រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​អំពាវនាវ​ឱ្យ​អ្នក​ប្រើ​ប្រាស់ផ្លូវ​ប្រុង​ប្រយ័ត្ន​ដើម្បីបង្ការ​និង​ទប់​ស្កាត់​គ្រោះ​ថ្នាក់ចរាចរណ៍ក្នុង​ឱកាសបុណ្យ​ភ្ជុំបិណ្ឌ

ស្ថានភាព​គ្រោះ​ថ្នាក់ចរាចរណ៍​ក្នុង​រយៈ​ពេល​៨ខែឆ្នាំ​២០២០​នេះ​មាន​ការ​ថយចុះ​ប្រមាណជា​២៤​ភាគរយ​បើ​ធៀបនឹង​រយៈ​ពេលដូចគ្នានឹង​ឆ្នាំ​២០១៩​។ នេះ​បើ​តាម​ការលើកឡើង​របស់​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ សម្តេចក្រឡាហោម​ ស ខេង​ ដោយ​លោក​បាន​ធ្វើ​ការអំពាវនាវ​​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់​ក្នុង​រដូវ​បុណ្យភ្ជុំបិណ្ឌនេះ។

សម្តេច​ក្រឡាហោម ស ខេង លើកឡើងថា ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍ ក្នុង​រយៈកាល​កន្លងមក បាន​ធូរស្រាល គួរ​ឲ្យ​កត់សម្គាល់ គឺ​ក្នុង​រយៈពេល ៨​ខែ ឆ្នាំ​២០២០ នេះ ប្រៀបធៀប​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩ ករណី​គ្រោះថ្នាក់​ចរាចរណ៍ បាន​ថយចុះ ចំនួន ៦៦៧​ករណី ស្មើ ២៤% អ្នកស្លាប់ ថយចុះ ២១៥​នាក់ ស្មើ ១៦% និង​អ្នករបួស ថយចុះ​ចំនួន ១០១០ នាក់ ស្មើ ២៤%​។​

ក្នុង​នាម​ជា​ប្រធាន​​​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកផងដែរនោះ សម្តេច​ក្រឡាហោម ស ខេង ក៏​បាន​ធ្វើ​ចេញ​សេចក្តី​អំពាវនាវចំនួន​៩​ចំណុច នៅ​ថ្ងៃអង្គារ ទី​១៥ ខែកញ្ញាឆ្នាំ២0២០​នេះ ​ដើម្បីបង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ នៅ​ថ្ងៃទី​១៦-១៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ។​

​នៅក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ ដែល​បាននិង​កំពុងតែ​ប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ នេះ ប្រជាពលរដ្ឋអាច​នឹងមាន​សកម្មភាព ធ្វើ​ចរាចរណ៍ ទៅកាន់​វត្ត​អារាម ស្រុកកំណើត និង​ដំណើរ​កំសាន្ត​ទូទាំងប្រទេស​យ៉ាង​មមាញឹក ហើយក៏​អាចមាន​កំណើន​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។​

​ដើម្បី​ទប់ស្កាត់​បញ្ហា​ប្រឈម​នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​យកចិត្តទុកដាក់​រក្សា​សុវត្ថិភាព​ក្នុង​ការធ្វើ​ចរាចរណ៍ ដោយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សំខាន់ៗ ដូចខាងក្រោម​៖

១-​ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​រថយន្ត​ដឹកទំនិញ សូមកុំ​ផ្ទុក​មនុស្ស ឬ​ទំនិញ​លើស​ច្បាប់​កំណត់ ជាពិសេស​រថយន្ត​ដឹក​អ្នកដំណើរ មិនត្រូវ​ផ្ទុក​មនុស្ស​នៅលើ​ដំបូល និង​សុំ​កុំ​ដំឡើងថ្លៃ​សំបុត្រ​ធ្វើដំណើរ​

២-​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​រប​ស់​ខ្លួន មុន​ពេលធ្វើ​ចរាចរណ៍​

៣-​អ្នកបើកបរ​រថយន្ត និង​អ្នករួមដំណើរ សូម​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​ជាប់​ជាប្រចាំ​

៤-​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ទាំងអស់ ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់ៗ​គ្នា ទោះ​ធ្វើដំណើរ​ជិត ឬ​ឆ្ងាយ និង​គ្រប់ពេលវេលា​។ ត្រូវ​ចងចាំ​ជានិច្ច​ថា «​មួកសុវត្ថិភាព​មួយ ជួយ​ការពារ​ជីវិត​បាន​ម្នាក់​»

៥-​អ្នកបើកបរ ត្រូវ​បន្ថយល្បឿន​បើកបរ​របស់ខ្លួន ទៅតាម​ច្បាប់​កំណត់ និង​តាម​ស្ថានភាព​ជាក់ស្តែង ដូចជា ទីប្រជុំជន សាលារៀន ផ្លូវ​កោង ផ្លូវ​ប្រសព្វ ផ្លូវ​ចំណោត ផ្លូវ​ចង្អៀត ឬ​ផ្លូវ​រអិល​។​ល​។ មូលហេតុ​ចម្បង ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក គឺ​ការបើកបរ​លើស​ល្បឿន​កំណត់​

៦-​អ្នកបើកបរ​មុននឹង​វ៉ា​ជែង ត្រូវ​ដឹង​ច្បាស់​ថា ផ្លូវ​ខាងមុខ​ទំនេរ អាច​ជែង​បាន​ដោយ​សុវត្ថិភាព​ជៀសវាង​ការ​វ៉ា​ជែង ដោយ​ប្រថុយប្រថាន ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​

៧-​អ្នកបើកបរ ត្រូវគោរព​សិទ្ធិ​អាទិភាព​នៅត្រង់​ផ្លូវ​ប្រសព្វ ដោយ​ត្រូវ​បើកបរ​បន្ថយល្បឿន នៅពេល​ជិត​ដល់​ផ្លូវ​ប្រសព្វ និង​ត្រូវ​ទុក​សិទ្ធិ​ឲ្យ​អ្នកបើកបរ ដែល​ធ្វើ​ចរាចរណ៍ នៅលើ​ផ្លូវធំ និង​ត្រង់ ទៅមុន​

៨-​មិន​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង ឬ​សារធាតុ​ញៀន និង​សូម​ចងចាំ​ជានិច្ច​នូវ​ពាក្យស្លោក «​បើ​ពិសា​គ្រឿង​ស្រវឹង កុំ​បើកបរ​»​។ ស្ថានភាព​ស្រវឹង នឹង​បង្ក​ឲ្យ​អ្នកបើកបរ​បាត់​ការចងចាំ វង្វេងស្មារតី មិនអាច​បញ្ជា​យាន​បាន​ដោយ​សុវត្ថិភាព ងាយ​ប្រឈម​នឹង​ការបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​

៩-​នៅពេល​បើកបរ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សុជីវធម៌ សីលធម៌ និង​ការយោគយល់​អធ្យាស្រ័យ​ទៅវិញទៅមក ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់ ឬ​សម្រួល​ស្ថានភាព​កកស្ទះ​ចរាចរណ៍​៕

Add new comment

15 + 4 =