ពលរដ្ឋ​​មាន​បញ្ហា​ដីធ្លី​សុំសម្តេចតេជោ ហ៊ុន សែន ជួយ

ប្រជាពលរដ្ឋនៅសហគមន៍ស្វាយចេកថ្មី សង្កាត់គោករកា ​នៅ​ក្នុងខណ្ឌ​ព្រែកព្នៅ បាន​ប្រមូល​ផ្តុំ​គ្នាដាក់ញត្តិ​ជូន​សម្តេច​នាយក​រដ្ឋមន្រ្តី​ជួយ​អន្តរាគមន៍​កាល​ពី​ព្រឹក​ថ្ងៃចន្ទ ទី​២៧ ខែកក្កដានេះ ​លើ​បណ្តឹង​របស់​ក្រុម​ហ៊ុន​លោក​ សុខ ហេង​ដែល​បាន​ប្តឹង​រំលោភ​បំពាន​ការ​ពិត​ទាំង​ស្រុង​។

 

យោង​តាម​លិខិត​សុំ​អន្តរាគមន៍​ដែល​ផ្តិត​មេដៃ​ដោយ​តំណាង​ប្រជាពលរដ្ឋ​៣៣​គ្រួសារ​បានឱ្យ​ដឹងថា លោក សុខ ហេង​ ដែល​បាន​ប្តឹង​រំលោភ​បំពាន​ខុស​ការ​ពិត​ទាំងស្រុង​ដែល​បាន​ប្តឹង​មក​អយ្យ​ការ​សាលាដំបូង​រាជ​ធានីភ្នំពេញ​ដើម្បីបណ្តេញ​​ប្រជាជន​ទាំង​៣៣​គ្រួសារ​ដែល​កំពុង​រស់​នៅ​លើ​ដី​មាន​ទំហំ​១៦០០​ម៉ែត្រការ៉េ​ដែល​ស្ថិត​នៅ​​សហគមន៍​ស្វាយ​ចេក​ថ្មី សង្កាត់គោករកា ខណ្ឌ​ព្រែក​ព្នៅ រាជ​ធានីភ្នំពេញដើម្បី​ទាម​ទារ​ដី​របស់​សហគមន៍​មក​ធ្វើ​ជា​កម្ម​សិទ្ធិ​របស់​ផ្ទាល់ខ្លួន​ទៅវិញ។

 

តំណាង​ប្រជាពលរដ្ឋ​មួយរូប លោក ឃឹម ខន បាន​និយាយ​ខណៈ​ប្រមូល​ផ្តុំតវ៉ាដាក់ញត្តិនៅ​ខុន្ទ​កាល័យ​សម្តេច​តេជោ​ថា កាល​ពី​កន្លង​មក​ប្រជាពលរដ្ឋ​ចំនួន​៣៣៩ គ្រួសារបាន​ផ្លាស់ប្តូរ​មក​ពីភូមិ​ ភ្នំពេញថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​ឬស្សីកែវ ដោយ​មាន​ការ​សម្រប​សម្រួល​ដោះ​ស្រាយ​ពី​អាជ្ញាធរ រាជធានីភ្នំពេញ ក៏​មាន​ការ​​ផ្លាស់​ប្តូរ​ទីតាំង​ដីឱ្យ​ប្រជាពលរដ្ឋ​ទាំង​៣៣៩គ្រួសារ​មក​រស់​នៅ​សហគមន៍​ ភូមិ​ស្វាយ​ចេក​ថ្មី សង្កាត់​គោក​រកា ខណ្ឌព្រែក​ព្នៅ តាំង​ពី​ឆ្នាំ​២០០៤។ ដោយ​យោង​តាម​គោល​នយោ​បាយ​ដោះ​ស្រាយ​របស់​សាលា​រាជ​ធានីភ្នំពេញ បាន​ដោះ​ស្រាយ​ចែក​ជូន​ប្រជាពលរដ្ឋ​បាន​តែ​២៣៧​គ្រួសារប៉ុណ្ណោះ ឯ​ពលរដ្ឋ​ដែល​នៅ​សេស​សល់​ សាលារាជ​ធានីភ្នំពេញ បាន​នឹង​សន្យា​ថា​ដោះ​ស្រាយ​ជូន​បន្ត​ទៀត រហូត​មក​ដល់​ពេល​នេះ​ពុំមាន​អាជ្ញាធរ​ណាធ្វើ​ការ​ដោះ​ស្រាយ​ទេ។

