មន្ត្រីជាន់ខ្ពស់កម្ពុជា៖ បទល្មើសជួញដូរមនុស្សក្នុងកម្ពុជា ពុំមែនកម្ពុជាធ្វើខ្លួនឯងទេ

រដ្ឋលេខាធិការនៃក្រសួង​មហាផ្ទៃ និងជាអនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានថ្លែងថា បទល្មើសជួញដូរ​មនុស្សដែល​បាន​កើត​ឡើង​លើ​ទឹកដី​កម្ពុជានេះ គឺពុំមែនកម្ពុជាជាអ្នកធ្វើខ្លួនឯងនោះទេ។

លោកស្រីបាន​បន្តថា ពោលគឺជនបោកបញ្ឆោតជាជនបរទេស មេ​ខ្យល់​នាំ​ចូលក៏ជាជនបរទេស ហើយបាននាំជនបរទេសមករងគ្រោះនៅប្រទេសកម្ពុជាទៅវិញ រហូត​ត្រូវ​បានគេរិះគន់ ហើយបានឈានដល់ការដាក់កម្ពុជាចូលទៅក្នុងបញ្ជីខ្មៅ ដែ​ល​ជា​ប្រទេស​ជាប់​ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សជាដើមនោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែសីហា មុននឹងអញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​ជាមួយ​ភាគីថៃ ទាក់ទងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ស្តីពីនីតិវិធី​ច្បាប់ទ​ប់​ស្កាត់​អំពើ​ជួញ​ដូរ​មនុស្ស លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា កម្ពុជា​បានធ្វើការយ៉ាងសកម្មចំពោះកិច្ចការទប់ស្កាត់អំពើជួញដូរមនុស្ស បើទោះ​បី​កម្ពុជា​ត្រូវ​បាន​គេចោ​ទ​ប្រកាន់ និង​បានដាក់ប្រទេសស្ថិតនៅក្នុងលេខរៀងទី៣ ក្នុងការប្រងើយ​កន្តើយ​ ចំពោះ​ការ​ជួញ​ដូរ​មនុស្សនេះ។

លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា ៖ «កម្ពុជាខិត​ខំ​ប្រឹង​ប្រែង​ជា​និច្ច​ចំពោះ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងនូវអំពើជួញដូរមនុស្សនេះ ដោយកម្ពុជាបានសហការជាមួយប្រទេស និងអង្គការ ជាដៃគូជាច្រើននៅលើសកលលោក ដើម្បីធ្វើយ៉ាង​ណា​លុប​បំបាត់​នូវ​សកម្មភាព​ទាំង​នេះ​ឲ្យបា​ន»។

គួរបញ្ជាក់ថា រយៈពេល៧ខែ ឆ្នាំ២០២២នេះ អាជ្ញាធរ​កម្ពុជា​បាន​បង្រ្កាប​អំពើ​ជួញ​ដូរ​មនុស្ស​បាន​ចំនួន៤៧ករណី ហើយបានចាប់ខ្លួនជនជាតិចិន ម៉ាឡេស៊ី វៀតណាម និង​ជន​ជាតិ​ខ្មែរ​បាន​ចំនួន​៦០​នាក់​បញ្ជូន​ទៅ​កាន់​តុលាការ​ដោ​យ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​ ដែលជន​សង្ស័យ​ទាំងនេះ​បាន​បោក​បញ្ឆោត​ជនរង​គ្រោះពី​ប្រទេស​ផ្សេង​​ៗ​ចូល​មក​កម្ពុជា​ដោយ​សន្យា​ឲ្យធ្វើការទទួលបានប្រាក់កំរ៉ៃជាច្រើននោះ៕

Add new comment

2 + 0 =