ភ្ញៀវទេសចរណ៍នៅលើនាវាយក្ស ត្រៀមហោះហើរមកកាន់ភ្នំពេញ

គណៈប្រតិភូរាជ​រដ្ឋាភិបាល កម្ពុជា ដឹកនាំ​ដោយ​លោក ទេសរដ្ឋមន្ត្រី ស៊ុន ច័ន្ទថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និង​ដឹក​ជញ្ជូន រសៀលម៉ោង ២:០០ នាទី ថ្ងៃទី ១៣ កុម្ភៈនេះ បានដឹក​នាំ​មន្ត្រី​ពាក់ពន្ធ័ ចាំ​ស្វាគមន៍​ភ្ញៀវទេសចរណ៍​លើក​ប៉ាល់​យក្ស ចូល​ចត​នៅ​កំពង់ផែក្រុងព្រះសីហនុ។ មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល រួម​មាន​លោក ស៊ុន ច័ន្ទថុល លោក ម៉ម ប៊ុនហេង លោក ថោង ខុន និងអភិបាល​នៃគណៈអភិបាល ខេត្តព្រះសីហនុ លោក គួច ចំរើន។

តាមសេចក្តីរាយការណ៍​បាន​អោយ​ដឹង​ថា ភ្ញៀវទេសចរណ៍​អន្តរជាតិ​២០ នាក់ក្នុងចំណោម ភ្ញៀវទេសចរណ៍ទាំងអស់ មានអាការៈក្តៅខ្លួន តែ​មិនទាន់​បញ្ជាក់ថា​មាន​ផ្ទុកមេរោគកូរ៉ូណា នៅ​ឡើយ​នោះ​ទេ។

ប្រភព​បន្ត​អោយ​ដឹង​ថា ភ្ញៀវទេសចរណ៍​ទាំង​នោះ​ត្រូវ​ឡើងជិះ រថយន្តក្រុង​ពី​កំពង់ផែ ទៅកាន់​អាកាសយានដ្ឋាន កងកេង ខេត្តព្រះសីហនុ ដើម្បី​បន្តដំណើរ មក​កាន់​រាជធានីភ្នំពេញ។ តែ​ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ មុន​នឹង​អនុញ្ញាត្ត​អោយ​ចុះ​ពី នាវាយក្សនេះ ក្រុមគ្រួសារ និង​អ្នក​ដែល​ពាក់ព័ន្ធ​ប្រមាណ ១០​នាក់​ផ្សេងទៀត ត្រូវ​ពិនិត្យ​សុខភាព ចំណែកជាង​៥០០​នាក់​ផ្សេងទៀត បាន​ចុះពីនាវា ទៅ​កាន់​ក្រុង​គោល​ដៅ​ដែល​បានកំណត់។

បើ​តាម​ការ​អះអាង​ពី​ក្រុមគ្រូពេទ្យ​ដែល​ប្រចាំការ​នៅ​កំពង់ផែ បាន​អះអាង​ថា មាន​តែ​ភ្ញៀវទេសចរណ៍ ចំនួន​២០​នាក់ប៉ុណ្ណោះ​ដែល​មាន ការ​ឡើង​កំដៅ តែ​មិនបញ្ជាក់​ថា មានជំងឺ ឬគ្មាន​នោះ​ទេ។ ភ្ញៀវ​ទេសចរណ៍​ទាំង​២០​នាក់​នោះ កំពុង​ស្នាក់​នៅ​លើ​នាវា​នៅ​ឡើយ ហើយ​អាច​បន្តការ​ស្នាក់នៅ ខេត្តព្រះសីហនុ និង​តាមដាន​ពី​មន្ត្រី​សុខាភិបាល​កម្ពុជា ជាច្រើន​ថ្ងៃ​បន្ត​ទៀត។

លោក ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីសុខាភិបាល​កម្ពុជា បាន​ធ្វើ​ការ​អត្ថាធិបាយ​ខ្លី​ថា បើ​សិន​ជា​រកឃើញ​ថា ភ្ញៀវទេសចរណ៍​ណា មាន​បញ្ហាធ្ងន់ធ្ងរ គេ​នឹង​រៀប​ចំដាក់ នៅមន្ទីរ​ពេទ្យ​ខេត្តព្រះសីហនុ ដើម្បី​តាម​ដាន​សុខភាព និង​ព្យាបាល នឹង​ប្រសិន​បើគ្មាន​កន្លែង​គ្រប់គ្រាន់ សម្រាប់ដាក់​ភ្ញៀវទេសចរណ៍​នោះ គឺ​ធ្វើ​ការព្យាបាល​នៅ​លើ​នាវា​ផ្ទាល់ តែ​ដាក់​នៅ​ដោយឡែក​ពី​គ្នា។

នាវា​យក្ស ឈ្មោះ​ថា Westerdam របស់​សហរដ្ឋអាមេរិក ដឹក​អ្នក​ដំណើរ​សរុប ចំនួន​ជាង ២២០០ នាក់ ក្នុង​នោះ​អ្នកដំណើរ ចំនួន ១៤៥៥ នាក់ និង​បុគ្កលិក​ចំនួន ៨០២​នាក់ បានចរចេញ​ពី​ទី​ក្រុងហុងកុង ប្រទេស​ចិន កាល​ពី​វេលា​ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២០ តែ​ត្រូវអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និង​កោះហ្គាំ (អាមេរិក) បដិសេធ​មិនព្រម​អោយ​ចូលចត ដោយសារ ការព្រួយបារម្ភថា នៅ​ក្នុង​ចំណោះ​អ្នក​ជិះ​លើ​នាវា​ទាំង​នោះ អាច​មាន​ផ្ទុកវីរ៉ុសកូរ៉ូណាថ្មី (Covid-19)៕

Add new comment

4 + 0 =