ព្រះសង្ឃដែលមានអាការៈគ្រុនក្តៅនៅក្នុងវត្តស្វាយដង្គំខេត្តបាត់ដំបង មិនមានជំងឺកូវីដ១៩ទេ

ព្រះសង្ឃចំនួន៤៦នាក់ដែលគង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះកើត​ជំងឺគ្រុន​ផ្តាសាយ​ធំ មិនមាន​ជំងឺកូវីដ​១៩​ទេ។

លោក​ស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​នៃ​ក្រសួង​សុខាភិបាល​បាន​​ឱ្យ​ដឹងថា កាល​ពី​ថ្ងៃទី​១៣ ខែកញ្ញា​​ព្រះ​សង្ឃទាំងនេះ មាន​អាការ:ក្តៅខ្លួនលើសពី៣៧,៥ អង្សារសេ ក្អក និងហៀរសំបោរ។  ហេតុការណ៌នេះ  បានកើតមានឡើងចំនួន៥ទៅ៦ថ្ងៃមកហើយ  ដែលមានព្រះសង្ឃប្រហែលជាងពាក់កណ្តាលនៃចំនួនទាំងអស់បានជាសះស្បើយ បន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។

អ្នកនាំពាក្យ​រូប​នេះ​បាន​បន្តថា ព្រះសង្ឃដែលនៅមានរោគសញ្ញាសង្ស័យ ក្រុមគ្រូពេទ្យខេត្តបាត់ដំបងបានយកវត្ថុសំណាកព្រះសង្ឃចំនួន២១អង្គទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយមន្ទីរសុខាភិបាលខេត្តបាត់ដំបងក៏បានធ្វើការអប់រំណែនាំព្រះសង្ឃ លោកតាអាចារ្យវត្ត  និងគណគ្រប់គ្រងសាលាពុទ្ធិក:នៅទីនោះរួចហើយដែរ។ បច្ចុប្បន្ននេះស្ថានភាពសុខភាពព្រះសង្ឃដែលឈឺនោះ មានការវិវត្តទៅរកភាពល្អប្រសើរហើយ។

លោកស្រី ឱ វណ្ណឌីនបាន​ធ្វើ​ការ​អំពាវនាវនិងក្រើនរំលឹកសារជាថ្មី  ដល់ប្រជាលរដ្ឋទាំងអស់  ជាពិសេស  លោកតាអាចារ្យ លោកតា-យាយជី  គណៈគ្រប់គ្រងសាលាពុទ្ធិកៈ  និងគណ:កម្មការគ្រប់គ្រងទីវត្តអារ៉ាមនៅទូទាំងប្រទេស  ព្រមទាំងពុទ្ធបរិស័ទ្ធទាំងអស់  ត្រូវបន្តអនុវត្តនូវវិធានការអនាម័យការពារខ្លួនពីការចម្លងវីរុសកូវីដ១៩  ការចម្លងគ្រុនផ្តាសាយធំនិងការចម្លងជំងឺឆ្លងផ្សេង​ៗទៀត  ដោយអនុវត្តវិធានការការសាមញ្ញៗដូចជា រក្សាអនាម័យដៃស្អាតជានិច្ច  ដោយលាងសម្អាតដៃញឹកញាប់  និងកុំយកដៃដែល មិនទាន់បានលាងសម្អាត  ទៅប៉ះផ្ទៃមុខ មាត់ឫច្រមុះ  និងត្រូវឆាន់ ឬពិសារទឹក ក្តៅដាំពុះ  និងចង្ហាន់ឬម្ហូបអាហារត្រូវចម្អិនឲ្យបានឆ្អិនល្អ។ ពាក់ម៉ាស់  ក្នុងករណីចាំបាច់  ជាពិសេសត្រូវពាក់ម៉ាស់ជាចាំបាច់  នៅពេលចូលទៅកាន់ទីវត្តអារ៉ាម  ជួបជុំពុទ្ធបរិស័ទ   ជាពិសេសមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ  (ការប្រគេនចង្ហាន់  និងទេយ្យវត្ថុ  ត្រូវធ្វើក្នុងក្រុមតូចៗ  ទៅតាមក្រុមគ្រួសារនិមួយៗ) និងពេលសម្តែងព្រះធ៌ម។ រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡើងទៅ ជាពិសេសព្រះសង្ឃឬឬបុគ្គលដែលឈឺ មានរោគសញ្ញាផ្តាសាយ ឬមិនស្រួលខ្លួន ត្រូវសម្រាកនិងនៅដាច់ដោយឡែក  ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់ឬទទួលទេយ្យវត្ថុនៅក្នុងទីកន្លែងណាមួយនៃវត្តអារ៉ាម  ដែលអាចបង្កឲ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ត្រូវចៀសវាងការពុលចំណីអាហារ  ការពុលស្រាសដោយប្រេីប្រាស់សាធារធាតុមេតាណុលដែលមិនត្រូវបច្ចេកទេស  ចៀសវាងគ្រោះថ្នាក់ចរាចរ  និងចៀសវាងការសេពគ្រឿងញៀន៕

Add new comment

1 + 1 =