
ព្រះសហគមន៍ប៊ូស្រានឹងមានព្រះវិហារថ្មី
លោកអភិបាលប្រ៊ុយណូ កូសម៍ អភិបាលព្រះសហគមន៍កាតូលិកភូមិភាពកំពង់ចាមបានធ្វើជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា ព្រះវិហារថ្មី ឈ្មោះសន្តយ៉ូហានបាទីស្ត ស្ថិតនៅក្នុងទឹកដីឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។
លោកអភិបាលមានប្រសាសន៍នៅថ្ងៃនោះថា ព្រះយេស៊ូគ្រីស្តជាគ្រឹះយ៉ាងមាំមួនសម្រាប់ព្រះសហគមន៍របស់យើង។ ព្រះយេស៊ូជាផ្លូវ ជាជីវិត ជាពន្លឺនៃព្រះសហគមន៍របស់យើង។ ហើយបងប្អូនដែលនៅទីនេះ ជាគ្រឹះនៃព្រះសហគមន៍របស់យើងជាពិសេសនៅប៊ូស្រា។
លោកអភិបាលបានប្រោះទឹកព្រះពរលើដុំថ្មមួយដុំ ដើម្បីប្រសិទ្ធពរឲ្យក្លាយជាគ្រឹះសម្រាប់ព្រះវិហារថ្មី។ លោកអភិបាលបាន អង្វរព្រះជាម្ចាស់ សូមឲ្យគ្រីស្តបរិស័ទនៅទីនោះក្លាយជាគ្រឹះ និងមានជំនឿមាំមួន ដើម្បីធ្វើជាសាក្សីជាមួយបងប្អូនឯទៀតៗ។
ព្រះវិហារថ្មីនេះមានទំហំ ១៦ គុណ៣៦ម៉ែត្រ ដែលមានឈ្មោះថា សន្តយ៉ូហានបាទីស្ត។ ព្រះសហគមន៍ប៊ូស្រា ជាព្រះសហគមន៍មួយរបស់បងប្អូនជនជាតិដើមភាគតិចពូនង។ បច្ចុប្បន្ននៅព្រះសហគមន៍នេះ មានគ្រីស្តបរិស័ទប្រមាណ៣០០នាក់ ទាំងចាស់និងក្មេង។
តាមប្រសាសន៍របស់លោកបូជាចារ្យទទួលខុសត្រូវ ហ្វ្រង់ស្វ័រ អេមេល្សដាល ឲ្យដឹងថា ជារៀងរាល់ខែមានយ៉ាងហោចណាស់មួយគ្រួសារមកសុំចូលព្រះសហគមន៍នេះ ដែលធ្វើឲ្យចំនួនគ្រីស្តបរិស័ទចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លោកបូជាចារ្យបន្ថែមថា ក្នុងឆ្នាំ២០២១នេះ ក្នុងពេលបុណ្យចម្លង នឹងមានមនុស្ស៣៧ នាក់ទទួលពិធីជ្រមុជទឹក និងមានមនុស្សចំនួន៥០នាក់ទៀតកំពុងឈ្វេងយល់អំពីជំនឿ។
លោកបន្តថា «ភាគច្រើនគេសុំចូលគ្រីស្តសាសនាដោយសារគេថា សាសនាដើមរបស់គេ ជាលុយច្រើន (ចំណាយប្រាក់ច្រើន)»។ ត្រង់ចំណុចលោកបានបញ្ជាក់ថា ធ្វើឲ្យលោកមានក្តីបារម្ភបន្តិច ប៉ុន្តែលោកនៅតែមានសង្ឃឹម ដោយសារតែព្រះវិញ្ញាណកំពុងធ្វើកិច្ចការងារនៅក្នុងចិត្តរបស់ពួកគាត់។ លោកបូជាចារ្យនិយាយថា «ត្រូវការពេលវេលា ភាពអត់ធ្មត់»។
លោកហ្វ្រង់ស្វ័រឲ្យដឹងថា ព្រះវិហារថ្មីនេះ អាចទទួលមនុស្សបានដល់៥០០នាក់ និងមានរូបរាងដូចឈើឆ្កាង។ ក្រោយចុះបឋមសិលានៅពេលនេះ គឺចាប់ផ្តើមកសាងព្រះវិហារថ្មីនេះហើយ ដោយប្រើរយៈពេល១ឆ្នាំ។
ព្រះវិហារថ្មីនេះ មានឈ្មោះថា យ៉ូហានបាទីស្ត ដែលគាត់រស់នៅវាលរហោស្ថាន និងទទួលការលំបាកច្រើន «គឺប្រៀបដូចជាបងប្អូនជនជាតិព្នងនៅទីនេះ ធ្វើចម្ការរហូត ប៉ុន្តែខ្ញុំចង់បន្ថែមថា យ៉ូហានបាទីស្តគាត់រៀបចំផ្លូវថ្វាយព្រះយេស៊ូ។ ដូច្នេះ យើងនៅទីនេះ ធ្វើយ៉ាងម៉េចដើម្បីប្រកាសដំណឹងល្អ ជាពិសេសឲ្យបងប្អូនខ្មែរ»៕




Add new comment