ផលិតផល​ក្លែងក្លាយ ផុតសុពលភាព ជាង​៥០០តោន​ត្រូវ​បាន​បង្រ្កាបនិងរឹបអូស​ក្នុង​រយៈ​ពេល​៣ខែនេះ

ក្នុង​រយៈ​ពេល​៣ខែចុងក្រោយក្នុង​ឆ្នាំ​២០២០​នេះ គណៈកម្មាធិករប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ (គ.ប.ផ.ក.)​បាន​បង្រ្កា​ប​និង​រឹប​អូស​បាន​នូវ​ឱសថ​អន់​គុណភាព ផុតសុពល​ភព និង​ខុសច្បាប់​ រួម​នឹង​ផលិតផល​ក្លែង​ក្លាយ​-ខុសច្បាប់​ទូទៅ​បាន​សរុប​ចំនួន​ជាង​៥០០​តោន។

យោង​តាម​របាយការណ៍​របស់​ គ.ប.ផ.ក. បាន​ឱ្យ​ដឹងថា ផលិត​ផល​ដែល​បង្រ្កាប​បានទាំងនោះ​រួមមាន ផលិតផល​ស៊ីហ្សា (SISSHA) និង​បារី អេឡិច​ត្រូនិច (E-Cigarette) ដែល​ដក​ហូត​បាននៅ​រាជ​ធានីភ្នំពេញ​ ខេត្ត​បាត់​ដំបង និងខេត្តបន្ទាយមានជ័យ​​ដែល​សរុប​មាន បារី​អេឡិច​ត្រូនិច (E-Cigarette) ៤៥៦គ្រឿង និង​ផលិតផល​ស៊ីហ្សា ចំនួន​២១៩២​ដប។

របាយការណ៍​បាន​បន្តថា ផលិត​ផល​ដែល​បង្រ្កាបបាន​ទៀតរួមមាន ទឹកក្រូច​និង​ទឹក​ផ្លែឈើ​ជាផលិត​ផល​ខុសច្បាប់​ និង​ហួស​សុពល​ភាព ចំនួន​៥៣៣​តោន, ឱសថ​ខុសច្បាប់ អន់​គុណភាព និង​ហួស​កាល​បរិច្ឆេទ ចំនួន​២៣​មុខ​ស្មើ​នឹង​១,៥តោន, ផលិត​ផល​ ភេសជ្ជៈ​ប៉ូវកំលំាង ( Energy Drink) គឺជាផលិល​ផល​ដែល​បាន​កែច្នៃ និង​បន្លំ​ថ្ងៃខែ​ឆ្នាំ​ផលិត​និង​ការ​ប្រើ​ប្រាស់​នៅ​សំបក​កំប៉ុង​ប្រមាណ​ជាង​១២តោន និង​បាន​​លក់​ចែក​ចាយ​អស់​ប្រមាណ​ជិត​៣០០០​កេស​រួច​ហើយ។

សម្ភារៈ​មួយ​ចំនួន​ដូចជា​ ម៉ាស៊ីន​កែ​កាល​បរិច្ឆេទ (សុពលភាព) ម៉ាស៊ីន​ផ្លុំ​ស្ទីកគ័រ និង​ប្លាស្ទីក​សម្រាប់​អ៊ុត​កេសត្រូវ​បាន​ដកហូត​ផងដែរ។ 

គ.ប.ផ.ក. ក៏​បាន​បង្រ្កាប​នូ​វស្រា​ម៉ៅតាយ ចំនួន​៧១ដប ដែល​មាន​ចំណុះ​​៥០មីលីលីត្រផងដែរ៕

 

 

Add new comment

3 + 6 =