មន្រ្តី​ដែលបាញ់ជនបែកថ្នាំម្នាក់ស្លាប់ដោយ​សារការពារខ្លួន​ត្រូវ​បាន​ដោះលែង

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេច​ធ្វើ​ការ​ដោះលែងឈ្មោះ ភឿង ភិរៈ ឲ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេតលើករណីនេះជាបន្តទៀត បន្ទាប់​ពី​សាកសួរនិងបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធនានាក្នុងសំណុំរឿងនេះរួចនៅ​ល្ងាច​ថ្ងៃព្រហស្បតិ៍ទី០៨ ខែមេសា នេះ។

យោង​តាម​​សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​ឱ្យ​ដឹងថា នៅព្រឹកថ្ងៃទី០៨ នេះ​ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលសំណុំរឿងពីមន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងឈ្មោះ ភឿង ភិរៈ បានបាញ់ទៅលើឈ្មោះ អ៊ូ សុជារ៉ាត់ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ នៅចំណុចខាង មុខធនាគារ ABA ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ 

ប្រភព​ដដែល​បន្តថា ៖ «ក្រោយពីបានសាកសួរលើឈ្មោះ ភឿង ភិរៈ និងបាន ពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធនានាក្នុងសំណុំរឿង ព្រះរាជអាជ្ញាបានដោះលែងឲ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេតលើករណីនេះជាបន្តទៀត»។ 

លោក​គុច គឹមឡុង អ្នកនាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ បាន​ប្រាប់RVAKhmer ​ឱ្យ​ដឹង​ថា ការ​ដែលព្រះ​រាជ​អាជ្ញាសម្រេចដោះលែងក្រោយ​ពីសាកសួរនិង​ពិនិត្យ​ឯកសារនានាជាបឋមរួចរាល់ គឺ​ឃើញថាមាន​ភាព​ស៊ីសង្វាក់​ជាច្រើន​​ដែលជាការការពារខ្លួន​ដែលស្រប​ទៅតាម​មាត្រា​៣៣នៃក្រម​ព្រហ្មទណ្ឌ​។

លោក​បា​នបន្ថែមថា ៖ «ឈ្មោះភឿង ភិរៈនេះ ក្រោយ​ពី​កើ​តហេតុ​មិន​បានព្យាយាម​រត់គេច​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ទេ គឺនៅទីតាំង​កើត​ហេតុ​នេះ​រហូត​សមត្ថកិច្ច​មក​ដល់ ហើយ​យើង​ជឿជាក់ថា ភឿង ភិរៈនេះនឹង​ចូលរួម​គ្រប់​នីតិវិធី​របស់​តុលាការនាពេល​ខាងមុខ​»។

លោកគុច គឺមឡុង បាន​បញ្ជាក់ទៀតថា យោង​តាម​មាត្រា​១០៣នៃក្រមនីតិវិធីព្រហ្មទណ្ឌ​ ព្រះរាជអាជ្ញាមាន​ឆន្ទានុសិទ្ធិដោះលែង​ឱ្យ​មាន​សេរីភាព​វិញ ហើយ​ការ​ដោះលែង​​ឱ្យ​មាន​សេរីភាពបណ្តោះអាសន្ននេះគឺមិនមានន័យថា បុគ្គលនេះ​មិន​ត្រូវ​បាន​រួច​​ផុត​ពី​ការចោទប្រកាន់នោះទេ​។ 

លោកថា សំណុំរឿងនេះ យើង​ត្រូវ​ការ​​ធ្វើ​ការ​ស៊ើបអង្កេត​បន្តទៀត។

គួររំលឹកផងដែរថា ឈ្មោះភឿង ភិរៈដែលបាញ់ជនបែកថ្នាំម្នាក់កាលពីយប់ថ្ងៃទី០៦ ខែមេសា កន្លងមក​ដើម្បីការពារខ្លួនពីការចាក់ប្រហារនោះលើរូបគាត់​ជាមន្រ្តី​បម្រើការងារនៅអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្ដែដោយសារពេលយប់ទំនេរទើបគាត់​ទៅបម្រើការ​ងារជាសន្ដិសុខយាមធនាគារ ABA ដែលជាកន្លែងកើតហេតុនោះ៕

Add new comment

2 + 0 =