី​នៃ​ការឧបត្ថម្ភ​ថវិកា​ជូន​គ្រួសារ​ក្រីក្រ លោក វង សូត្រ បាន​គូសបញ្ជាក់ថា មានការ​រកឃើញ​ករ​ណី​មិន​ប្រក្រតី​ចំនួន​៣​ទីតាំង ដូចជា​ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង និង​ខេត្តបន្ទាយមានជ័យ ហើយ​ករណីនេះ​បុគ្គល​ដែល​ប្រព្រឹត្ត​ខុសត្រូវ​បាន​ចាត់​វិធានការណ៍​ជា​បន្តបន្ទាប់​។

​ទន្ទឹម​នឹងមាន​ភាពមិន​ប្រក្រតី​កើតឡើង លោក វង សូត្រ បាន​សង្កត់ធ្ងន់ថា គ្រប់​ប្រជាពលរដ្ឋ​គ្រួសារ​ក្រីក្រ​ទាំងអស់​អាច​រាយការណ៍ ឬ​ទំនាកទំនង​តាមរយះ​ប្រព័ន្ធ​ទូរស័ព្ទ​ដែល​រៀបចំ​ដោយ​ក្រសួងផែនការ ប្រសិន​មានការ​រកឃើញ​ករណី​មិន​ត្រឹមត្រូវ ឬ​មាន​បញ្ហា​ចំពោះ​ការទទួល​ថវិកា​ឧបត្ថម្ភ​នៅ​មូលដ្ឋាន​ជាដើម​។

​លោក​ វង សូត្រ បាន​បន្តថា ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លងមកនេះ​ក៏មាន​ករណី​ប្រជាពលរដ្ឋ​មួយចំនួន​មិនអាច​ទួលបាន​ការឧបត្ថម្ភ​ថវិកា ដោយសារតែ​ប្រជាពលរដ្ឋ​ខ្លះ​ពុំ​ស្ថិតក្នុង​លក្ខខណ្ឌ ឬ​នីតិវិធី រួមមាន​ពលរដ្ឋ​មួយចំនួន​ធ្លាប់មាន​ប័ណ្ណ​សមធម៌ ប៉ុន្តែ​ហួស​សុពលភាព មិនអាច​ប្រើប្រាស់​ក្នុងការ​ទទួលបាន​ថវិកា​ពី​រាជរដ្ឋាភិបាល ក៏ដូចជា​ស្ថានភាព​គ្រួសារ​របស់​ពួកគាត់​មាន​ជីវភាព​ល្អប្រសើរ​ជាង​មុន​។

​ចំពោះ​គោលនយោបាយ​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​១៩​នេះ មាន​វិសាលភាព​អនុវត្ត​ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែលមាន​ប័ណ្ណ​សមធម៌​នៅ​ប្រទេស​កម្ពុជា​។

ក្នុងនោះ ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែល​ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ត្រូវ​បំពេញ​លក្ខខណ្ឌ មាន​ប័ណ្ណ​សមធម៌ ដែលមាន​សុពលភាព​ដោយ​ឈរលើ​កម្រិត​ភាពក្រីក្រ ក្រ​កម្រិត​១ មានន័យថា ទីទ័លក្រ ឬ ក្រ​កម្រិត​២ ពោល​គឺ​ក្រ​៕

Add new comment

1 + 0 =