ភាពតានតឹងកើនឡើងនៅអឺរ៉ុបជុំវិញការបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែន

ប្រទេសស្លូវ៉ាគី និងប៉ូឡូញ បានបញ្ជាក់ថា ពួកគេកំពុងផ្តល់យន្តហោះចម្បាំងទៅអោយអ៊ុយក្រែន បើទោះ​បីជាមានការព្រមានពីទីក្រុងមូស្គូថា វានឹងធ្វើឱ្យជម្លោះប្រដាប់អាវុធកាន់តែកើនឡើង។

ក្នុងពេលជាមួយគ្នានេះ ប្រទេសហុងគ្រីដែលនៅជិតនោះបានពន្យារពេលម្តងទៀតនូវការបោះឆ្នោតលើការពង្រីកសម្ព័ន្ធភាពយោធាណាតូ ដោយបន្ថែមភាពតានតឹងនៅក្នុងក្រុមនៃបណ្តាប្រទេសអឺរ៉ុបកណ្តាល និងខា​ងកើត។

នាយករដ្ឋមន្ត្រីស្លូវ៉ាគីបានបញ្ជាក់ថា ប្រទេសរបស់លោកនឹងបរិច្ចាគយន្តហោះចម្បាំងសម័យសូវៀតជាងដប់គ្រឿងដល់អ៊ុយក្រែន បន្ទាប់ពីមានវិធានការស្រដៀងគ្នានេះដោយប៉ូឡូញ។

នាយករដ្ឋមន្ត្រី អេឌូអាត ហេហ្គ័រ (Eduard Heger) បាននិយាយថា ៖ «រដ្ឋាភិបាលបានសម្រេចចិត្តជាឯកច្ឆ័ន្ទ ក្នុងការផ្តល់យន្តហោះ MiG-29 ចំនួន ១៣ គ្រឿង ទៅអោយអ៊ុយក្រែន»។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានព្យាយាមលេងសើច ដោយបន្ថែមថា ៖ «យើងបានធ្វើការសម្រេចចិត្តនេះស្របរដ្ឋធម្មនុញ្ញ»។

ការសម្រេចចិត្តនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីប៉ូឡូញបានសន្យាថានឹងបញ្ជូនយន្តហោះចម្បាំង MiG-29 ចំនួនបួនគ្រឿង ។​

ការសម្រេចចិត្តរបស់ស្លូវ៉ាគី និងប៉ូឡូញ ក្នុងការប្រគល់យន្តហោះចម្បាំងទាំងនេះ បានកើតឡើង បើទោះ​បីជាមានការព្រមានពីរុស្ស៊ីថា ខ្លួននឹងកម្ទេចយន្តហោះចម្បាំងណាដែលផ្តល់ឲ្យអ៊ុយក្រែន។

ការផ្លាស់ប្តូរនេះក៏បានបន្ថែមភាពតានតឹងនៅក្នុងក្រុម Visegrad Group ដែលជាសម្ព័ន្ធភាពនយោបាយ និងវប្បធម៌ដែលមាន៤ប្រទេសរួមមានស្លូវ៉ាគី ប៉ូឡូញ សាធារណរដ្ឋឆេក និងហុងគ្រី។

ក្នុងចំណោមប្រទេសទាំងបួន ហុងគ្រីមានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយរុស្ស៊ី ហើយតែងតែបដិសេធមិ​នផ្តល់អាវុធណាមួយដល់អ៊ុយក្រែន ដោយនិយាយថា ខ្លួនចង់ឲ្យមាន បទឈប់បាញ់ និងកិច្ចចរចាសន្តិភា​ព ហើយហុងគ្រីក៏បានប្រឆាំងនឹងការដាក់ទណ្ឌកម្មជាច្រើនប្រឆាំងនឹងទីក្រុងម៉ូស្គូផងដែរ៕

Add new comment

6 + 4 =