ពន្លឺនៃការស្តារវិស័យសេវាកម្មនិងទេសចរណ៍ចេញមកហើយ កុំភ្លេចការបង្ការ

កាលពីម្សិលមិញថ្ងៃទី​២៦ ខែ តុលា ឆ្នាំ​២០២១ ក្រសួងទេសចរណ៍បានប្រកាសអំពីការបើកដំណើរការនូវសេវាកម្មទេសចរណ៍សម្រាប់អ្នកទេសចរបរទេសគ្រប់រូបដែលចូលមកកម្ពុជា ប៉ុន្តែពួកគេត្រូវតែចាក់វ៉ាក់សាំ​ងពេញលេញ ដើម្បី​ធ្វើដំណើរទៅទីតាំងចំនួនបីកន្លែង។

ក្រសួងទេសចរណ៍បានអះអាងថា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា តទៅ ទីតាំងទាំងបីកន្លែងពោលគឺក្រុងព្រះសីហនុ ក្រុងកោះរ៉ុង ក្នុងខេត្តព្រះសីហនុ និងនៅតារាសាគរ នៃខេត្តកោះកុង ចំណែកនៅខេត្តសៀមរាប នឹងបើកទទួលទេសចរវ៉ាក់សាំង នៅក្នុងខែមករា ឆ្នាំ២០២២ខាងមុខ ។​

តាមសេចក្តីប្រកាសបានឲ្យដឹងទៀតថា កម្មវិធីទេសចរណ៍វ៉ាក់សាំង នឹងអនុញ្ញាតឲ្យភ្ញៀវទេសចរអន្តរជាតិ ស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព រយៈពេល ៥ថ្ងៃ ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ក្នុងសណ្ឋាគារទេ។ តែភ្ញៀវទេសចរបរទេស ដែលមកកម្ពុជា ក្នុងកម្មវិធីទេសចរណ៍វ៉ាក់សាំង តម្រូវឲ្យធ្វើតែតេស្តរហ័ស រកអង់ទីហ្សែន កូវីដ១៩ ប៉ុណ្ណោះ នៅពេលមកដល់អាកាសយានដ្ឋាន។ ករណីទទួលបានលទ្ធផលអវិជ្ជមាន ភ្ញៀវទេសចរ អាចដើរកម្សាន្ត ដោយសេរី នៅក្នុងតំបន់ ឬគោលដៅទេស​ចរណ៍សុវត្ថិភាព ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ សុទ្ធតែត្រូវបានត្រួតពិនិត្យការអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដា និងវិធានសុវត្ថិភាពទេសចរណ៍ជាមុន។

ប្រភពដដែលបានបន្តថា ភ្ញៀវទេសចរអន្តរជាតិ ដែលមកតាមកម្មវិធីទេសចរណ៍វ៉ាក់សាំង អាចស្នើសុំប្រភេទទិដ្ឋាការទេសចរណ៍ ប្រភេទ T នៅតាមស្ថនទូត ឬស្ថានកុងស៊ុលកម្ពុជា ប្រចាំនៅបរទេស ឬអាចស្នើសុំទិដ្ឋាការ អេឡិចត្រូនិច E-Visa ហើយត្រូវមកតាមកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំង កូវីដ១៩ ឬជាទេសចរ មកជាលក្ខណៈគ្រួសារ ឬក្រុមតូចៗ ជាទេសចរកម្រិតខ្ពស់ ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស។

 ជាមួយនឹងដំណឹងនៃការបើកទទួលទេសចរណ៍វ៉ាក់សាំងនេះកាលពី ថ្ងៃទី២៦ ខែតុលា ក្រសួងទេស​ចរណ៍ ក៏បានប្រកាសនូវវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ដោយបានដាក់ចេញនូវវិធានការ ទាំង ៥ចំណុចប្រកបដោយ ចក្ខុវិស័យច្បាស់លាស់ សម្រាប់ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ សំដៅសម្រេចឲ្យបាននូវចំនួនភ្ញៀវទេសចរផ្ទៃក្នុង ប្រមាណ ១១លាននាក់ នៅឆ្នាំ២០២៣។

នេះគឺជាពន្លឺនៃក្តីសង្ឃឹមសម្រាប់វិស័យសេវាកម្ម និងទេសចរណ៍ ក៏ដូចជាដឹកជញ្ជូនផ្លូវអាកាស ខណៈដែលវិស័យទាំងនេះ បានទទួលវិបត្តិដ៏ធ្ងន់ធ្ងរ​ដោយសារតែការរីករាលដាលនៃមេរោគ​កូវីដ ១៩ នៅក្នុងប្រទេ​សចាប់តាំងពីព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០​កុម្ភៈ មកនោះ។ ប៉ុន្តែទោះបី​ជាយ៉ាងក៏ដោយក៏កុំសប្បា​យចិត្តភ្លេចវិធានការបង្ការនិងការពារខ្លួនឲ្យសោះ ពីព្រោះថា ទោះបីជា យើងចាក់វ៉ាក់សាំងគ្រប់ដូស ហើយថែមទាំងដូចជំរុញទៀតរួចរាល់ក៏ដោយ ក៏ភាគរយនៃការឆ្លងនៅតែមាន ហើយអត្រាគ្រោះថ្នាក់ក៏នៅតែមាន ដូច្នេះមានតែយើងទាំងអស់គ្នា បន្តអនុវត្តវិធានបីកុំ បីការពារ ហើយខាងឧស្សាហកម្មទេសចរណ៍ទាំងអស់គឺត្រូវតែចូលរួម អនុវត្តតាមគោលការណ៍និងលិខិតបទដ្ឋានគតិយុទ្ធឲ្យបានត្រឹមត្រូវ ។ ខាងគ្រប់​គ្រងគោលដៅទេសចរណ៍ ក៏ដូចជាសេវាកម្មទេសចរណ៍ សណ្ឋាគារ មន្រ្តីរដ្ឋាភិបាល សមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែធ្វើការលើរឿងនេះឲ្យច្បាស់លាស់ បើមិនដូច្នេះទេ គឺអាចនឹងមានករណីស្រដៀងគ្នានឹងសណ្ខាគារ សុខា ជ្រោយចង្វារទៀតមិនខាន នោះសង្គមនឹងកាន់តែយ៉ាប់យ៉ឺន។ សូមប្រុងប្រយ័ត្ន យើងបើកមែន តែបើកនៅក្នុងស្ថានភាពនៃការប្រយ័ត្នប្រយែង ហើយត្រូវតែច្បាស់លាស់ ដោយគ្មានករណីបន្លែបន្លំ ដើម្បីផលប្រយោជន៍ឡើយ ផ្ទាល់ខ្លួនឡើយ៕

Add new comment

1 + 2 =