រដ្ឋមន្រ្តីសុខាភិបាល៖ លែងមានការធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូវីដ ដែលបញ្ចប់ការព្យាបាល នៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាល និងនៅតាមផ្ទះ

លោក ម៉ម ប៊ុនហេង បានលើកឡើងតាមរយៈលិខិតផ្ញើជូនគ្រប់ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្តទាំងអស់ពីការលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័កនេះ ដោយលោកបានបញ្ជាក់ថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើការលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាល។
លោកថា ៖ «អ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ពុំតមូ្រវឱ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ទៀតទេ ហើយអ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ ត្រូវបានអនុញ្ញាតឱ្យបញ្ចប់ការព្យាបាលទៅតាមលក្ខខណ្ឌមួយចំនួនផងដែរ»។
លោកថា លក្ខខណ្ឌទាំងនោះមានដូចជា ករណីអ្នកជំងឺកូវីដ-១៩ ពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញ អនុញ្ញាតឱ្យបញ្ចប់ការព្យាបាលនៅថ្ងៃទី១៤ ប្រសិនបើពុំមានរោគសញ្ញាជំងឺកូដ-១៩ រយៈពេល ៣ថ្ងៃចុង ក្រោយបន្តបន្ទាប់គ្នា (ថ្ងៃទី១១ ១២ និង១៣) និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃទៀតទេ។ 
រដ្ឋមន្រ្តីរូបនេះបានបន្តថា ករណីអ្នកជំងឺកូវីដ-១៩ បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញ ហើយចាប់ពីថ្ងៃទី៦ ទៅពុំមានរោគសញ្ញាជំងឺកូវីដ-១៩ រយៈពេល ៣ថ្ងៃ បន្តបន្ទាប់គ្នា (ថ្ងៃទី៦ ៧ និង៨) ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង នៅថ្ងៃទី៩។ ប្រសិនបើទទួលបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន [Ag (-)] អនុញ្ញាតឱ្យបញ្ចប់ការព្យាបាល និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ទៀតទេ។ 
លោក ម៉ម ប៊ុនហេង ថា ៖ «ប្រសិនបើលទ្ធផលតេស្តកូវីដ-១៩ វិជ្ជមាន [Ag (+) ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯងឡើងវិញនៅ ២ថ្ងៃបន្ទាប់ ( ថ្ងៃ ទី ១ ១) ហើយអនុញ្ញាតឱ្យបញ្ចប់ការព្យាបាល ប្រសិនបើទទួលបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន [Ag (-)] និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ទៀតទេ»។ 
លោកបានបញ្ជាក់បន្ថែមថា ក្នុងករណីពុំមានលទ្ធភាពធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង នៅថ្ងៃទី៩ អនុញ្ញាតឱ្យបញ្ចប់ការព្យាបាលនៅថ្ងៃទី១២ ប្រសិនបើពុំមានរោគសញ្ញាជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី៩ ទៅរយៈពេល ៣ថ្ងៃ បន្តបន្ទាប់គ្នា ( ថ្ងៃទី៩ ១០ និង១១) និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ទៀតទេ។
លក្ខខណ្ឌចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាល នៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងអ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ ដែលបាន ដាក់ឱ្យប្រើប្រាស់នាពេលកន្លងមក ត្រូវទុកជានិរាករណ៍។
លោក ម៉ម ប៊ុនហេង បានឱ្យដឹងទៀតថា អ្នកជំងឺកូវីដ-១៩ ដែលត្រូវបានអនុញ្ញាតឱ្យបញ្ចប់ការព្យាបាល ទោះបីត្រូវបានលើកលែងកាតព្វកិច្ចចត្តាឡីស័ក ប៉ុន្តែត្រូវតែបន្តអនុវត្តវិធានការសុខាភិបាលជាធរមាន ដោយចូលរួមអនុវត្តឱ្យបាននូវវិធានការ ៣កុំ ការពារ ឱ្យបានខ្ជាប់ខ្ជួន៕

Add new comment

1 + 19 =