 

លោក​បាន​បន្ត​ថា ដី​ដែល​ប្រជាពលរដ្ឋ​កំពុង​រស់​នៅ​ដែល​មាន​ទំហំ១៦០០ម៉ែត្រ​ការ៉េ គឺ​ជាដី​របស់​សាលា​រាជ​ធានីភ្នំពេញ​ទុក​សម្របា់​ចែក​ជូន សហគមន៍​ស្វាយ​ចេក​ថ្មី ធ្វើការ​ចែក​បន្ត​ទៀត​ដោយ​សហគមន៍មាន បណ្ណ​សំគាល់​រួម​មាន​ប្លង់​ផែន​ទី​សម្រាប់​សហគមន៍​ស្វាយ​ចេក​ថ្មី សង្កាត់​គោក​រកា ខណ្ឌ​ដង្កោ (បច្ចុប្បន្ន​ខណ្ឌព្រែក​ព្នៅ) ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០០៤ មាន​ការ​ឯកភាព​ពី​ប្រធាន​រៀប​ចំ​ដែន​ដី​នគររូបីយ​កម្ម​សំណង់និង​សូរិយោ​ដី​រាជ​ធានីភ្នំពេញ​ដែល​ចុះ​ហត្ថ​លេខាដោយ​លោក​ ឈួន សុធី ព្រម​ទាំង​បាន​ឃើញ​និង​ឯកភាព​ពី​លោក កែប ជុតិម៉ា អតីតអភិបាល​ក្រុង​ភ្នំពេញ ទទួល​ស្គាល់​ជា​ផ្លូវ​ការ។

 

ក្នុង​ញត្តិ​ដដែលនេះបាន​លើកឡើងថា មួយ​រយៈ​ក្រោយ​មក​ស្រាប់​តែបុគ្គលឈ្មោះ​ សុខ ហេង ចេញ​មុខ​មក​ធ្វើ​ការ​ទាម​ទារ​ដោយ​អះ​អាង​ថា ដី​ដែល​មាន​ទីតាំង​ខាងលើ​ដែលប្រជាពលរដ្ឋ​៣៣គ្រួសារ​កំពុង​រស់​នៅ​នេះ​ធ្វើ​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន​ទៅ​វិញ។ ដោយ​ដី​របស់​បុគ្គល ឈ្មោះ សុខ ហេង មាន​ឯក​សារ​ទិញ​លក់​ស្ថិត​នៅ ភូមិ បែក​បក​ សង្កាត់​គោរកា ខណ្ឌ​ព្រែកព្នៅ ដែល​មាន​ភូមិ​បែក​បក​និងភូមិ​ស្វាយ​ចេក មាន​ព្រំ​ប្រទល់​ជាប់​គ្នា​បែរ​មក​អះអាង​ដីនេះជារបស់​ខ្លួន​ប្រជាពលរដ្ឋបាន​រស់​នៅ​លើ​ដី​របស់​សហគមន៍​ស្វាយ​ចេកនេះ​អស់​រយៈ​ពេល​១៦​ឆ្នាំ​កន្លង​មក​តាំងពី​ឆ្នាំ​២០០៤មក​ម្ល៉េះ។

 

