ផ្លូវជាតិលេខ៣ ភ្នំពេញកំពត មានបំពាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ទីតាំង និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើប

ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ទីតាំង និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើប លើផ្លូវជាតិលេខ៣ កំពុងដំឡើងដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ប្រភពដដែលបានបន្តថា កាមេរ៉ាចាប់ល្បឿនឆ្លាតវៃទាំង ១០ទីតាំងត្រូវបានចាប់ផ្តើមដំឡើងចាប់ពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ដែលមានប្រវែងសរុប១៣៥គីឡូម៉ែត្រ ក្នុងនោះពីចោមចៅដល់បែកគូសជាផ្លូវ ៤គន្លងមានចំនួន៤ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅទីរួមខេត្តកំពត ជាផ្លូវ២គន្លង មានចំនួន ៦ទីតាំង។

ចំណែកភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបពីរទីតាំងត្រូវបានដំឡើងនៅត្រង់ចំណុចវត្តស្លែង និងផ្សារអង្គតាសោម ដែលភ្លើងសញ្ញាចរាចរណ៍ទាំងពីរទីតាំងបំពាក់នូវប្រព័ន្ធWireless សម្រាប់ភ្ជាប់ពីបង្គោលមួយទៅបង្គោលមួយ និងធ្វើការបញ្ជាដំណើរការតាមទូរសព្ទដៃ ព្រមទាំងបំពាក់នូវប្រព័ន្ធសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យសម្រាប់ផ្គត់ផ្គង់អគ្គីសនី។

គោលបំណងសំខាន់នៃការដាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបទាំងនេះ ក្រសួងបានបញជាក់ថា ដើម្បីតាមដាន ការពារសុវត្ថិភាព និងសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋលើផ្លូវជាតិលេខ៣ ។ អគ្គស្នងការនគរបាលជាតិនឹងគ្រប់គ្រងរាល់សកម្មភាព និងប្រតិបត្តិការរបស់កាមេរ៉ាចាប់ល្បឿនទាំង ១០ទីតាំង ទាំងការគ្រប់គ្រងទិន្នន័យ និងការពិន័យបទល្មើសផងដែរ។

កាមេរ៉ាចាប់ល្បឿនទាំងនេះអាចឱ្យមន្រ្តីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងស្លាកលេខរថយន្ត អ្នកបើកបរមិនពាក់ខ្សែក្រវ៉ាត់ការពារ និងប្រើទូរសព្ទពេលបើកបរ។ មុននឹងដាក់ប្រើប្រាស់ផ្លូវការ អាជ្ញាធរពាក់ព័ន្ធ នឹងខិតខំអប់រំផ្សព្វផ្សាយ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឱ្យបានដឹងអំពីច្បាប់ចរាចរណ៍ និងការដាក់កាមេរ៉ាចាប់ល្បឿន ហើយអាជ្ញាធរនឹងបំពាក់ផ្លាកសញ្ញាជូនដំណឹងដល់អ្នកបើកបរយ៉ាងតិច១គីឡូម៉ែត្រមុនដល់ទីតាំងកាមេរ៉ាចាប់ល្បឿន។

កាមេរ៉ាចាប់ល្បឿនឆ្លាតវៃទាំង១០ទីតាំង នឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានការឯកភាពពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរារណ៍ផ្លូវគោក។ ចំណែកភ្លើងស្តុបចរាចរណ៍ទាំងពីរទីតាំងត្រូវបានដាក់ដំណើរការបណ្តោះអាសន្នចាប់ពីថ្ងៃនេះតទៅ។

 

Add new comment

1 + 5 =