រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណង និងឥណទានសម្បទានមកដល់ប្រទេសកម្ពុជាក្នុងទឹកប្រាក់ជិត​២៣០លានដុល្លារអាមេរិក

រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ហិរញ្ញប្បទាន      ឥតសំណងចំនួន ៣០០លានយ៉េនប្រមាណ ២,៧ លានដុល្លារអាមេរិក និងឥណទានសម្បទានចំនួន  ២៥  ប៊ីលានយ៉េនប្រមាណ ២២៧ លានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា។

 

យោងតាមសេចក្តីប្រកាស​របស់​ស្ថាន​ទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា​នៅ​ថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ បាន​ឱ្យ​ដឹងថា ឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និង សហប្រតិបត្តិការរវាងជប៉ុន និងព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៣០០លានយ៉េនប្រមាណ ២,៧ លានដុល្លារអាមេរិក និងឥណទានសម្បទានចំនួន  ២៥  ប៊ីលានយ៉េនប្រមាណ ២២៧ លានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា។

 

ហិរញ្ញប្បទានឥតសំណង គឺផ្តល់សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយតាមរយៈហិរញ្ញប្បទានឥតសំណងសម្រាប់ «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» រដ្ឋាភិបាលជប៉ុនផ្តល់ថវិកា៣០០លានយ៉េន ឬប្រមាណ ២,៧ លានដុល្លារអាមេរិក ដល់អគ្គស្នងការនគរបាលជាតិ           និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដើម្បីទិញសម្ភារៈ។

 

សេចក្តីប្រកាសនេះបាន​បន្តថា កិច្ចសហប្រតិបត្តិការនេះមានគោលបំណងពង្រឹងសមត្ថភាពរបស់អង្គភាពខាងលើតាមរយៈការផ្តល់សម្ភារៈរួមមានយានយន្តសម្រាប់ការពារសន្តិសុខដើម្បីទុកការ​ពារ​គណៈប្រតិភូ និងម៉ាស៊ីនត្រួតពិនិត្យកាំរស្មីអ៊ិចសម្រាប់ប្រើប្រាស់នៅតាមព្រំដែនគោក។   សម្ភារៈទាំងនេះ នឹងជួយឲ្យព្រឹត្តិការណ៍ទ្រង់ទ្រាយធំ ដូចជាសន្និសិទអន្ដរជាតិនាពេលខាងមុខប្រារព្ធធ្វើឡើងប្រកបដោយសុវត្ថិភាព និងដំណើរការទៅយ៉ាងរលូន។

 

ចំណែកឥណទានសម្បទានសម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ រដ្ឋាភិបាលជប៉ុនផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន២៥ ប៊ីលានយ៉េន ឬប្រមាណ ២២៧ លានដុល្លា​រ​អាមេរិក មកដល់កម្ពុជាដែលកំពុងរងផលប៉ះពាល់ដោយការរីករាលដាលជាសកលនៃវីរុសកូវីដ១៩។ 

  

ស្ថានទូតជប៉ុនបាន​បញ្ជាក់ថា តាមរយៈសហហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ឥណទាននេះនឹងជួយទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ រក្សាលំនឹង និងភាពសកម្មនៃសកម្ម​ភាពសេដ្ឋកិច្ច និងសង្គម និងការពារកិច្ចគាំពារសង្គម។  ឥណទាននេះគឺបន្ថែមពីលើហិរញ្ញប្បទានឥតសំណង៥ ប៊ីលានយ៉េន(ប្រមាណ ៤៥ លានដុល្លារអាមេរិក) ដើម្បីឆ្លើយតបទៅនឹងជំងឺ​​កូវីដ​១៩ តាមរយៈការធ្វើឲ្យប្រសើរឡើងវិញនូវមន្ទីរពេទ្យបង្អែកក្នុងខេត្តសៀមរាប ការផ្តល់ឧបករណ៍   វេជ្ជសាស្រ្តនៅទូទាំងប្រទេស និងជំនួយបច្ចេកទេស។ 

 

ប្រភពដដែល​បានបន្តទៀតថា តាមរយៈការប្រើប្រាស់ឥណទានសម្បទាននេះប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជានឹងងើបឡើងវិញយ៉ាងឆាប់រហ័សតាមរយៈការពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ ការគាំទ្រផ្នែកសង្គមសម្រាប់ជនក្រីក្រនិងងាយរងគ្រោះ និងផ្តល់ការគាំទ្រផ្នែកហិរ​ញ្ញវត្ថុដល់សហគ្រិនរួមទាំងសហគ្រាសធុនតូច និងមធ្យម។

 

ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងតែបន្ត ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន    ម្នាក់ៗស្របគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលគឺមានសារៈសំខាន់ណាស់។ ជប៉ុនមានបំណងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដោយប្រើប្រាស់គ្រោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនានា។

 

លិខិតប្តូរសារនៃគម្រោងទាំងនេះត្រូវបានចុះហត្ថលេខារវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី         រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២០៕

Add new comment

2 + 0 =