ទើប​រយៈ​ពេល​ថ្មីៗនេះលោក សុខ ហេង បានមក​ដាក់​ពាក្យបណ្តឹង​ទៅ​លោក សន សិន ដែល​ជា​ចៅ​សង្កាត់​ទើបឡើង​ថ្មី​ថា ប្រជាពលរដ្ឋ មក​រស់នៅ​លើ​ដី​របស់ខ្លួន ក្រោយ​មក​ទៀត​ក៏​មាន​ការ​សម្រប​សម្រួ​ល តាម​រយៈអាជ្ញាធរ​ខណ្ឌនិង​សាលារាជ​ធានីភ្នំពេញ​ចំនួន​២លើក​ទៀត ប៉ុន្តែ​មិនមាន​លទ្ធ​ផល​ដំណោះ​ស្រាយ​ផង​ ស្រាប់​តែ​លោក សុខ ហេង​ បាន​ប្តឹង​មក​សាលា​ដំបូង​រាជ​ធានីភ្នំពេញឱ្យ​ប្រជាពលរដ្ឋ​រុះ​រើ​ដេញ​ចេញ ពី​ទីតាំង​ដីដែល​កំពុង​រស់​នៅ​បច្ចុប្បន្ន​នេះ។

 

លោក​ឃឹម ខន បាន​ថ្លែងថា ៖ «ពួកយើង​ស្នើ​សុំសម្តេច​នាយករដ្ឋមន្រ្តីជួយ​ដោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​បានទទួលបណ្ណ​កម្មសិទ្ធិផ្តល់ឱ្យពួក​យើង។ វាជាដីសហគមន៍​ដែល​ខាង​រាជ​ធានីភ្នំពេញ​បាន​វាស់វែង​ឱ្យ​ពួក​យើង​ចំនួន​៣៣​គ្រួសារនេះ»។

 

ប្រជាពលរដ្ឋមួយរូបទៀត អ្នកស្រី បូវ លៀង​ហួត ដែល​បាន​ធ្វើ​ការ​ទាម​ទារនេះ​ដែរ បាន​និយាយថា ពួកគាត់​បាន​​រង់​ចាំ​អាជ្ញាធរ​ធ្វើ​ការ​វាស់​វែង​ដី​នេះ​ដើម្បីផ្តល់បណ្ណ​ដល់​ពួក​គាត់ប៉ុន្តែ​មិន​ឃើញ​មាន​អ្នក​ណា​ធ្វើ​ឱ្យ​ពួក​គាត់ឡើយរហូត​មាន​ការ​ប្តឹង​ថាពួកគាត់រស់​នៅ​លើ​ដី​របស់គេទៅវិញ។

អ្នកស្រី បាន​ប្រាប់ថា ៖ «ប្រជាពលរដ្ឋ​មិន​បាន​ដឹង​សោះ​ថា បុគ្គលឈ្មោះ សុខ ហេង​នេះបាន​ទិញដី​ដែល​យើងកំពុងរស់នៅទីនេះ។ ដូចនេះហើយ​បានជា​ពួក​យើងមកទីនេះ​ស្នើសុំសម្តេចជួយ​ពួកយើង ​ដោយសារមិន​អស់ចិត្ត​ សុំសម្តេច​ជួយរក​យុត្តិធម៌ឱ្យ​កូនចៅដែល​ក្រខ្សត់​ រស់​នៅ​ក្នុង​ដីនេះដដែល»។

 

មន្រ្តីនៃខុន្ទ​កាល័យ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន​ណែនាំ​ដល់ប្រជាពលរដ្ឋ​ទាំងនេះ​ទៅ​ដាក់​ញត្តិ​នៅ​សាលារាជ​ធានីភ្នំពេញវិញ​ដោយ​មានការ​អន្តរាគមន៍​ពី​ខុន្ទ​កាល័យ​នាយក​រដ្ឋមន្រ្តី​ បន្ទាប់មក​ក៏​មន្រ្តី​ខាង​ខណ្ឌព្រែកព្នៅ​បាន​កោះ​ហៅប្រជាពលរដ្ឋ​ទាំងនេះទៅ​ដោះ​ស្រាយ​នៅ​សាលាខណ្ឌ​ព្រែកព្នៅវិញ៕

Add new comment

3 + 2 =